គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សិក្ខាសាលាស្ដីពី “ការបង្កើនសមាមាត្រស្ដ្រីជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ ” ដែលប្រព្រឹត្ដទៅភូមិភាគទី៨ ខេត្ដស្ទឹងត្រែង
2011-05-27 03:17:39

លោកជំទាវមានសំអាន លេខាធិការគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកនិងបិទអង្គសិក្ខាសាលាស្ដីពី “ការបង្កើនសមា​មាត្រស្ដ្រីជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ” ដែលរៀបចំឡើងដោយស្ថាប័នព្រឹទ្ធសភាក្រោមការជួយឧបត្ថម្ភ​គាំទ្រ​របស់អង្គការសន្ដិភាពនិងអភិវឌ្ឍន៍ (PYD) នៅឯខេត្ដស្ទឹងត្រែង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១១។ដែលមានការចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភាប្រធានក្រុមប្រឹក្សាខេត្ដគណៈអភិបាលខេត្ដមន្ទីរកិច្ច- ការនារីខេត្ដព្រមទាំងសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ខេត្ដស្ទឹងត្រែងខេត្ដក្រចេះខេត្ដរតនគិរីនិងមណ្ឌលគិរី ចំនួនសរុប១៨៤ ។

ឯកឧត្ដមវ៉ាន់ វុធប្រធានក្រុមប្រឹក្សាខេត្ដស្ទឹងត្រែងបានរៀបរាប់អំពីស្ថានភាពភូមិសាស្ដ្រ​ខេត្ដស្ទឹងត្រែងក្នុងរយៈពេលកន្លងមកនេះ ខេត្ដបានយកចិត្ដទុកដាក់ខ្ពស់ក្នុងវិស័យលើកកម្ពស់យេនឌ័រ​ទាំងនៅថ្នាក់ខេត្ដ ក្រុងស្រុកនិងឃុំសង្កាត់ ដូចជាការផ្ដល់ឱកាសស្ដ្រីជាថ្នាក់ដឹកនាំនៅគ្រប់វិស័យ​ដោយ​ ហេតុថាតម្រូវការយេនឌ័រមិនស្ថិតនៅដាច់ដោយឡែកនោះឡើយមានន័យថាតម្រូវការយេនឌ័រស្ថិតនៅក្នុង​គ្រប់វិស័យនិងគ្រប់ផ្នែកទាំងអស់មិនថាសេដ្ឋកិច្ចសង្គម ឬ នយោបាយឡើយ។ ហើយទន្ទឹមនឹងនោះស្ដ្រី​ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយអំពើហិង្សា និងចូលរួមបញ្ហានានាក្នុងគ្រប់វិស័យព្រោះស្ដ្រី​មានចិត្ដអំណត់អធ្យាស្រ័យល្អមានភាពទន់ភ្លន់ និងមានការប្រាស្រ័យទាក់ទងល្អ ។

អង្គសិក្ខាសាលាបានប្រព្រឹត្ដទៅរយៈពេល១ថ្ងៃពេញ ដោយមានការធ្វើបទបង្ហាញស្ដីពី “សមភាព​យេនឌ័រនិងការផ្ដល់អំណាចដល់ស្ដ្រី” ដោយលោកជំទាវពុំស៊ីចាន់ អនុប្រធានគណៈកម្មការទី៨​​ព្រឹទ្ធសភានិងធ្វើការពិភាក្សាតាមក្រុមលើប្រធានបទចំនួន​៣ ដូចជាក្រុមទី១ប្រធានបទស្ដីពី តើត្រូវធ្វើយ៉ាង​ណា​ដើម្បី​ឲ្យមានចំនួនស្ដ្រីច្រើនឈរឈ្មោះជាក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុមទី២ប្រធានបទស្ដីពី តើស្ដ្រីប្រកាន់ អាកប្បកិរិយាយ៉ាងណានិងការសម្រេចចិត្ដយ៉ាងណាខ្លះដើម្បីអភិវឌ្ឍន៍មូលដ្ឋាន និងក្រុមទី៣ប្រធានបទ​ស្ដីពីការបង្កើនសមត្ថភាពស្ដ្រីនៅថ្នាក់ក្រោមជាតិ ។

ថ្លែងក្នុងឱកាសបិទសិក្ខាសាលាលោកជំទាវមានសំអាន លេខាធិការគណៈកម្មការទី៣​ព្រឹទ្ធសភាបានធ្វើការបូកសរុបមតិយោបល់ ដោយគូសបញ្ជាក់ថាអង្គសិក្ខាសាលានេះនឹងជួយឲ្យសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ទទួលបានមតិយោបល់ចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ ដែលជាប្រយោជន៍ ដើម្បីលើក​កម្ពស់ការយល់ដឹងក្នុងការបំពេញការងាររបស់ខ្លួនឲ្យកាន់តែប្រសើរថែមទៀតនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជាពិសេសការបង្កើនសមាមាត្រសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមូលដ្ឋាន។លើសពីនេះទៅទៀតអង្គសិក្ខា​សាលាបានបំផុសឲ្យឃើញនូវបញ្ហាប្រឈមមួយចំនួនដើម្បីលើកមកជជែកពិភាក្សារកមធ្យោបាយដោះស្រាយឬលើកសំណូមពរទៅក្រសួងស្ថាប័ននានាដែលពាក់់ព័ន្ធដើម្បីជួយដោះស្រាយផងដែរ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦