នាព្រឹកថ្ងៃពុធ ១កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តចំការខ្សាច់ ដែលស្ថិតក្នុងភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឧបដ្ឋានសាលា និងសមិទ្ធផលនានា ដែលដាក់ឲ្យសម្ពោធឆ្លង និងវេរប្រគេនដល់ព្រះសង្ឃនាពេលនេះ រួមមាន៖ ឧបដ្ឋានសាលា និងសាលាពុទ្ធិកបឋមសិក្សា០១ខ្នង រោងភត្ត បូជណីយ៍ដ្ឋានតម្កល់ព្រះពុទ្ធបដិមា បន្ទប់ទឹកបង្គន់អនាម័យ ព្រះពុទ្ធបដិមាស្ពាន់ និងឆព្វណ្ណរង្សី រូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ ចាក់ដីបំពេញទីធ្លាវត្ត ចាក់សាបកុដិថ្ម០១ខ្នង រៀបចំសួនច្បារ ព្រមទាំងបង្គោលភ្លើងលម្អទីវត្ត ជីកអណ្តូងទឹក០៣កន្លែង និងប្រព័ន្ធបង្ហូរទឹកប្រើប្រាស់ក្នុងវត្ត ដោយចំណាយថវិកាកសាងសរុបចំនួន៦០៣.១៩០ដុល្លារអាមេរិក។ ទាំងនេះ គឺជាការចូលរួមសម្រាប់បម្រើឲ្យវិស័យព្រះពុទ្ធសាសនា ក៏ដូចជាការលើកទឹកចិត្តដល់ព្រះចៅអធិការ គណៈកម្មការវត្ត និងសប្បុរសជនដែលមានសទ្ធាជ្រះថ្លាក្នុងការចូលរួមចំណែកសាងសង់សមិទ្ធផលនានា ដែលជាគុណប្រយោជន៍សម្រាប់សង្គមផងដែរ។

 
Go to top