Main Page
20 | 02 | 2018
ស្វែងរក
មាតិកាសំខាន់ៗ

Developed in conjunction with Ext-Joom.com

សមាជិកព្រឹទ្ធសភា

Developed in conjunction with Ext-Joom.com

ថ្នាក់ដឹកនាំអគ្គលេខាធិការ

Developed in conjunction with Ext-Joom.com

Login Form

ប្រកាសព័ត៌មាន
គណៈកម្មការ
ព័ត៌មានថ្មីៗរបស់អគ្គលេខាធិការដ្ឋាន
រដ្ឋសភាជាតិ
NEC
NEC
Asean
UNDP
ICT Global Centre
IPU
AIPA
APF
PIC
Ireon Portal

វិមានព្រឹទ្ធសភា

អ្នកប្រើប្រាស់​វាយតម្លៃ៖  / 0
អន់ល្អ 

វិមានព្រឹទ្ធសភា

ព្រឹទ្ធសភា​មាន​ទីតាំង​ស្ថិត​ក្នុង​វិមាន​រដ្ឋ​ចំការមន ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ទំហំ ៦៧.២៧១.៥៣​ម៉ែត្រ​ការ៉េ ខាង​ជើង​ទល់​និង​ក្រសួង​កសិកម្ម ខាង​ត្បូង​ទល់​និង​ផ្លូវ​លេខ ៤៦២ ខាង​លិច​ទល់​និង​ផ្លូវ​ត្រសក់​ផ្អែម ខាង​កើត​ទល់​និង​មហា​វិថី​ព្រះនរោត្តម។

យោង​តាម​អនុ​ក្រឹត​លេខ ៧៥ អ.ន.ក្រ.អ.ក ចុះ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨ របស់​រាជ​រដ្ឋា​ភិបាល និង​សេចក្តី​ជូន​ដំណឹង​លេខ ៣១០ ស.ច.ណ.អ.ក ចុះ​ថ្ងៃ​ទី​១០ ខែ​មិនា ឆ្នាំ​១៩៩៩ របស់​ទីស្តីការ គណៈ​រដ្ឋមន្ត្រី​ស្តីពី​ការ​ផ្ទេរ​វិមាន​រដ្ឋ​ចំការមន និង​អាគារ​មួយ​ចំនួន​មក​ឲ្យ​ព្រឹទ្ធសភា​គ្រប់គ្រង​នៅ​ឆ្នាំ​១៩៩៩។

នៅ​ឆ្នាំ១៩៩៩ ព្រឹទ្ធសភា​បាន​រៀបចំ​ជួស​ជុល​និង​កែលំអ​អាគារ​ចាស់ៗ សរុប​ចំនួន ២១ខ្នង​ឡើងវិញ នៅឆ្នាំ​២០០១ និង​ឆ្នាំ២០០២ អគារថ្មី​ចំនួន ៦ខ្នង ត្រូវ​បាន​សាង​សង់​រួច រួម​បញ្ចូល​ទាំង​សាល​ប្រជុំ​ព្រឹទ្ធសភា​ផងដែរ ហើយ​រាល់​គ្រប់​អាគារ​ទាំង​អស់​មាន​អគ្គិសនី និង​បំពាក់​ម៉ាស៊ីន​ត្រជាក់​គ្រប់​ការិយាល័យ ។


ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូទៅ​នៅ​ក្នុង​ព្រឹទ្ធសភា​ពោល​គឺ៖ ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត ប្រព័ន្ធ​លូទឹក បណ្តាញ​អគ្គិសនី និង​បណ្តាញ​ផ្លូវ​ថ្នល់ ត្រូវ​បាន​ជួស​ជុល និង​កែ​លំអ​សារ​ជា​ថ្មី​ឡើង​វិញ ដោយ​ចំណាយ​អស់​ទឹក​ប្រាក់ ចំនួន​សរុប ៤.០៨៤.១២៣,១៦​ដុល្លា​អាមេរិក (បួន​លាន ប៉ែត​សិប​បួន​ពាន់ មួយ​រយ​ម្ភៃ​បី និង​ដប់​ប្រាំ​មួយ​សេន)។

ភាគ​ច្រើន​ជា​ថវិកា​ហិរញ្ញ​ប្បទាន​បាន​មក​ពី សភា​និង​រដ្ឋា​ភិបាល​នៃ​សាធារណៈ​រដ្ឋ ប្រជា​មានិត​ចិន ទឹក​ប្រាក់​ចំនួន ៣.២៤២.៩២១​ដុល្លា​អាមេរិក (បីលាន ពីរ​រយ​សែ​សិប​ពីរ​ពាន់ ប្រាំ​បួន​រយ​ម្ភៃ​មួយ), រាជាណាចក្រ​ជប៉ុន ទឹក​ប្រាក់​ចំនួន ១.៣២៥.៧០២,១៦​ដុល្លា​អាមេរិក (មួយ​លាន បី​សែន​ម្ភៃ​ប្រាំ​ពាន់ ប្រាំ​ពីរ​រយ​ពីរ និង​ដប់​ប្រាំ​មួយ​សេន), រដ្ឋសភា និង​រដ្ឋា​ភិបាល​នៃសាធារណៈ​រដ្ឋ​សង្គម​និយម​វៀតណាម ទឹក​ប្រាក់​ចំនួន ១៥៥.០០០​ដុល្លា​អាមេរិក (មួយ​រយ​ហា​សិប ប្រាំ​ពាន់), ព្រឹទ្ធសភា និង​រដ្ឋា​ភិបាល​នៃ​សាធារណៈ​រដ្ឋ​បារាំង និង​សមាគមន៏​សភា​នៃ​ប្រទេស​ប្រើ​ភាសា​បារាំង ទឹក​ប្រាក់​ចំនួន ៣១.៩០០ដុល្លា​អាមេរិក (សាម​សិប​មួយ​ពាន់ ប្រាំ​បួន​រយ), រដ្ឋសភា​និង​រដ្ឋា​ភិបាល​នៃ​សាធារណៈ​រដ្ឋ​កូរ៉េ ទឹក​ប្រាក់​ចំនួន ២៨,៦០០​ដុល្លា​អាមេរិក (ម្ភៃ​ប្រាំ​បី​ពាន់ ប្រាំ​មួយ​រយ) និង​រថយន្ត​មួយ​គ្រឿង, រាជាណាចក្រ​ព្រុយណេ​ដារ៉ូ​សាឡឹម ទឹក​ប្រាក់​ចំនួន ២០,០០០​ដុល្លា​អាមេរិក (ម្ភៃពាន់), សាធារណៈ​រដ្ឋ​ឥណ្ឌូណេស៊ី បាន​បំពាក់​គ្រឿង​សង្ហារឹម​ដល់​បន្ទប់​ទទួល​ភ្ញៀវ​ធំ​របស់​ព្រឹទ្ធសភា។

ព្រឹទ្ធសភា​មាន​អាគារ​ជា​ច្រីន​សម្រាប់​ធ្វើ​ជា​ការិយាល័យ​ធ្វើ​ការ​របស់​៖ ប្រធាន​ស្ថាប័ន សមាជិក-សមាជិកា​ព្រឹទ្ធសភា និង​មន្ត្រី​រាជការ​នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​ព្រឹទ្ធសភា ដើម្បី​បម្រើ​ដល់​ដំណើការ​ការងារ​របស់​ស្ថាប័ន។ ជា​ពិសេស​សម្រាប់​សមាជិក-សមាជិកា​ព្រឹទ្ធសភា មាន​បន្ទប់​ធ្វើ​ការ​សរុប​ចំនួន ៧៥បន្ទប់ ទៅ​តាម​លក្ខណៈ​បច្ចេកទេស​ដោយ​បន្ទប់​និមួយៗ​មាន​បំពាក់​នូវ​សំភារៈ​សមរម្យ មាន​ទី​កន្លែង​ប្រជុំ​ចំនួន ០៣ និង​មាន​ទីកន្លែង​សិក្ខា​សាលា​មាន​ចំនួន ០២។

នៅ​ក្នុង​អគារ​ក្រហម​មាន​បន្ទប់​របស់​ថ្នាក់​ដឹកនាំ៖

១-ផ្នែក​ខាងស្តាំ-ប៉ែក​ខាង​ក្រោយនៃ​បន្ទប់​ទទួល​ភ្ញៀវ​ជា​បន្ទប់​ធ្វើការ​របស់ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា

២-ផ្នែក​ខាងស្តាំ​នៃ​បន្ទប់​សម្តេច​ប្រធាន​បែរ​មុខ​រក​សាល​ប្រជុំ​ពេញអង្គ ជា​បន្ទប់​ធ្វើ​ការ​របស់ សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស អនុ​ប្រធាន​ទី១​នៃ​ព្រឹទ្ធសភា

៣-ផ្នែក​ខាងឆ្វេង​នៃ​បន្ទប់​សម្តេចប្រធាន បែរ​មុខ​រក​សាល​ប្រជុំ​ពេញអង្គ ជា​បន្ទប់​ធ្វើ​ការ​របស់ ឯកឧត្ដម ទេព ងន អនុ​ប្រធាន​ទី២ នៃ​ព្រឹទ្ធសភា, និង​បន្ទប់​សមាជិក​ព្រឹទ្ធសភា ជា​ការិយាល័យ​ធ្វើការ​របស់​សមាជិក​ព្រឹទ្ធសភា ឋិត​ក្នុង អគារ អា, បេ, ស៊ី មាន​ចំនួន ៧២បន្ទប់ ដោយ​ក្នុង​អាគារនីមួយៗ​មាន​បន្ទប់​ចំនួន ២៤។ ក្រៅពីនេះ​មាន​អាគារ ផ្សេងៗ​ទៀត សម្រាប់​មន្ត្រី​រាជការ​បម្រើ​ការងារ។

ព្រឹទ្ធសភា​មាន​កន្លែង​ប្រជុំ​ចំនួន ០៣ សម្រាប់​ដំណើរ​ការ។ នៅ​ក្នុង​អាគារ​ក្រហម ទី​កន្លែង ប្រជុំ​ពេញអង្គ ទី​កន្លែង​នេះ​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​អាគារ​ក្រហម ដែល​រៀបចំ​ជា​អក្សរ​អ៊ុយ មាន​តុ​និង​កៅអី ចំនួន ១៦០ ចែក​ជា ០៥ផ្នែក ៖


ផ្នែកទី១ ៖ ខាង​មុខ​ជា​អសនៈ​របស់​ប្រធាន​នៃ​អង្គ​ប្រជុំ បែរ​មុខ​មក​រក​ចក្រ​ចូល

ផ្នែកទី២ ៖ ស្លាប​ខាង​ស្ដាំ និង​ស្លាប​ខាង​ឆ្វេង​ជួរ​ទី២ ជា​អសនៈ​របស់​សមាជិក-សមាជិកា​ព្រឹទ្ធសភា

ផ្នែកទី៣ ៖ ស្លាប​ខាង​ឆ្វេង-ជួរទី១ ជា​អសនៈ​របស់ តំណាង​រាជ​រដ្ឋា​ភិបាល ចូល​មក​ការពារ​អត្ថបទ​ច្បាប់។

ផ្នែកទី៤ ៖ ខាង​ស្តាំ​ជាប់​តុ​ប្រធាន​អង្គ​ប្រជុំ ជា​អសនៈ​របស់​លេខា​ធិកា​នៃ​អង្គ​ប្រជុំ និង​ខាង​ក្រោយ​លេខា​ធិការ​ទាំង​ស្តាំ-ទាំង​ឆ្វេង​ជា​កន្លែង​ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ​នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន ព្រឹទ្ធសភា​បម្រើ​ការងារ​ក្នុង​អង្គ​ប្រជុំ ។

ផ្នែកទី៥ ៖ ខាងស្តាំ និង​ខាងឆ្វេង​នៃ​ច្រកចូល ជា​ទី​កន្លែង​សម្រាប់​ភ្ញៀវ​ជាតិ -អន្តរជាតិ អ្នកសារ​ព័ត៌មាន អង្គការ​មិន​មែន​រដ្ឋា​ភិបាល និង​ក្រុម​និស្សិត​ចូល​ស្តាប់​ការ​ប្រជុំ​និមួយៗ ។

ទី​កន្លែង​ប្រជុំ​អចិន្ត្រៃយ៍ ទី​កន្លែង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ប្រជុំ​ពិនិត្យ​គោល​ការណ៍​សំខាន់ៗ របស់​ព្រឹទ្ធសភា និង​ការ​កំណត់​ពីរ​បៀប​វារៈ​លើ​អត្ថបទ​ច្បាប់ ដែល​រៀប​ចំ​តុ​និង​កៅអី ជា​រាង​ចតុ​កោណ​កែង មាន​កៅអី​ចំនួន ១៥។ ផ្នែក​ខាង​មុខ​ទល់​និង​ច្រក​ចូល​ជា​អសនៈ​របស់​ប្រធាន​គណៈ​កម្មការ​អចិន្ត្រៃយ៍ មាន​កៅអី​ចំនួន ០៣ បែរ​មុខ​ទៅ​រក​អគ្គ​លេខា​ធិកា​ដ្ឋាន​ព្រឹទ្ធសភា ដែល​មាន​កៅអី​ចំនួន ០២។ នៅ​ខាង​ស្តាំ​ដៃ​មាន​តុ​និង​កៅអី​ចំនួន ០៥ និង​នៅ​ខាង​ឆ្វេង​ដៃ​មាន​តុ​និង​កៅអី​ចំនួន ០៥ នៃ​ប្រធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ ជា​អសនៈ​របស់​សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍។

ទី​កន្លែង​ប្រជុំ​ពិសេស ទី​កន្លែង​នេះ​ឋិត​ក្នុង​អាគារ​ទទឹង​ថ្ងៃ ប៉ែក​ខាង​ជើង-ឈាង​ខាង​កើត​នៃ​ច្រក​ចូល​ព្រឹទ្ធសភា ទី​កន្លែង​នេះ​ត្រូវ​បាន​រៀបចំ​ជា​រាង​ចតុ​កោណ​កែង មាន​កៅអី​ចំនួន ៣០ សម្រាប់​ប្រជុំ​គណៈ​កម្មការ ឬ​ប្រជុំ​អន្តរ​គណៈ​កម្មការ​ជំនាញ​ទាំង៩ ជាមួយ​តំណាង​រាស្ត្រ​រាជ​រដ្ឋា​ភិបាល ក្នុង​ការ​ពិនិត្យ​អត្ថបទ​ច្បាប់ ឬ​ការ​ប្រជុំ​ផ្ទៃ​ក្នុង​ខ្លះៗ របស់​អគ្គ​លេខា​ធិការ​ដ្ឋាន​ព្រឹទ្ធសភា។

ព្រឹទ្ធសភា​មាន​បន្ទប់​ទទួល​ភ្ញៀវ​មួយ ឋិត​នៅ​ក្នុង​អាគារ​ក្រហម​ទល់​មុខ​និង​កន្លែង​ប្រជុំ​អចិន្ត្រៃយ៍ សម្រាប់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ព្រឹទ្ធសភា​ទទួល​ជួប និង​ធ្វើ​សវនាការ​ជាមួយ ប្រធានរដ្ឋ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋា​ភិបាល ប្រធាន​ព្រឹទ្ធសភា រដ្ឋសភា រាជទូត អង្គទូត អង្គការ​ជាតិ និង​អន្តរជាតិ បន្ទប់នេះ​ត្រូវ​បាន​រៀបចំ​កៅអី ចំនួន​១៧ ជា​អក្សរ​អ៊ុយ។ នៅ​ចំ​កណ្តាល​បែរ​មុខ​មក​រក​ច្រក​ចូល ជា​អសនៈ​របស់​សម្រាប់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ព្រឹទ្ធសភា និង​ប្រធាន​ប្រតិភូ។ ខាង​ស្ដាំ​ដៃ​ជា​អសនៈ​ភ្ញៀវ។ ខាង​ឆ្វេង​ដៃ​ជា​អសនៈ​របស់​សមាជិក​ព្រឹទ្ធសភា និង​ថ្នាក់​ដឹកនាំ​អគ្គ​លេខា​ធិការ​ព្រឹទ្ធសភា។

ព្រឹទ្ធសភា​មាន​ទី​កន្លែង​សម្រាប់​ធ្វើ​សិក្ខា​សាលា ចំនួន ០២បន្ទប់។ បន្ទប់​សិក្ខា​សាលា​ខាង​ជើង ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ដំណើការ​ធ្វើ​សិក្ខា​សាលា​ថ្នាក់​អគ្គ​លេខា​ធិការ​ដ្ឋាន​ព្រឹទ្ធសភា ការ​ប្រជុំ​បូក​សរុប ប្រចាំខែ ការ​បើក​វគ្គ​ផ្សេងៗ ឬ​សិក្ខា​សាលា​ដែល​មាន​សិក្ខា​កាម​តិច អាច​ដាក់​មនុស្ស​បាន​ចំនួន ៨៣នាក់។

បន្ទប់​សិក្ខា​សាលា​បណ្ណាល័យ ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ដំណើរការ​ធ្វើ​សិក្ខា​សាលា​ថ្នាក់​ជាតិ អាច​ដាក់​មនុស្ស​ចំនួន ១៦០នាក់ ជា​អំណោយ​របស់​រដ្ឋាភិបាល នៃ​សាធារណៈ​រដ្ឋ​ប្រជា​មានិត​ចិន។

ព្រឹទ្ធសភា​មាន​បណ្ណាល័យ​មួយ សម្រាប់​តម្កល់​ឯកសារ និង​អាច​ទទួល​មនុស្ស​ឲ្យ​ចូល​មក​ទស្សន​កិច្ចសិក្សា និង​ស្រាវ​ជ្រាវ​រហូត​ដល់​ចំនួន ១០០នាក់ ដែល​ជា​អំណោយ​របស់​រដ្ឋា​ភិបាល​នៃ​សាធារណៈ​រដ្ឋ​ប្រជា​មានិត​ចិន។




 

...........