ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

images/secretary-4th-new-struture.jpg

អគ្គលេខាធិការដ្ឋាន ជាសេនាធិការផ្ទាល់របស់ព្រឹទ្ធសភា ដែលផ្តល់សេវាទ្រទ្រង់ព្រឹទ្ធសភាលើការងារទូទៅ ដើម្បី ញុំាងឲ្យ ព្រឹទ្ធសភាដំណើរ ការបានស្រប ទៅនឹង រដ្ឋ ធម្មនុញ្ញបទបញ្ជា ផ្ទៃក្នុងនៃព្រឹទ្ធសភា និង​​​ច្បាប់ស្តីពីលក្ខន្តិកៈ មន្រ្តី រាជការ នៃក្រុមនីតិបញ្ញត្តិ។ មិនតែប៉ុណ្ណោះ អគ្គ- លេខាធិការដ្ឋាន ជាយន្តការ ធា​​នា​និរន្តរភាព និង ប្រក្រតីភាព របស់ព្រឹទ្ធសភា ពីនីតិ កាលមួយ ទៅនីតិកាលមួយទៀត។

 អគ្គលេខាធិការដ្ឋានទទួលបន្ទុកៈ
                -ការងាររដ្ឋបាលទូទៅ ឯកសារ កំណត់ហេតុ គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស
                -ការងារឯកសារ កំណត់ហេតុ
                -ការងារនីតិវិធី និងនីតិកម្ម
                -ការងារលេខាធិការ ស្រាវជ្រាវ បណ្ណាល័យ និងបណ្ណសារ
                -ការងារទំនាក់ទំនងសាធារណៈ និងការងារឃោសនា ព័ត៌មាន
                -ការងារពិធីការ ទំនាក់ទំនងអន្តរជាតិ
                -ការងារហិរញ្ញវត្ថុ
                -ការងារគ្រប់គ្រង ចាត់ចែង ថែរក្សាចលនៈ និងអចលនៈវត្ថុជាទ្រព្យសម្បត្តិរបស់ព្រឹទ្ធសភា
                -ការងារសន្តិសុខ​ សណ្តាប់ធ្នាប់ទូទៅ សុវត្ថិភាព និងសុខភាពការងារ
                -ការងារ គម​នាគមន៍ និងដឹកជញ្ជូន
                -ការងារ ភូមិភាគនិងសមូហភាពដែនដី
                -ការងារជំនួយការគណៈកម្មការ។ 

ដោយអនុលោមតាមបទបញ្ជាផ្ទៃក្នុង និងការណែនាំពីគណៈកម្មាធិការអចិន្ត្រៃយ៍ អគ្គលេខា​ធិការ​ដ្ឋាន​ជាយន្តការអនុវត្ត សម្របសម្រួល គ្រប់គ្រង ចាត់ចែង សំដៅធ្វើឲ្យគ្រប់ផ្នែក ក្នុងព្រឹទ្ធសភា មាន​សកម្ម​ភាព​ល្អប្រពៃជាអាទិ៍ៈ
               -ចូលរួមរៀបចំផែនការកម្មវិធីការងារនៃសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភា គណៈកម្មា ធិការ អចិន្ត្រៃយ៍ និងគណៈកម្មការនានា។
               -ចូលរួមកសាងគម្រោងថវិកាប្រចាំឆ្នាំរបស់ព្រឹទ្ធសភា ចាត់ចែងរៀបចំក្របខ័ណ្ឌមន្រ្តី រាជការ ការ​បណ្តុះបណ្តាលធនធានមនុស្ស និងគោលការណ៍សំខាន់ៗសម្រាប់ការគ្រប់គ្រង។
               -គ្រប់គ្រងចាត់ចែងការប្រើប្រាស់ ថែរក្សាទ្រព្យសម្បត្តិទូទៅរបស់ព្រឹទ្ធសភា។
               -ធានាទំនាក់ទំនងសាធារណៈរវាងព្រឹទ្ធសភាជាមួយ ស្ថាប័ន ក្រសួង មន្ទីរ រាជធានី ខេត្ត ក្រុង​ ខណ្ឌ ស្រុកនានា សមូហភាព​ដែនដី សមាគម អង្គការជាតិ និងសង្គមស៊ីវិល។
             -ចូលរួមលើកតម្កើងទំនាក់ទំនងអន្តរជាតិរបស់ព្រឹទ្ធសភា ក្នុងក្របខណ្ឌទ្វេភាគី និងពហុ- ភាគីក្នុងតំបន់​ និងលើឆាកអន្តរជាតិ។
             -ផ្សព្វផ្សាយសកម្មភាពទាំងឡាយរបស់ព្រឹទ្ធសភា។
             -ផ្តល់សេវាចាំបាច់លើគ្រប់ផ្នែកសម្រាប់ទ្រទ្រង់សកម្មភាពរបស់ព្រឹទ្ធសភា។

ស្របតាមតួនាទី ភារកិច្ច និងសមត្ថកិច្ចខាងលើអគ្គលេខាធិការដ្ឋានមានបេសកកម្មដ៏ ឧត្តុង្គឧត្តម​ដើម្បី​ជួយទ្រ​ទ្រង់ស្ថាប័ន ព្រឹទ្ធសភាឲ្យសម្រេចបាននូវអណត្តិ និងអំណាច ដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្រប ទៅតាមស្តង់ដារសភា ប្រជា- ធិបតេយ្យ នៃអារ្យប្រទេសនានា លើសកល​លោក។

គោលការណ៍ជាគ្រឹះ និងគោលនបោយាយសម្រាប់ការរៀបចំ និងការគ្រប់គ្រង

១-គោលការណ៍ជាគ្រឹះ
            មន្ត្រីរាជការបំរើការងារក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​ ស្ថិតនៅក្រោមកិច្ចការពារនៃ ច្បាប់ស្តីពី​លក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិបញ្ញត្តិ ដែលបង្ហាញនូវស្វ័យភាពខាងលក្ខន្តិកៈរបស់ ស្ថាប័ននីតិបញ្ញត្តិ និង​ភាពឯករាជ្យដាច់ពីស្ថាប័ននីតិប្រតិបត្តិ និងតុលាការ។

           តាមច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិបញ្ញត្តិ មន្រ្តីរាជការត្រូវគោរពគោល ការណ៍ អព្យាក្រឹត​មិនប្រកាន់គណបក្សនយោបាយក្នុងការបំពេញការងារ ហាមដាច់ខាតការ ប្រើមុខការរបស់ខ្លួន ចលនទ្រព្យ​ អចលនទ្រព្យ និងថវិការបស់រដ្ឋ ដើម្បីបំរើផលប្រយោជន៍ ឬ ប្រឆាំងនឹងសមាជិក ឬសមាជិកា​ នយោបាយណា​មួយ។ មុខងារនេះមានវិសមត្ថភាពជាមួយ ការប្រកបវិជ្ជាជីវៈជាមេធាវី ជាចៅ​ក្រមក្នុង​តំណែង ជាសមាជិក​ក្រុមប្រឹក្សាភិបាលសហគ្រាស សាធារណៈ ជាថ្នាក់ដឹកនាំគណបក្សនយោបាយ និង​មុខងារជាអ្នក​រាជការក្នុង​មុខ​ងារសាធារណៈ។

          មន្ត្រីរាជការគ្រប់រូបត្រូវប្រតិបត្តិតាមច្បាប់ និងបទបញ្ជា ហើយគោរពថ្នាក់លើរបស់ខ្លួន ទទួល​ខុស​ត្រូវ​ចំពោះថ្នាក់លើអំពីកិច្ចការ និងអំពើរបស់ខ្លួនដែលបានធ្វើឲ្យប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូរ និង​កិត្តិយស​​នៃ​មន្ត្រីរាជការ ទោះបីកិច្ចការនោះប្រព្រឹត្តនៅមជ្ឈដ្ឋានខាងក្រៅក៏ដោយ។

          ជាគោលការណ៍ រាល់ការជ្រើសរើសមន្ត្រីរាជការក្របខ័ណ្ឌណាមួយ ត្រូវធ្វើឡើងតាម ការប្រឡងប្រជែង។ ផែនការតម្រូវចំនួនមន្រ្តីរាជការប្រចាំឆ្នាំ ជាសមត្ថកិច្ចរបស់ប្រធានស្ថាប័ន តាមសំណើរបស់​អគ្គលេខាធិការ ការតែងតាំងអ្នករាជការឲ្យកាន់មុខតំណែងណាមួយ ត្រូវផ្អែក តាមអង្គការលេខនៃរចនា​សម្ព័ន្ធ​របស់​អគ្គលេខាធិការដ្ឋាន ដែលមានកន្លែងទំនេរ។

         សន្ទស្សន៍បៀវត្ស តម្លៃសន្ទស្សន៍ ប្រាក់បំណាច់ ប្រាក់វិភាជន៍គ្រួសារ ប្រាក់ព្យាបាលរោគ របបលាភ​​ការ​ផ្សេងៗ បេឡាសោធននិវត្តន៍ បេឡាសោធនបាត់បង់សមត្ថភាពការងារ និងបេឡា ធានា​រ៉ាប់រងសង្គម ត្រូវ​កំណត់ដោយសេចក្តីសម្រេចរួមរបស់ប្រធានស្ថាប័នទាំងបី (ព្រឹទ្ធសភា រដ្ឋ សភា និង​ក្រុមប្រឹក្សាធម្មនុញ្ញ)។

        រាល់វិធានការវិន័យត្រូវឆ្លងកាត់ការសម្រេចរបស់ក្រុមប្រឹក្សាវិន័យ។ អ្នករាជការមានសិទ្ធិ ប្តឹងទៅតុលា​ការ បើសិនជាមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់ប្រធានស្ថាប័ន ទោះក្នុងករណី ណាក៏ដោយ។

២-គោលនយោបាយសម្រាប់ការរៀបចំ និងការគ្រប់គ្រង

    ២-១ ការផ្សាភ្ជាប់រវាងបរិមាណ និងគុណភាព
         គោលនយោបាយជាគន្លឹះ សំដៅកសាងយន្តការដំណើរការមួយមានបរិមាណសមល្មម តែ​មាន​ប្រសិទ្ធភាព និងគុណភាពការងារខ្ពស់ សមស្របទៅតាមសេចក្តីត្រូវការតាមដំណាក់ កាលនីមួយៗ ហើយ​​អាចបត់បែន កែប្រែផ្លាស់ប្តូរថ្មី​ ក្នុងករណីចាំបាច់​។

    ២.២ ការបណ្តុះបណ្តាលធនធានមនុស្សជាប់ជានិច្ច
         មន្រ្តីរាជការគ្រប់រូប​ត្រូវបានបណ្តុះបណា្តលឲ្យសមស្រម និងតម្រូវការចាំបាច់តាមដំ- ណាក់កាលនីមួយៗ ទាំងចំណេះដឹងទូទៅ ចំណេះធ្វើ (បទពិសោធន៍ និង ជំនាញ) ទាំងភាសា បរទេស ជាប់ជានិច្ចដើម្បីបង្កើនសមត្ថភាពបំរើស្ថាប័នផង និងសមត្ថភាពផ្ទាល់ខ្លួនផង ។

   ២.៣ ភាពចល័តដើម្បីដំណើរការទៅមុខ

       ក-កាតព្វកិច្ចក្នុងភាពចល័តផ្ទៃក្នុង

           មន្រ្តីរាជការគ្រប់រូបត្រូវបានលើកទឹកចិត្តឲ្យកាន់មុខការប្លែកៗគ្នាជាបន្តបន្ទាប់​ ដើម្បីយល់ ដឹង​បានពីប្រព័ន្ធគ្រប់គ្រងរួមរបស់ស្ថាប័ន បញ្ចូល “ឈាមថ្មី“ ទៅក្នុងនាយកដ្ឋាន និងការិយា- ល័យ ហើយ​មន្រ្តីរាជការមានឱកាសក្រេបជញ្ជក់មុខជំនាញថ្មីជាច្រើនប្រភេទ ដែលអនុគ្រោះ

សម្រាប់ការឡើងកាន់​តំណែងខ្ពស់ នាពេលខាងមុខឬការសម្រេចចិត្តក្នុងការកសាងអាជីព ។

      ខ-លទ្ធភាពក្នុងភាពចល័តទៅខាងក្រៅ
មន្រ្តីរាជការដែលមានអតីតភាពការងារយ៉ាងតិច ៥ឆ្នាំ មានសិទិ្ធសុំឈប់ទំនេរដោយគ្មាន បៀវត្សដែលមានរយៈពេលសរុបទាំងអស់ ៤ឆ្នាំ។ តែសិទិ្ធនេះក៏ដូចជារយៈពេល ត្រូវគោរពតាម បែបបបទ និងលក្ខខ័ណ្ឌដែលកំណត់ដោយសេចក្តីសម្រេចរបស់ប្រធានស្ថាប័ន។ ម្យ៉ាងទៀត មន្រ្តីរាជការអាច​ស្ថិត​​នៅក្រៅក្របខ័ណ្ឌដើមបានតាមសេចក្តីសម្រេចរបស់ប្រធានស្ថាប័ន​ ។

   ២.៤ កសាងភាពជាដៃគូសម្រាប់អភិវឌ្ឍស្ថាប័ន

អគ្គលេខាធិការដ្ឋានខិតខំកសាងភាពជាដៃគូជិតស្និទ្ធជាមួយមន្រ្តីរាជការ ថែរក្សាការ ពិគ្រោះយោបល់ និងលើកទឹកចិត្តការចូលរួម ដើម្បីកែលំអការគ្រប់គ្រង​ ។

យន្តការក្រុមការងារ និងការប្រជុំផ្សេងៗជាមួយមន្រ្តីរាជការ ត្រូវអនុវត្តឲ្យមានទៀងទាត់ ជាពិសេស មុនមានការសម្រេចចិត្តសំខាន់ៗ ពាក់ព័ន្ធនឹងការកែទម្រង់ផ្សេងៗ ។

   ២.៥ ការលើកទឹកចិត្តមន្រ្តីរាជការ

       សេ្ថរភាពនៃការងារ និងគោលនយោបាយសមស្របអំពីប្រាក់បៀវត្សជាគន្លឹះថែរក្សា លំនឹង និងលើកទឹកចិត្តដើម្បីថែរក្សាទុកមន្រ្តីរាជការ​ ជាពិសេស អ្នកពូកែ ដែលជាសម្បត្តិដ៏មាន តម្លៃរបស់ស្ថាប័ន។ ​ការរៀបចំដាក់ធនធានមនុស្សឲ្យចំកន្លែង ចំជំនាញ​ ​​ចំសមត្ថភាព ចំពេល- វេលា​ ​​​ ទន្ទឹម នឹងការរៀបចំ ប្រព័ន្ធតម្លើង ឋានៈ​ និងវាយតម្លៃការងារប្រកបដោយសមធម៌ និង យុត្តិធម៌ ជាចំណែកមួយដ៏ធំនៅក្នុងទិសដៅខាងលើនេះ ។
ជាមួយគ្នានេះ អាទិភាពសម្រាប់មុខតំណែងផ្សេងៗក្នុងស្ថាប័នគួរផ្តល់ឱកាសមុនបង្អស់ ជាភាគច្រើនលើសលុបសម្រាប់មន្រ្តីរាជការដែលមានស្រាប់របស់ស្ថាប័ន ដោយមានអាទិភាព យកចិត្តទុកដាក់ ដើម្បីធានាគោលនយោបាយយេនឌ័រ ប្រកបដោយសមធម៌ និងតុល្យភាព ។
អត្តសញ្ញាណជាមន្រ្តីរាជការរបស់ស្ថាប័នព្រឹទ្ធសភា ត្រូវចាត់ទុកជាមោទនភាព និងជា តម្លៃរួម​របស់មន្រ្តីរាជការគ្រប់រូប។ ក្រោមវប្បធម៌ “ទាំងអស់គ្នាដើម្បីស្ថាប័ន​ និងស្ថាប័ន ដើម្បី ទាំងអស់គ្នា” ការជំនះលើឧបសគ្គ​ និងការលំបាកទាំងពួងជាកាតព្វកិច្ចរួមរបស់មន្រ្តីរាជការក្នុង អគ្គលេខាធិការដ្ឋាន​ទាំងមូល។

សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់អនុវត្តឆមាសទី២ ឆ្នាំ២០១៨

នាព្រឹកថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្វិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១

Read More
ឯកឧត្តម អ៊ុំ សារឹទ្ធ ​បានអញ្ជើញចូលរួម​ កិច្ចប្រជុំASGPF​នៅរដ្ឋសភាQuebec

កិច្ចប្រជុំASGPFនៅរដ្ឋសភាQuebec ( បន្ទប់នាយករដ្ឋមន្ត្រី ) ថ្ងៃ ០៧ កក្កដា ២០១៨ ម៉ោង ៩

Read More
ឯកឧត្តម អ៊ុ សារឹទ្ធ បានអញ្ជើញចូលរួមប្រជុំតុមូលរវាងប្រធាន​ ព្រមទាំងប្រធានគណៈប្រតិភូនៃ​សភានិយាយភាសាបារាំង(APF) ​ជាមួយនឹងអគ្គលេខាធិការនៃសភាប្រើភាសាបារាំង

នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា

Read More

ឯកសារផ្សេងៗ

 
Go to top