គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការប្ដេជ្ញារបស់ ព្រឹទ្ធសភា កម្ពុជាចំពោះការងារស្រាវជ្រាវការ វាយតម្លៃផលប៉ះពាល់ នៃច្បាប់បទប្បញ្ញត្ដិ ”
2011-10-11 00:00:00

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១ ឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ ការប្ដេជ្ញារបស់ព្រឹទ្ធសភាកម្ពុជាចំពោះការងារស្រាវជ្រាវការវាយតម្លៃផលប៉ះពាល់នៃច្បាប់បទបញ្ញត្តិ” ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាសហការជាមួយ មូលនិធិអាស៊ីប្រព្រឹត្តនៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភាដែល មានការចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភានិងមន្ដ្រីនៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភារដ្ឋសភា សរុបចំនួន ១៤០នាក់។

ឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមានប្រសាសន៍ថាការជួបជុំគ្នានៅថ្ងៃនេះគឺបានបង្ហាញឲ្យឃើញ នូវការប្ដេជ្ញាចិត្ដខ្ពស់របស់ព្រឹទ្ធសភាចំពោះការងារ ស្រាវជ្រាវ និងការស្វែងយល់នូវឧបករណ៍សម្រាប់ធ្វើការវិភាគច្បាប់មួយស្ដីពីការវាយតម្លៃផលប៉ះពាល់នៃច្បាប់បទបញ្ញត្តិ RIA ឲ្យកាន់តែស៊ីជម្រៅថែមទៀត ស្របតាមបរិការណ៍នៃ សភាកម្ពុជានាពេលបច្ចុប្បន្ន។

ឯកឧត្ដម បានបន្ដទៀតថាប្រធានបទសិក្ខាសាលានាពេលនេះគឺជាកាលានុវត្ដភាពថ្មីដ៏មានសារសំខាន់ណាស់ចំពោះជនានុជនក្នុងក្របខ័ណ្ឌសភាទាំងមូលដើម្បីស្វែងយល់ និងចែករំលែកបទពិសោធន៍ និងទទួលបាននូវចំណេះ ដឹងថ្មីៗបន្ថែមអំពីវិធីសាស្ដ្រសិក្សាវិភាគនិងវាយតម្លៃផលប៉ះពាល់នៃច្បាប់បទបញ្ញត្ដិក៏ជាទុនដ៏រឹងមាំបន្ថែមទៀតលើការងារនីតិកម្ម និងជាកម្លាំងចលករជំរុញឲ្យព្រឹទ្ធសភាកម្ពុជាកសាងបាននូវសមត្ថភាពក្នុងកំរិតមួយ ដែលមាន លក្ខណៈសម្បត្ដិអាចឈានចូលទៅក្នុងក្របខ័ណ្ឌអន្ដរភាពទាំងក្នុងតំបន់ និងលើពិភពលោក។

អង្គសិក្ខាសាលាប្រព្រឹត្ដទៅរយៈពេលមួយព្រឹកដោយមានការធ្វើបទបង្ហាញពីលោកស្រីបណ្ឌិត EroniqueSalzeLozac’h ប្រធានកម្មវិធីអភិវឌ្ឍន៏និងកំណែទម្រង់សេដ្ឋកិច្ចនៃមូលនិធិអាស៊ីស្ដីពីសញ្ញាណទូទៅនៃវិធីសាស្ដ្រ វាយតម្លៃផលប៉ះពាល់នៃច្បាប់បទបញ្ញត្ដិ RIA និងលោកបណ្ឌិតកងច័ន្ទដារារ័ត្ននាយកវិទ្យាស្ថានកម្ពុជាដើម្បីសិក្សាការអភិវឌ្ឍន៍ (ជីឌ្ស) បានធ្វើបទបង្ហាញតើ RIA ជាអ្វី? តើយើងអាចណែនាំ RIA ដល់មន្ដ្រីព្រឹទ្ធសភាបានយ៉ាងដូចម្ដេចតើ RIA មានអត្ថប្រយោជន៍អ្វីខ្វះចំពោះកម្ពុជា?បន្ទាប់ពីស្ដាប់បទបង្ហាញរួចមក មានការបែងចែកក្រុមពិភាក្សា ជា៣ក្រុម ដែល ពិភាក្សាលើប្រធានបទស្ដីពីចំណេះដឹងដែលសិក្ខាកាមទទួលបានពីវគ្គបណ្ដុះបណ្ដាលនិងការប្រើប្រាស់ RIA នៅក្នុងថ្ងៃអនាគត។

ថ្លែងក្នុងឱកាសបិទអង្គសិក្ខាសាលា នេះឯកឧត្ដមជាជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានមានប្រសាសន៍ថាឆ្លងតាម កិច្ចដំណើរការរយៈពេលមួយព្រឹកឃើញថា អង្គសិក្ខា សាលាទាំងមូលទទួលបាននូវលទ្ធផល ជាផ្លែផ្កាដោយបានប្រមូលផ្ដុំនូវចំណេះដឹងដ៏មានតម្លៃជាច្រើនក្នុងការពង្រឹងសមត្ថភាព របស់ខ្លួនលើការងារនីតិកម្មយល់បាន នូវវិធាន ថ្មីមួយ ដើម្បីវាយតម្លៃផលប៉ះពាល់នៃច្បាប់បទបញ្ញត្ដិគឺជាឧបករណ៍ប្រកបដោយសក្តានុពលល្អប្រសើរជួយដល់ដំណើរការកែទម្រង់នានា

ការពង្រឹងគុណភាពផ្នែកច្បាប់ថែមទាំងអាចកាត់បន្ថយនូវការបង្កើតច្បាប់ឬបទបញ្ញត្ដិពុំចាំបាច់សំដៅរួមចំណែកដល់ការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិការលើកកម្ពស់កំរិតជីវភាព រស់នៅ របស់ប្រជាពលរដ្ឋ។ ឯកឧត្ដមបានបន្ដថាអង្គសិក្ខាសាលានេះបានរំលេចឡើងនូវកិច្ចខិតខំប្រឹងប្រែងថ្មីថែមទៀតរបស់ស្ថាប័នព្រឹទ្ធសភាក្នុងមុខងារទាំងបីក្នុងការពង្រឹងសមត្ថភាព និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការបេះជំហានទៅមុខយ៉ាងស្វាហាប់ប្រកបដោយភាពជឿជាក់និងការប្ដេជ្ញាខ្ពស់ឆ្ពោះទៅកាន់ ស្ដង់ដានៃសភាប្រជាធិបតេយ្យនៃអារ្យប្រទេសនានាលើសកលលោក។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦