គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី១ព្រឹទ្ធសភា ចុះស្វែងយល់ពី ការអនុវត្ដ សិទ្ធិមនុស្ស ការជួញដូរ មនុស្ស និងទំនាស់ដីធ្លីនៅ ខេត្ដព្រៃវែង និងខេត្ដស្វាយរៀង
2011-09-04 00:00:00

គណៈប្រតិភូគណៈកម្មការសិទ្ធមនុស្សទទួលពាក្យបណ្ដឹងនិងអង្កេត ហៅកាត់គណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ ម៉ែនម៉ាលី ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញចុះស្វែងយល់អំពីការអនុវត្ដ សិទ្ធិមនុស្ស ការធ្វើចំណាកស្រុកបញ្ហាទំនាស់ ដីធ្លីការជួញដូរមនុស្សនិងការងារពលកម្មលើកុមារនៅខេត្ដព្រៃវែងនិងខេត្ដស្វាយរៀង កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១១។
ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១១ លោកជំទាវ ម៉ែនម៉ាលី ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញទស្សនៈកិច្ចពន្ធនាគារ និង ជួបពិភាក្សា ការងារជាមួយមន្ដ្រីពន្ធនាគារព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដថ្នាក់ដឹកនាំខេត្ដប្រធាន-អនុប្រធានមន្ទីរនានានៅខេត្ដព្រៃវែង ក្នុងគោលបំណងស្វែងយល់អំពី ការអនុវត្ដសិទ្ធិមនុស្សការជួញដូរមនុស្ស ការងារពលកម្មលើកុមារនិងទំនាស់ដីធ្លីនៅ ខេត្ដព្រៃវែងមានការលំបាកការប្រឈមនិងការងាយស្រួលនៅក្នុងខេត្ដ។

លោកជំទាវ ទេពសំអូន អភិបាលរងនៃគណៈអភិបាលខេត្ដព្រៃវែងបានមានប្រសាសន៍ថាចំពោះបញ្ហាដីធ្លីឡូនេសាទដីប្រើប្រាស់ហើយដីដែលមានវិវាទភាគច្រើនទៅលើដីចំណីថ្នល់ និងដីមិនទាន់មានប័ណ្ណកម្មសិទ្ធិ។ ដោយឡែកការធ្វើចំណាកស្រុកក្នុងខេត្ដមានពីរគឺការធ្វើចំណាកស្រុកក្នុងប្រទេសនិងការធ្វើចំណាកស្រុកក្រៅប្រទេសការធ្វើចំណាកស្រុកទៅក្រៅប្រទេសភាគច្រើនទៅធ្វើកម្មករសំណង់ នេសាទនិងចិញ្ចឹមបង្គានៅប្រទេសថៃ ចំណែកឯការធ្វើចំណាកស្រុកទៅប្រទេសកូរ៉េនិងម៉ាឡេស៊ីភាគច្រើនជាស្ដ្រីទៅបម្រើការងារនៅតាមផ្ទះ។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោកជំទាវអភិបាលរងខេត្ដព្រៃវែងរួចមកលោកជំទាវម៉ែនម៉ាលីប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ អាជ្ញាធរមន្ដ្រីពាក់ព័ន្ធនៅក្នុង ខេត្ដដែល បានបំពេញការងារក្នុងការទប់ស្កាត់បទល្មើសផ្សេងៗបានល្អប្រសើរនិងបានខិតខំបំពេញការងាររបស់ខ្លួនធ្វើឲ្យខេត្ដមានការរីកចំរើនលើគ្រប់វិស័យ។

ដោយឡែកនៅថ្ងៃទី០៥-០៦ ខែឆ្នាំដដែល គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា បានបន្ដដំណើរចុះទៅស្វែងយល់អំពីការអនុវត្ដច្បាប់ការងារសិទ្ធិមនុស្សបញ្ហាទំនាស់ដីធ្លីការជួញដូរមនុស្ស និងការងារពលកម្មលើកុមារ នៅ ខេត្ដស្វាយរៀង និងក្រុងបាវិតដោយអញ្ជើញទស្សនៈកិច្ចពន្ធនាគារនិងជួបពិភាក្សាការងារជាមួយ មន្ដ្រីពន្ធនាគារព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដថ្នាក់ ដឹកនាំខេត្ដប្រធាន អនុប្រធាន មន្ទីរនានា នៅក្នុងខេត្ដ។

នៅក្នុងជំនួបពិភាក្សាការងារឯកឧត្ដមជៀងអំអភិបាលនៃគណៈអភិបាលខេត្ដស្វាយរៀងបានសម្ដែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូគណៈកម្មការទី១នៃព្រឹទ្ធសភា ព្រមទាំងបាន បញ្ជាក់ពីស្ថានភាពនិង ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅខេត្ដស្វាយរៀងមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះខេត្ដបានធ្វើការអភិវឌ្ឍន៏ លើការកសាងហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់​​ស្ពានសំណង់អគារសណ្ឋាគារនិងមានច្រកទ្វារអន្ដរជាតិ ចំនួនពីរគឺ ច្រកទ្វារអន្ដរជាតិបាវិតនិងច្រកទ្វារអន្ដរជាតិព្រៃវល្លិ៎៍។ ដោយឡែកវិស័យឯកជននៅខេត្ដស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន២កំពុងដំណើរការ គឺតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេ និងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ដែលបានទទួលកម្មករ​ កម្មការនីចូលបម្រើការងារ ប្រមាណ២ម៉ឺននាក់។ ឯកឧត្ដមបាន​​បន្ដ​ថា​​ចំពោះបញ្ហាទំនាស់ដីធ្លីដែលបានកើតឡើងកន្លងមកមួយចំនួន ជាទំនាស់រវាងបុគ្គល និងបុគ្គលដោយសារដីភាគច្រើនគ្មាន​ប័ណ្ណកម្ម​​សិទ្ធិច្បាស់លាស់ខ្លះទៀតជាទំនាស់រវាងប្រជាពលរដ្ឋជាមួយដីព្រៃរបស់រដ្ឋនិងដីសម្បទានសេដ្ឋកិច្ចស្របច្បាប់របស់ក្រុមហ៊ុន​ ​​ដាំដុះ កសិឧស្សាហកម្មនៅ ស្រុករមាសហែក ក្រៅពីនេះខេត្ដបានយកចិត្ដទុកដាក់ ប្រយុទ្ធប្រឆាំង ការជួញដូរស្ដ្រីនិងកុមារផងដែរ។

លោកជំទាវ ម៉ែនម៉ាលី ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍ថាគោលបំណងរបស់គណៈប្រតិភូមកទស្សន កិច្ចនាពេលនេះគឺដើម្បីសិក្សាស្វែងយល់អំពីសិទ្ធិមនុស្សពាក្យ បណ្ដឹងប្រមូលព័ត៌មាននិងស្ដាប់សេចក្ដី រាយការណ៍ និងចំណាត់ការរបស់អាជ្ញាធរខេត្ដ-ក្រុង និង សមត្ថកិច្ចពាក់ព័ន្ធលើបញ្ហាទំនាស់ដីធ្លីនិងការជួញដូរស្ដ្រីនិងកុមារនិងកេងប្រវ័ញកំលាំងពលកម្មជាដើម។ លោកជំទាវបានកោតសរសើរចំពោះអាជ្ញាធរខេត្ដគ្រប់ លំដាប់ថ្នាក់ ដែលបានយកចិត្ដទុកដាក់ក្នុងអភិវឌ្ឍន៏ក៏ដូចជាការលើកកម្ពស់សិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦