គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជេីញចុះសិក្សាស្វែងយល់អំពីវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តមណ្ឌលគិរី
2019-02-12 04:09:37

   

នាព្រឹកថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩​ គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា​ ដឹកនាំដោយឯកឧត្តម​ ម៉ម​ ប៊ុននាង​ ប្រធានគណៈកម្មការ បានអញ្ជេីញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តមណ្ឌលគិរីដឹកនាំដោយឯកឧត្តម​ ចឹង​ សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី ដេីម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពេីពុករលួយ​ ការអនុវត្តកំណែទម្រង់វិមជ្ឈការ​ និងវិសហមជ្ឈការ​ ការអភិវឌ្ឍមូលដ្ឋាន​ និងបញ្ហាប្រឈមនានា​ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

​ ក្នុងពិធីជួបពិភាក្សាការងារ​នេះ ឯកឧត្តម​ ចឹង​ សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី​ បាន​ជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពទូទៅរបស់ខេត្តមណ្ឌលគិរី សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្ត សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងវឌ្ឍនភាព​ នៃការអនុវត្តន៍ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការអភិវឌ្ឍន៍មូលដ្ឋាន នៅក្នុងខេត្ត។

​ ក្នុងឱកាសនោះ ឯកឧត្តម​ ម៉ម​ ប៊ុននាង​ ប្រធានគណៈកម្មការព្រឹទ្ធសភា បានមានប្រសាសន៍អំពីគោលបំណងដែលគណៈប្រតិភូចុះមកនាពេលនេះ និងវាយខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្ត។
ឯកឧត្តមអំពាវនាវប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ពីព្រោះអំពើពុករលួយ គឺជាជំងឺដ៏សាហាវមួយដែលធ្វើឲ្យសុខភាពសាធារណៈចុះអន់ថយ បើមិនប្រញាប់ព្យាបាលនោះ ប្រជាពលរដ្ឋនឹងអស់ជំនឿទុកចិត្ត សមិទ្ធផលទាំងឡាយដែលខិតខំកសាងនាពេលកន្លងមក នឹងក្លាយជាអសារបង់ ។ ឱសថដ៏មានប្រសិទ្ធភាព ក្នុងការព្យាលជំងឺពុករលួយ គឺការអនុវត្តឲ្យបានអភិក្រមទាំង៥ របស់សម្តេចតេ ជោ នាយករដ្ឋមន្ត្រី ដែលរួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែក ព្យាបាល និងវះកាត់ តាមរយៈ ការអប់រំ បង្ការទប់ស្កាត់ និងពង្រឹងការអនុវត្តច្បាប់ ។ ជាពិសេសត្រូវអប់រំ ដើម្បីឲ្យបុគ្គលម្នាក់ៗមិនចង់ពុករលួយ​ បង្ការទប់ស្កាត់ ដើម្បីមិនអាចពុករលួយ និងអនុវត្តច្បាប់បង្រ្កាបបទល្មើស ដើម្បីមិនហ៊ានពុករលួយ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦