ការរៀបចំ និងការប្រព្រឹត្ដទៅរបស់ព្រឹទ្ធសភា


១.១.ការរៀបចំព្រឹទ្ធសភា 
គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ជាអង្គការដឹកនាំកំពូលរបស់ព្រឹទ្ធសភា ដឹកនាំដោយ ប្រធានព្រឹទ្ធសភា ហើយមានអនុប្រធានទាំងពីរ និងប្រធានគណកម្មការនានារបស់ព្រឹទ្ធសភាជា សមាជិក។ 
ព្រឹទ្ធសភាមានគណៈកម្មការនានាចំនួន១០ ៖ 
១-គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត 
២-គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម 
៣-គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង បរិស្ថាន 
៤-គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារ សាធារណៈ 
៥-គណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន 
៦- គណៈកម្មការនីតិកម្ម និងយុត្ដិធម៌ 
៧-គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ 
៨-គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះ បណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី 
៩-គណៈកម្មការ សាធារណៈការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ 
១០-គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ។ 
 រវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងារគណបក្សសមរង្ស៊ី 

សម្គាល់ៈ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ជាគណៈកម្មការថ្មី កើតឡើងតាមរយៈការធ្វើវិសោធនកម្មប្រការ១៥ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានីតិកាល ទី៣ ដែលប្រកាសឲ្យប្រើតាមសេចក្តីសម្រេចលេខ ០៩១/០៩១៤/ពស.សរ ចុះថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៤ ដោយយោងតាមស្មារតី នៃកិច្ចព្រមព្រៀងស្តីពីការរៀបចំ ឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា ចុះថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៤ និង កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៤ ។ 

១.២.ការប្រព្រឹត្ដទៅរបស់ព្រឹទ្ធសភា 
ព្រឹទ្ធសភាប្រជុំជាសាមញ្ញ២ដងក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗមានថិរវេលាយ៉ាងតិច៣ខែ។ បើមានសំណូមពរពីព្រះមហាក្សត្រ ឬសេចក្ដីស្នើសុំពីនាយករដ្ឋមន្ដ្រី ឬពីសមាជិកព្រឹទ្ធសភាចំនួនមួយ ភាគបីយ៉ាងតិច ព្រឹទ្ធសភាកោះប្រជុំជាវិសាមញ្ញ (មាត្រា១០៧ថ្មី នៃ រដ្ឋធម្មនុញ្ញ)។ 
ការប្រជុំព្រឹទ្ធសភា ត្រូវធ្វើជាសាធារណៈ និងត្រូវផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិ។ កំណត់ ហេតុនៃការប្រជុំព្រឹទ្ធសភា មានកំណត់ហេតុសង្ខេប និងកំណត់ហេតុពិស្ដារ ។ កំណត់ហេតុទាំងអស់ ត្រូវរក្សាទុកនៅក្នុងបណ្ណសារដ្ឋានព្រឹទ្ធសភា។ 
ព្រឹទ្ធសភា អាចកោះប្រជុំជាសម្ងាត់បានតាមសំណើសុំពីប្រធាន ឬពីសមាជិកព្រឹទ្ធសភាចំនួនមួយ ភាគដប់យ៉ាងតិច ឬពីព្រះមហាក្សត្រ ឬពីនាយករដ្ឋមន្ដ្រី ឬពីប្រធានរដ្ឋសភា (មាត្រា១១១ថ្មី (ពីរ) នៃ រដ្ឋធម្មនុញ្ញ)។ 
ការប្រជុំព្រឹទ្ធសភានឹងយកជាការបានលុះត្រាតែមាន ៖ 
ក- កូរ៉ុមលើសពីពីរភាគបី នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់ការអនុម័តទាំងឡាយ ណា ដែលតម្រូវឱ្យយកមតិភាគច្រើនពីរភាគបី នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ 
ខ- កូរ៉ុមលើសពីពាក់កណ្តាល នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល សម្រាប់ការអនុម័តទាំងទ្បាយណា ដែលតម្រូវឱ្យយកមតិភាគច្រើនដោយប្រៀប ឬមតិភាគច្រើនដាច់ខាតនៃចំនួន សមាជិកព្រឹទ្ធសភាទាំងមូល។ 
កូរ៉ុម ត្រូវតែមានគ្រប់ចំនួននៅពេលបើកការប្រជុំ និងនៅពេលអនុម័ត ។ 
បើកូរ៉ុមមិនគ្រប់ក្នុងរយៈពេល ៣០នាទី ក្រោយពេលកំណត់ចាប់ផ្ដើមការប្រជុំ ប្រធានព្រឹទ្ធសភា ត្រូវលើកពេលប្រជុំ (ប្រការ៤១ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា)។