គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២​ ដឹកនាំដោយឯកឧត្តម​ អ៊ុក​ ប៊ុនឈឿន​ ប្រធានក្រុម​ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ ចំនួន១២៥​ គ្រួសារ នៅឃុំត្រពាំងព្រីង​ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
2018-08-20 01:04:03

នារសៀលថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០១៨​ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២​ ដឹកនាំដោយឯកឧត្តម​ អ៊ុក​ ប៊ុនឈឿន​ ប្រធានក្រុម​ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ ចំនួន១២៥​ គ្រួសារ នៅឃុំត្រពាំងព្រីង​ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ជាច្រើនរូប។
​ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម​ អ៊ុក​ ប៊ុនឈឿន​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។ ជាពិសេស ប្រជាពលរដ្ឋទាំងអស់ដែលបានបន្តគាំទ្ររាជរដ្ឋាភិបាល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ​ សណ្តាប់ធ្នាប់សង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តម បានបន្តថាក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ-ឃុំនិងក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលត្រូវទប់ស្កាត់ និងលុបបំបាត់ឱ្យអស់ពីមូលដ្ឋាននូវការចរាចរលក់ ចែកចាយគ្រឿងញៀន ការសេពគ្រឿងញៀន បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាបងតូចបងធំ ក្មេងទំនើង អំពើហឹង្សារក្នុងគ្រួសារ និងបទល្មើសនានា ដើម្បីធានាបាននូវភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ ។ ឯកឧត្តមក៏បានក្រើនរំឭកឱ្យក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អជូនដល់ប្រជាពលរដ្ឋ ដូចជាជួយសម្រួលដល់ការធ្វើឯកសារគតិយុត្តិផ្សេងៗនៅមូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រ មរណភាព ។

​ ជាងនេះទៅទៀត​ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាពជាប្រចាំ ពីព្រោះសុខភាពជាកត្តាចម្បង និងសំខាន់បំផុតសម្រាប់មនុស្សយើងគ្រប់គ្នា។ ដូចនេះ ត្រូវរស់នៅស្អាត ហូបស្អាត ដើម្បីជៀសឲ្យឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ហើយនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អនោះ នឹងអាចចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

​ ជាមួយគ្នានោះដែរ​ ឯកឧត្តម​ បាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋ​ចំនួន១២៥ គ្រួសារ​ ដោយក្នុងមួយគ្រួសារៗទទួលបានម៊ី០២កេស​ ទឹកស៊ីអ៊ីវ០១យួរ ​ អង្ករ​ ៣០​ គីឡូ​ និងថវិកា​ ១០០០០រៀល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦