គណៈប្រតិភូមន្រ្តីព័ត៌មានវិទ្យាព្រឹទ្ធសភាដឹកនាំដោយលោក សោម សាវុធ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យានៃព្រឹទ្ធសភា អមដំណើរដោយ លោក ឡុង សុខា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និង លោក អ៊ុំ វិសាល ប្រធានការិយាល័យគេហទំព័រ បានមកបំពេញទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតសង្គមនិយមប្រជាធិបតេយ្យឡាវ ចាប់ពីថ្ងៃទី១៦-២០ ខែមិថុនា ឆ្នាំ២០១៣ ។ ដំណើរទស្សនកិច្ចសិក្សានេះមានគោល បំណងសំខាន់ ១.ចូលរួមរឹតចំណងមិត្តភាព និងទំនាក់ទំនងកិច្ច​សហប្រតិបត្តិការរវាង​ព្រឹទ្ធសភា​កម្ពុជា និងរដ្ឋសភាឡាវអោយកាន់លក្ខណៈស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ២. ការផ្លាស់ប្តូរបទ ពិសោធន៍ និងចំណេះ ដឹងជាមួយអង្គភាពព័ត៌មានវិទ្យានៃរដ្ឋសភាឡាវទាក់ទងនឹងការប្រើប្រាស់សេវាព័ត៌មានវិទ្យានៅក្នុង​ព្រឹទ្ធសភា​កម្ពុជា និងក្នុងរដ្ឋសភាឡាវ ៣. សិក្សាស្វែងយល់ពីដំណើរការទូទៅ និងការអភិវឌ្ឍ ជាពិសេសការត្រៀម​ខ្លួនរបស់រដ្ឋសភាឡាវសំរាប់ ការធ្វើសមាហរណកម្មអាស៊ានសំរាប់ឆ្នាំ២០១៥ សហគមន៍អាស៊ានតែមួយ វាសនាតែមួយ។ ដោយឡែកចំពោះកម្មវិធីនៃដំណើរទស្សនកិច្ចនេះនឹងមានការជួបពិភាក្សាការងារជាមួយនឹងក្រុមជំនាញនៃ​មជ្ឈមណ្ឌល​ព័ត៌មានវិទ្យានៃរដ្ឋសភាឡាវទៅតាមជំនាញ និងផ្នែក នីមួយៗ ព្រមទាំងនឹងមានជំនួបសម្តែងការគួរសមជាមួយនឹងឯកឧត្តម​អគ្គលេខាធិការរដ្ឋសភាឡាវផងដែរ។

អត្ថបទៈ នាយកដ្ឋានព័ត៌មានវិទ្យា(ការិ.គេហទំព័រ)
ព័ត៌មានលំអិតនៃជំនួបនីមួយៗនឹងជម្រាបជូននាពេលបន្ទាប់