តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា


ព្រឹទ្ធសភា ជាចំណែកមួយ នៃអង្គនីតិប្បញ្ញតិ្តរបស់ជាតិ ដែលបានរួមចំណែកក្នុងដំណើរការប្រជាធិបតេយ្យ ភាវូបនីយកម្មសង្គម និងការកសាងកម្ពុជាជានីតិរដ្ឋ ហើយបានរួមវិភាគទាននៅក្នុង ដំណើរការស្ថេរភាវូបនីយកម្មជីវភាពនយោបាយរបស់ជាតិ ដែលជាស្នូលនៃការពង្រឹងនយោបាយ បង្រួប បង្រួម ផ្សះផ្សាជាតិ និងការអភិវឌ្ឍ ។ 
ព្រឹទ្ធសភា មានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ( រដ្ឋធម្មនុញ្ញ មាត្រា១១២ថ្មី ) ។ 
ព្រឹទ្ធសភាពិនិត្យ ហើយឱ្យយោបល់ក្នុងរយៈពេលមួយខែយ៉ាងយូរលើសេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់ ដែលរដ្ឋសភាបានអនុម័តយល់ព្រមជាលើកដំបូងរួចហើយ ព្រមទាំងលើបញ្ហាទាំងពួង ដែលរដ្ឋសភាបានដាក់ឱ្យពិនិត្យ។ បើជាការប្រញាប់រយៈពេលនោះ ត្រូវបន្ថយមកនៅត្រឹមតែប្រាំថ្ងៃ។ 
បើព្រឹទ្ធសភាបានឱ្យយោបល់យល់ព្រម ឬពុំបានឱ្យយោបល់សោះក្នុងរយៈពេល ដែលមានកំណត់ទុកហើយនោះទេ ច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមហើយនោះ នឹងត្រូវបានយកទៅ ប្រកាសឱ្យប្រើ។ 
បើព្រឹទ្ធសភាសុំឱ្យកែសម្រួលសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះ រដ្ឋសភា ត្រូវយកមក ពិចារណាភ្លាមជាលើកទីពីរ។ រដ្ឋសភា ត្រូវពិនិត្យ និងសម្រេចតែត្រង់បទប្បញ្ញត្ដិ ឬចំណុចណាដែលព្រឹទ្ធសភាសុំឱ្យកែសម្រួល ដោយបដិសេធចោលទាំងមូល ឬទុកជាបានការខ្លះ។ 
ការបង្វិលទៅបង្វិលមករវាងព្រឹទ្ធសភា និងរដ្ឋសភា ត្រូវធ្វើតែក្នុងរយៈពេលមួយខែ។ រយៈពេល នេះ ត្រូវបន្ថយមកត្រឹមដប់ថ្ងៃ បើត្រូវពិនិត្យសម្រេចពីថវិកាជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែពីរថ្ងៃ បើជាការប្រញាប់។ 
បើរដ្ឋសភាទុកឱ្យហួសរយៈពេលកំណត់ ឬពន្យារពេលដែលកំណត់ទុកសម្រាប់ពិនិត្យ នោះ រយៈពេលជាគោលការណ៍សម្រាប់រដ្ឋសភា និងព្រឹទ្ធសភាត្រូវបន្ថែមឱ្យស្មើគ្នាដែរ។ 
បើព្រឹទ្ធសភាបដិសេធសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះជាអសារបង់ រដ្ឋសភាមិនអាច នឹងយកមកពិចារណាជាលើកទីពីរបានមុនរយៈពេលមួយខែទេ ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹមដប់ប្រាំថ្ងៃ បើពិនិត្យពីថវិកាជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែបួនថ្ងៃ បើជាការប្រញាប់។ 
ក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ជាលើកទី២នេះ រដ្ឋសភា ត្រូវអនុម័តដោយ វិធីបោះឆ្នោតចំហ និងយកតាមមតិភាគច្រើនដាច់ខាត។ 
សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ណាដែលបានសម្រេចដូចខាងលើនេះហើយនោះ នឹងត្រូវ បានយកទៅប្រកាសឱ្យប្រើ (រដ្ឋធម្មនុញ្ញ មាត្រា១១៣ថ្មី)។