គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
តំណាងសម្ព័ន្ធប្រជានេសាទចូលជួបនិងរាយការណ៍ជូនសមាជិកព្រឹទ្ធសភា
2011-08-04 00:00:00

សមាជិកសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដឹកនាំដោយឯកឧត្ដមគង់ សារាជប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអនុញ្ញាតឲ្យតំណាងក្រុម ការងារទំនាក់ទំនង សភាកម្ពុជានិងតំណាងឲ្យសមាជិកសម្ព័ន្ធប្រជានេសាទតំបន់បឹងទន្លេសាបតំបន់ឆ្នេរ តំបន់ទន្លេមេគង្គកម្ពុជាសរុបចំនួន១៨រូប ដឹកនាំដោយលោកឱមសាវាត នាយកប្រតិបត្ដិនៃអង្គការសម្ព័ន្ធភាពប្រជានេសាទចូលជួបសម្ដែងការគួរសម និងរាយការណ៍​អំពីការរីកចម្រើននិងបញ្ហាប្រឈមនៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១១ ។

លោកឱមសាវាតនាយប្រតិបត្ដិនៃអង្គការសម្ព័ន្ធភាពប្រជានេសាទបានមានប្រសាសន៍ថា​គោលបំណង​នៃក្រុមការងារចូលជួបពេលនេះគឺៈ
ទី១-ចង់ឲ្យសមាជិកសមាជិកាព្រឹទ្ធសភាបានយល់ដឹង​​និងស្គាល់ ​ឲ្យកាន់តែច្បាស់អំពីសកម្មភាពរបស់សម្ព័ន្ធប្រជានេសាទកម្ពុជាទាំង៣តំបន់នៃដែននេសាទ ទី២-ប្រជានេសាទ​​ចង់​ជម្រាបជូននូវបញ្ហាមួយចំនួនដល់សមាជិកសមាជិកាព្រឹទ្ធសភាឲ្យយល់កាន់តែច្បាស់ និងចូលរួមចំណែក​ដោះស្រាយតាមរយៈរាជរដ្ឋាភិបាលកម្ពុជា ទី៣-ដើម្បីលើកទឹកចិត្ដដល់សម្ព័ន្ធប្រជានេសាទកម្ពុជាឲ្យមានឆន្ទៈ​ក្នុងការចូលរួមការពារធនធានធម្មជាតិ និងធនធានជលផលនៅតាមតំបន់របស់ខ្លួននីមួយៗ ទី៤-ចង់រៀនសូត្រ​ អំពី​របៀបរបបនៃការទំនាក់ទំនងមន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលក៏ដូចជាសមាជិកសមាជិកាព្រឹទ្ធសភា។បន្ទាប់​​មកលោកឡុងសូចែតប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជារាយការណ៍នូវបញ្ហាចំពោះមុខដែលពួកគាត់កំពុងជួបប្រទះគឺបញ្ហាមងហោះដែលជាឧបករណ៍នេសាទម្យ៉ាងដែលគេអនុញ្ញាតឲ្យធ្វើការនេសាទនៅតំបន់​ទឹកជ្រៅដែលមានជម្រៅ ចាប់ពី២០ម៉ែត្រឡើងទៅ។ក៏ប៉ុន្ដែបច្ចុប្បន្ននេះមានអ្នកនេសាទធំៗជាច្រើនបានយក​​ឧបករណ៍​នេសាទនេះមកនេសាទនៅតំបន់ទឹករាក់ដូចជាតំបន់ឆ្នេរទៅវិញដែលជាហេតុនាំឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់ជីវៈចំរុះប៉ះពាល់ដល់ស្មៅសមុទ្រ ដែលជាជំរកមច្ឆាជាតិគ្រប់ប្រភេទមិនតែប៉ុណ្ណោះការនេសាទខុសច្បាប់​នេះក៏បានធ្វើឲ្យមានបញ្ហាជាច្រើនដល់ប្រជានេសាទតាមទូកតូចៗដែលពួកគាត់ជាង៨០%គឺពឹងពាក់លើការ​នេសាទនេះដែលធ្វើឲ្យពួកគាត់ បង្ខំចិត្ដធ្វើចំណាក ស្រុកទៅប្រទេសជិតខាង។ រីឯក្មេងៗវិញមិន បានរៀនសូត្រ​​ព្រោះជីវភាពគ្រួសារបង្ខំឲ្យត្រូវទៅលក់កំលាំងពលកម្មសំរាប់ប្ដូរយកប្រាក់ដើម្បីជួយគ្រួសារដែលជាហេតុនាំឲ្យ​បាត់បង់​នូវធនធានមនុស្សយ៉ាងសំខាន់នៅ ថ្ងៃមុខ។ ជាចុងបញ្ចប់លោកក៏បានសំណូមពរដល់រាជរដ្ឋាភិបាល​តាមរយៈព្រឹទ្ធសភាឲ្យចាត់វិធានការការពាររារាំងចំពោះការនេសាទដោយប្រើឧបករណ៍មងហោះនេះ​នៅតំបន់​ទឹករាក់ក៏ដូចជាតំបន់ឆ្នេរដែលវាអាចនឹងធ្វើឲ្យបាត់បង់នូវ សម្បត្ដិធម្មជាតិមច្ឆាជាតិក៏ដូចជាធ្វើឲ្យជីវភាពប្រជាជននៅតំបន់នោះកាន់តែមានភាពលំបាកដែលអាចជួយដល់កុមារដែលបានបោះបង់ការរៀនសូត្រឲ្យសិក្សាបន្ដដែលអាចធ្វើឲ្យក្មេងតូចៗទាំងនោះអាចក្លាយជាទំពាំងស្នងឬស្សីនាថ្ងៃមុខ។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់តំណាងសម្ព័ន្ធប្រជានេសាទកម្ពុជារួចមកឯកឧត្ដមគង់ សារាជ ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភាបានផ្ដល់អនុសាសន៍ ឲ្យសមាគមន៍សម្ព័ន្ធប្រជានេសាទកម្ពុជាសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់នូវបទល្មើសនេះនិងរៀបចំបោះ បង្គោលនៅតំបន់ ដែលមានការនេសាទដោយមងហោះឯកឧត្ដមបានបន្ដថាចំពោះការអនុវត្ដបទបញ្ជាលេខ០១  មានពីរគឺបទបញ្ជា​លេខ០១ឆ្នាំ២០១០ និងបទបញ្ជាលេខ០១ ឆ្នាំ២០១១ចំពោះបទបញ្ជាលេខ០១  ឆ្នាំ២០១០ វាទាក់ទងទៅ​នឹង​​ការបោះបង្គោលតំបន់នៅជុំវិញបឹងទន្លេសាបនិងលុបបំបាត់អាងផ្សេងៗ រីឯបទបញ្ជាលេខ០១ ឆ្នាំ២០១១ ទាក់ទងនឹងការចាត់វិធានការលុបបំបាត់ភាពអាណាធិបតេយ្យនៃការដាក់សំរះធ្នស់ព្រួលនិងសំណល់កាត់ទទឹងទន្លេស្ទឹងព្រែកអូរនិងបឹងបួរនៅតាមបណ្ដាខេត្ដពាក់ព័ន្ធ នឹងបឹងទន្លេសាប។ នៅក្នុងឱកាសនោះដែរឯកឧត្ដមបានថ្លែងអំណរគុណដល់សហគមន៍សម្ព័ន្ធនេសាទដែលបានយកចិត្ដដល់ការងារនេសាទនេះនិងទទួលយកសំណូមពរ ទាំងឡាយព្រមទាំងរាយការណ៍ជូនរាជរដ្ឋាភិបាលដើម្បីឲ្យ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់អនុវត្ដឲ្យបានតឹងរឹងនិងកាត់បន្ថយឲ្យបាននូវបទល្មើសនេសាទ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦