សមាជិកព្រឹទ្ធសភា មានអភ័យឯកសិទ្ធិសភា ដូចតំណាងរាស្រ្តដែរ (មាត្រា១០៤ វាក្យខ័ណ្ឌ ទី១)។ អភ័យឯកសិទ្ធិនេះមានគោលបំណងការពារ សមាជិកព្រឹទ្ធសភា ប្រឆាំងនឹងការគំរាម កំហែង ឬវិធានការបំភិតបំភ័យ ធ្វើដោយតតិយជន អ្នកនយោបាយ ឬឯកជន។ អភ័យឯកសិទ្ធិនេះ ធានាឯករាជ្យភាពរបស់សមាជិកព្រឹទ្ធសភា ដើម្បីអោយគាត់អនុវត្តអាណត្តិរបស់ ខ្លួន ដោយពុំមាន ការបំភិតបំភ័យ ការចាប់ខ្លួនដោយរំលោភបំពាន ឬអំពីការប៉ុនប៉ងប្រព្រឹត្ត អំពើពុក រលួយ។ អភ័យឯសិទ្ធិនេះ គ្របដណ្តប់លើទិដ្ឋភាពពីរ ដែលសិ្ថតក្រោមរបបមួយ ផ្សេងពីគ្នា៖ ជាកិច្ចការពារ ប្រឆាំងទៅនឹងអំពើដែលបំពេញនៅក្នុងអាណត្តិរបស់ខ្លួន ប៉ុន្តែ នៅក្រៅមុខងារ (សមាជិកព្រឹទ្ធសភាមិនអាចរំលោភបំពានបាន)។

ករណីទីមួយ (ភាពមិនទទួលខុសត្រូវ)

អភ័យឯកសិទ្ធិក្នុងករណីនេះមានលក្ខណៈដាច់ ខាតហើយសមាជិកព្រឹទ្ធសភា «មិនអាចត្រូវបាន ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុ ពីបានសម្តែងយោបល់ ឬបញ្ចេញមតិ ក្នុង ការបំពេញមុខរបស់ខ្លួនឡើយ»។ (មាត្រា១០៤ វាក្យខ័ណ្ឌទី១) ភាពមិនទទួលខុសត្រូវ មិនមែន ការពារសមាជិកព្រឹទ្ធសភា ក្នុងនាមបុគ្គលទេ ប៉ុន្តែការពារ មុខងារសមាជិកព្រឹទ្ធសភា។ ភាពមិន ទទួលខុសត្រូវ គ្របដណ្ដប់លើការបោះឆ្នោត ការបញ្ចេញមតិ សំណើ និងរបាយការណ៍របស់ សមាជិក ព្រឹទ្ធសភា ក្នុងក្របខ័ណ្ឌការប្រជុំពេញអង្គ ឬក្នុង គណៈកម្មការ។ អភ័យឯកសិទ្ធិពុំបាន តម្រូវអោយសមាជិកព្រឹទ្ធសភាមិនគោរពបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភានោះទេដែលធានាដោយ ប្រធានព្រឹទ្ធសភា។

ករណីទីពីរ (ភាពមិនអាចរំលោភបំពានបាន)

ករណីនេះ មិនមានលក្ខណៈ ដាច់ខាតទេក្នុង ន័យថា អភ័យឯកសិទ្ធិរបស់សមាជិកព្រឹទ្ធសភា អាចនឹងត្រូវដកហូតដោយសមា ជិកដទៃ ទៀត។ ភាពមិនអាចរំលោភបំពានបាន ការពារបុគ្គលច្រើនជាងមុខងារ ដើម្បីជៀសវាង កុំអោយចាត់ទុកសមាជិកព្រឹទ្ធសភា ដូចជាបុគ្គលឯកជនធម្មតា ដែលអាចជាកម្មវត្ថុនៃការ បំភិត បំភ័យ និងការឃាត់ខ្លួនដោយគ្មានហេតុផល។ យោងតាមមាត្រា១០៤ វាក្យខ័ណ្ឌទី៣ បានចែង ថា«ការចោទប្រកាន់ ការចាប់ខ្លួន ឬការឃុំខ្លួនសមាជិកព្រឹទ្ធសភាណាម្នាក់អាច ធ្វើបាន លុះណា តែមានការព្រមព្រៀងពីព្រឹទ្ធសភា ឬពីគណៈកម្មាធិការអចិន្រ្តៃយ៍ក្នុង ចន្លោះនៃសម័យប្រជុំរបស់ ព្រឹទ្ធសភា»។ វិធាននេះមានន័យថា សមាជិកព្រឹទ្ធសភាអាចត្រូវ បានចោទប្រកាន់ទៅតុលាការ ចំពោះទំនួលខុសត្រូវរដ្ឋប្បវេណី ឬព្រហ្មទណ្ឌ ប៉ុន្តែត្រូវមាន ការយល់ព្រមអំពី សមាជិកព្រឹទ្ធសភា ដទៃទៀត។ ការដកអភ័យឯកសិទ្ធិសភា តម្រូវអោយ មានមតិភាគច្រើន ២/៣ ដែលបច្ចុប្បន្ន ៥០បូក១ នៃចំនួន សមាជិកព្រឹទ្ធសភា ទោះបីមាត្រា ១០៤ ពុំមានចែងអោយច្បាស់លាស់អំពីរឿង នេះក្តី។ ផ្ទុយទៅវិញពុំចាំបាច់មានការយល់ ព្រមពីព្រឹទ្ធសភាទេសំរាប់ការចាប់ខ្លួន បើសិនជា សមាជិកព្រឹទ្ធសភាបានប្រព្រឹត្តនូវបទ ល្មើសជាក់ស្តែង (មាត្រា១០៤ វាក្យខ័ណ្ឌទី ៣)។ ក្នុងករណីនេះ អាជ្ញាធរមានសមត្ថកិច្ច​ ត្រូវធ្វើរបាយការណ៍ជូនព្រឹទ្ធសភានូវកាលៈទេសៈនៃ​ ការ ចាប់ខ្លួននេះ។ សមាជិកព្រឹទ្ធសភាអាច សម្រេចផ្អាកការចោទប្រកាន់ ក្នុងករណីបទល្មើសជាក់​ ស្តែង ឬក្នុង ករណីបន្ទាប់ពីមានការយល់ព្រមអោយចោទប្រកាន់ ប៉ុន្តែសេក្តីសម្រេចនេះត្រូវ អនុម័ត ដោយសម្លេង ៣/៤ នៃសមាជិកព្រឹទ្ធសភាទាំងមូល។ ទោះបីជាយ៉ាងណាក៏ដោយទោះបី រដ្ឋធម្មនុញ្ញពុំបានបញ្ជាក់ក៏ដោយភាពមិនអាច រំលោភបំពានបាន មានអនុភាពត្រឹមតែ ពន្យារ អនុភាពនៃការចោទប្រកាន់ ឬការចាប់ខ្លួនប៉ុណ្ណោះ ដោយទុកអោយសមាជិក ព្រឹទ្ធសភាសិ្ថតក្នុងកិច្ច ការពារពីសភារបស់ខ្លួន ក្នុងរយៈពេលនៃអាណត្តិរបស់ខ្លួន។ បន្ទាប់ពី អាណត្តិត្រូវបញ្ចប់ការចោទ ប្រកាន់អាចធ្វើបាន ឬចាប់ផ្តើមធ្វើជាថ្មី។

(ដកស្រង់ពីសៀវភៅវប្បធម៌សភា ដែលរៀបចំដោយនាយកដ្ឋានគណៈកម្មការ)

 
Go to top