គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម វ៉ាន់ វុធ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញជាអធិបតីក្នុងពិធីបើកអង្គវេទិកាថ្នាក់ខេត្ត ស្តីពីការបង្កើនសមត្ថភាព និងការអភិវឌ្ឍមូលដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តកំពង់ធំ
2015-12-01 03:02:34

នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ក្រុមសមាជិកព្រឹទ្ធ សភាប្រចាំភូមិភាគទី៨ បានរៀបចំវេទិកាថ្នាក់ខេត្ត ស្តីពីការបង្កើនសមត្ថភាព និងការអភិវឌ្ឍមូលដ្ឋានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម វ៉ាន់ វុធ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ូ ថង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨​ ដែលសហការឧបត្ថម្ភគាំទ្រដោយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាល​ ខេត្ត តំណាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រធានសម្ព័ន្ធភាពជាតិឃុំ សង្កាត់ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន  ប្រធាន​​ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀន។

ក្នុងឱកាសថ្លែងបើកអង្គវេទិកា ឯកឧត្តម វ៉ាន់ វុធ លេខាធិការក្រុមសមាជិកព្រឹទ្ធ សភាប្រចាំភូមិភាគទី៨ បានមានប្រសាសន៍ថា អង្គវេទិកាដែលបានរៀបចំឡើងនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់អំពីបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តកំ ពង់ធំ ក្នុងការរកវិធីសាស្រ្ត កែលម្អសំដៅពង្រឹងកិច្ចអភិវឌ្ឍមូលដ្ឋាន។ ព្រមទាំងដើម្បីផ្សព្វផ្សាយ​គោលន​យោបាយថ្នាក់ជាតិ តាមរយៈបទបង្ហាញរបស់ក្រសួងជំនាញ ផ្តោតលើតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សងា្កត់ ក្នុងការចុះបញ្ជីដីធ្លី ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសំណូមពរឲ្យអាជ្ញាធរខេត្ត អង្គភាពពាក់ព័ន្ធ ក្រសួងជំនាញរកវិធីសាស្ត្រដោះស្រាយបញ្ហាប្រឈមមួយចំនួនមានជាអាទិ៍៖ ការចុះបញ្ជីដីធ្លីរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ ដែលនៅសេសសល់។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្នុងការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣នេះ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តអនុវត្តកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ឲ្យកាន់តែស៊ីជម្រៅ តាមរយៈការបន្តពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ន និងប្រព័ន្ធគ្រប់គ្រង បន្តអភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរមុខងារ ធនធានថវិកា និងទ្រព្យសម្បត្តិ សំដៅធានាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិបំពេញការងារបានគ្រប់ជ្រុងជ្រោយ ដោយមានគណនេយ្យភាព តម្លាភាព និងការឆ្លើយតបក្នុងការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការចូលរួមកាត់បន្ថយភាពក្រីក្រ ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងសមធម៌។ ទន្ទឹមនឹងនោះ ឆ្លងតាមការអនុវត្តគោលនយោបាយកំណែទម្រង់នេះ នៅថ្នាក់ឃុំ សង្កាត់ រយៈពេលជាងមួយទសវត្សកន្លងមកបានធ្វើឲ្យមានការយល់ដឹង និងការរីកចម្រើនយ៉ាងទូលំទូលាយ ទាំងក្នុងស្ថាប័នជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍នានា អំពីសារសំខាន់នៃកំណែទម្រង់នេះ ក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ។ សមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ នៅថ្នាក់ឃុំ សង្កាត់ បានលើកទឹកចិត្តឲ្យយើងប្រឹងប្រែងបោះជំហានកាន់តែស៊ីជម្រៅថែមទៀត​ នៅថ្នាក់មូលដ្ឋាន។

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ជាក់ស្តែង​​​​​​​សមាជិកសមាជិកាព្រឹទ្ធសភា បានខិតខំអនុវត្តតួនាទីភារកិច្ច​របស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ទាំង នៅក្នុងព្រឹទ្ធសភា និងការចុះមូលដ្ឋានជួបជាមួយម្ចាស់ឆ្នោត សវនាការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឈ្វេងយល់អំពីការងារទាំងឡាយ ព្រមទាំងការរៀបចំវេទិកានានា៕

          អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦