គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺ និងចែកអំណោយជូនប្រជាពលរដ្ឋ
2011-08-06 00:00:00

កាលពីថ្ងៃទី០៤-០៦ ខែសីហា ឆ្នាំ២០១១​ លោកជំទាវ មាន សំអាន លេខាធិការគណៈ​កម្ម​ការ​ទី៣​ព្រឹទ្ធសភា ជាប្រធានក្រុមមិត្តភាពកម្ពុជា-វៀតណាម និងជាអនុប្រធាន សមាគមន៍នារីកម្ពុជា ដើម្បី​​សន្តិ​ភាព និងអភិវឌ្ឍន៍ បានអញ្ជើញចុះសហការជាមួយនឹងក្រុមសប្បុរសជន និងក្រុមគ្រូ​​​​​ពេទ្យស្ម័គ្រ​ចិត្តវៀត​ណាម​ ដើម្បី​​ពិនិត្យ​ព្យាបាលជំងឺ និង​ចែកអំណោយជូនដល់ប្រជាពលរដ្ឋនៅស្រុកអន្លង់វែង ខេត្តឧត្តរមាន​ជ័យ ខេត្តសៀមរាប  ដោយមានការចូលរួមពីសំណាក់លោកជំទាវ គឹង ចាន់ឌី គន់ គីម ឯកឧត្តម សួន លន់ លេខាធិការគណៈកម្មការទី៨ ឯកឧត្តម ហុង ទូហាយ សមាជិកគណៈកម្ម​ការ​ទី៥ព្រឹទ្ធសភា ។

ព្រះតេជគុណ ថៃ មិនហ្វូ តំណាងក្រុមសប្បុរសជនសមាគមន៍វត្តយ៉ាកង្វៀនទីក្រុងហូជីម៉ីញប្រទេស វៀតណាម បានមានសង្ឃដីកាថា ឆ្លើយតបតាមការអញ្ជើញរបស់ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋ​មន្ត្រីប្រចាំការនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិ​វឌ្ឍន៍​បានធ្វើចលនាសប្បុរសជន ពីប្រទេសចិន តៃវ៉ាន់ វៀតណាម ហុងកុង​ និងអូស្ត្រាលី ដើម្បី​ទិញ​សម្ភារៈ​ជារទះរុញ រទះធាក់ ព្រមទាំងសម្ភារៈផ្សេងៗទៀតមកចែកជូនដល់ប្រជាពលរដ្ឋកម្ពុជានាឳ​កាស​​​នេះ។

ថ្លែងក្នុងឳកាសនោះលោកជំទាវ មាន សំអាន​ បានមានប្រសាសន៍ថា តាមរយៈសមាគមន៍​នារី​កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍​ ក្រោមការដឹកនាំរបស់លោកជំទាវ ម៉ែន សំអន ឧបនាយក​រដ្ឋ​មន្ត្រី​ប្រ​ចាំការ​នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិ​វឌ្ឍន៍​​ នេះជា​លើកទី២​ហើយដែលក្រុមសប្បុរសជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម បានចុះមកពិនិត្យព្យាបាល ព្រមទាំងបាន ចែក​អំណោយជូនដល់ប្រជាពលរដ្ឋ នៅស្រុកអន្លង់វែង ដែលនៅពេលេនេះមានការអញ្ជើញចូលរួមពីក្រុម​​​ សប្បុ​រស​ជនចំនួនពីរក្រុមគឺ ក្រុមសប្បុរសជនសមាគមន៍វត្តយ៉ាកង្វៀនទីក្រុងហូជីម៉ីញ ប្រទេស​​​វៀតណាម​ ដែល​ដឹក​នាំដោយព្រះតេជគុណ ថៃ មិនហ្វូ ​និង​ក្រុមសប្បុរសជន​សមាគមន៍គ្មានព្រំដែន ដែលដឹកនាំ​ដោយ​លោក​​ ងូ​ ខូកថាំង និងក្រុមគ្រូពេទ្យដែលមានឯកទេសជំងឺចំនួន​០៦​មុខ​​រួមមា​ន​ ​ការ​ពិនិត្យ​ព្យាបាលជំងឺភ្នែក ពិនិត្យរោគស្ត្រី វាស់បេះដូង ពិនិត្យអេកូ ពិនិត្យធ្មេញ និង​ពិនិត្យជំងឺទូទៅ។

លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះ វត្តមានរបស់ក្រុមសប្បុរសជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ដែលអញ្ជើញមកនាឳកាស​នេះ គឺជាសក្ខីភាពដែលបង្ហាញ ឲ្យឃើញនូវទឹកចិត្តមនុស្សធម៌ដ៏ថ្លៃ​ថ្លា​មិនអាចកាត់ថ្លៃ បាន និងជា​ការចូលរួមចំណែកចែករំលែកនូវការលំបាករបស់ប្រជាពលរដ្ឋកម្ពុជា និង​ដើម្បីចូលរួមលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក្រ​ ហើយ​នេះក៏ជាការ​ចូលរួម​ចំ​ណែកពង្រឹងពង្រីកចំណង មិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាមផង​ដែរ។

លោកជំទាវ និងក្រុមសប្បុរសជនក៍បានចែកនូវសម្ភារៈប្រើបា្រស់រួមមាន រទះរុញ រទះ​ធាក់ចំនួន ​៣១០ គ្រឿង និង​ថវិកា​មួយចំនួនជូនដល់ប្រជាពលរដ្ឋ​ ដែលអញ្ជើញចូលរួម នាឳកាស​នោះផងដែរ។សូមគូស​បញ្ជាក់ថា​ នេះគឺជាលើកទី២០ហើយ ដែលក្រុមសប្បុរសជនវៀតណាម​មកធ្វើចលនា​ចែក​   អំ​ណោយ និង​ពិនិត្យ​ព្យា​​​បាលជំ​ងឺ​ជូនដល់ប្រជាពលរដ្ឋនៅ ប្រទេសកម្ពុជា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦