គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាព ស្ដ្រីក្នុងវិស័យសេដ្ឋកិច្ច
2011-09-30 00:00:00

លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងបិទ- សិក្ខាសិលា ស្ដីពី “ការពង្រឹងសមត្ថភាពស្ដ្រីក្នុងវិស័យសេដ្ឋកិច្ច” ដែលរៀប ចំឡើង ដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយនឹងអង្គការ Oxfam UK ដែលមានការចូលរួមពីសមាជិក-សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា និងមន្ដ្រីរាជការសរុបចំនួន ១៩២រូប ក្នុងគោលបំណងផ្ដល់នូវចំណេះដឹង បទពិសោធន៍ និងវិធីសាស្ដ្រក្នុងការជម្រុញ លើកទឹកចិត្ដ និងផ្ដល់ឱកាសដល់ស្ដ្រី ដើម្បីចូលរួមក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១ នៅវិមានព្រឹទ្ធសភា។

លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍ បើកអង្គសិក្ខាសិលានេះ    ថាការបញ្ជ្រាបយេនឌ័រក្នុងវិស័យសេដ្ឋកិច្ច មានន័យថាជាការជួយ ដោះស្រាយ នូវតម្រូវការទាំងឡាយរបស់បុរស និងស្ដ្រី នឹងនាំឲ្យពួកគេទទួលបាននូវចំណែកស្មើៗគ្នា ពីការអភិវឌ្ឍន៏ និងកំណើន សេដ្ឋកិច្ច។ ជាងនេះទៅទៀត ដើម្បីរក្សា និងលើកស្ទួយគុណតម្លៃដែលជាស្នាដៃ និងទេពកោសល្យដ៏ប៉ិនប្រសព្វ របស់ស្ដ្រីខ្មែរ ឲ្យនៅស្ថិតស្ថេរ។ ដូចនេះសង្គម ទាំងមូលត្រូវផ្ដល់ការលើកទឹកចិត្ដ និងជួយបង្កើនសមត្ថភាពដល់ស្ដ្រី ដោយផ្ដល់ឲ្យពួកគេនូវការ ការពារ ការជម្រុញ ការលើកកម្ពស់ ការអប់រំ បណ្ដុះបណ្ដាល ការប្រឹក្សាយោបល់ ចែកជូននូវបទពិសោធន៍ចំណេះដឹង ចំណេះធ្វើ និងទទួលបាននូវការអនុវត្ដន៍ល្អៗ ផ្ដល់ឱកាសសិទ្ធិ និងការធ្វើសេចក្ដីសម្រេចចិត្ដនៅគ្រប់កម្រិតក្នុងវិស័យ ព្រមទាំង លុបបំបាត់រាល់ការរើសអើង ការមាក់ងាយ និងការប្រព្រឹត្ដអំពើហិង្សាលើស្ដ្រីផងដែរ។

ក្នុងឱកាសនេះផងដែរ លោកជំទាវ ពុំ ស៊ីចាន់ ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ធ្វើបទបងា្ហញស្ដីពី “សភា និងការជម្រុញស្ដ្រីក្នុងវិស័យសេដ្ឋកិច្ច ” លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី ធ្វើបទបងា្ហញ    ស្ដីពី “ សមភាពយេនឌ័រ និងតួនាទីស្ដ្រីក្នុងវិស័យសេដ្ឋកិច្ច ” លោកស្រី មេញ ណាវី ប្រធានកម្មវិធីស្រាវជ្រាវព័ត៌មាន និង ទំនាក់ទំនងធ្វើបទបងា្ហញស្ដីពី “ ស្ថានភាពការប្រឈម និងទស្សនវិស័យក្នុងការពង្រឹងសមត្ថភាពស្ដ្រីក្នុងវិស័យ សេដ្ឋកិច្ច” លោកស្រី អ៊ួង ហេង អគ្គលេខាធិការរងក្រសួងកសិកម្ម ធ្វើបទបងា្ហញស្ដីពី “ ការលុបបំបាត់ភាពក្រីក្រ តាមរយៈការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ” ។

ក្នុងឱកាសបិទអង្គសិក្ខាសិលា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានថ្លែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់នាយកដ្ឋានកិច្ចការនារី និងយេនឌ័រ ដែលបានផ្ដួចផ្ដើមគំនិតរៀបចំអង្គសិក្ខា សិលានេះ ក៏ដូចជាក្រសួងកិច្ចការនារី រដ្ឋលេខាធិការ អង្គការ និងវាគ្មិនទាំងអស់ដែលបានចូលរួមចំណែកចែករំលែកនូវ ចំណេះដឹង បទពិសោធន៍ និងវិធីសាស្ដ្រល្អៗព្រមទាំងបានចូលរួមពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកលើការ លើកកម្ពស់សមត្ថភាពស្ដ្រីក្នុងវិស័យសេដ្ឋកិច្ច។ លោកជំទាវ បានថ្លែងអំណរគុណ ចំពោះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអង្គការ Oxfam UK ដែលបានផ្ដល់នូវការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុក្នុងការរៀបចំអង្គសិក្ខាសិលា នាពេលនោះផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦