អំពីការប្រជុំ

សម័យប្រជុំគឺជាកំឡុងពេលក្នុងថេរវេលាមួយ ដែលរដ្ឋសភាអាចរៀបចំប្រព្រឹត្តទៅនូវសម័យប្រជុំពេញអង្គនានា និងអនុម័ត សេចក្តីសម្រេច របស់ខ្លួនបាន ។ សម័យប្រជុំច្រើន ប្រព្រឹត្តទៅតាមលក្ខណៈពីរ ប្រភេទ គឺសាមញ្ញ និងវិសាមញ្ញ។ការប្រជុំសាមញ្ញ៖ធ្វើឡើងតាមការកំណត់របស់ច្បាប់ ដូចជាមាត្រា៨៣ រដ្ឋធម្មនុញ្ញកម្ពុជា ១៩៩៣ បានកំណត់ក្នុងវាក្យ ខ័ណ្ឌទី១ និង ទី២ ថា «រដ្ឋសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយ ឆ្នាំ។ សម័យប្រជុំនីមួយៗ មានថេរវេលា យ៉ាងតិច ៣ខែ»។ ការប្រជុំវិសាមញ្ញ៖គឺជាការប្រជុំដែលធ្វើឡើងនៅក្រៅរង្វង់នៃការកម្រិតដោយច្បាប់តាមកាលបរិច្ឆេទ។ការប្រជុំរបៀបនេះ ធ្វើឡើងក្នុងលក្ខខណ្ឌដែលចាំបាច់ដូចជា ការកោះហៅ របស់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល ប្រមុខរដ្ឋសភា ឬក៏ក្នុងករណី ប្រទេសមានភាពអាសន្នដូច ជាមាត្រា៨៦ រដ្ឋធម្មនុញ្ញកម្ពុជា១៩៩៣ បាន កំណត់ ក្នុងវាក្យខ័ណ្ឌទី១ ថា «ក្នុងកាលៈទេសៈ ដែល ប្រទេសជាតិស្ថិតក្នុងភាពមានអាសន្ន រដ្ឋសភាប្រជុំរាល់ថ្ងៃជាប្រចាំ» ។ រីឯនៅកថាខ័ណ្ឌទី២ នៃមាត្រា៨៣ បានកំំណត់ ថា «…បើមានសំណូមពរពី ព្រះមហាក្សត្រ ឬសេចក្តីស្នើ សុំពីនាយករដ្ឋមន្រ្តី ឬពីសមាជិករដ្ឋសភាចំនួនមួយភាគបី យ៉ាងតិច គណៈកម្មាធិការ អចិន្រ្តៃយ៍ រដ្ឋសភាកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ»។