គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ព្រឹទ្ធសភារៀបចំពិធីអបអរសាទរខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ ០១ មិថុនា
2019-05-31 03:50:19

នាព្រឹកថ្ងៃសុក្រ ១៣រោច ខែពិសាខ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី៣១ ខែឧសភា ឆ្នាំ២០១៩  ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៧០ នៃទិវាកុមារអន្តរជាតិ ០១ មិថុនាស្តីពី «ការលើកកម្ពស់សិទ្ធិកុមារ» ក្រោមអធិបតីភាពឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងសង្គមកិច្ច ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន និងឃោសនាការ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា  អាជ្ញាធរខេត្ត និងមន្ទីរជុំវិញខេត្ត អង្គការការីតាសកម្ពុជា ក្រុមហ៊ុនអ័រគីដេវីឡា និងក្រុមហ៊ុនខ្មែរហៅហូល និងហ៊ែលឃែរ និងកុមារកំព្រា (កុមារគ ថ្លង់ និងពិការ) លោកគ្រូ អ្នកគ្រូ លោកយាយ លោកតា ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកុមារា កុមារី សរុបចំនួន ៦៥០នាក់ នៅវិទ្យាល័យអប់រំពិសេស(កុមារគ ថ្លង់ និងពិការ) ស្ថិតក្នុងភូមិ១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បន្ទាប់ពី លោក កែវ ផល្លី នាយកវិទ្យាល័យអប់រំពិសេស  លោក នូ ម៉ុនសារឹទ្ធ  នាយករងប្រតិបត្តិអង្គការការីតាស និងឯកឧត្តម គួច​​ ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងសន្ទរកថាស្វាគមន៍ និងជម្រាបជូនអង្គពិធីអំពីរប្រវត្តិសង្ខេបនៃទិវាកុមារអន្តរជាតិ និងការអភិវឌ្ឍ ការរីកចម្រើននៅខេត្តកំពង់ចាមរួចមក  ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានរំលឹកថា ទិវាកុមារអន្តរជាតិ ០១ មិថុនា ដែលពិភពលោកប្រារព្ធឡើងនេះ  គឺដើម្បីរំលឹកដល់ការឈឺចាប់របស់មនុស្សជាតិលើស​កលលោក ទៅលើឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃយង់ឃ្នង របស់ពួកហ្វាស៊ីសអ៊ីត្លែរ ដែលបានសម្លាប់ស្ត្រី និងកុមារ នៅក្នុងភូមិលីឌីស៊ែ  នៃសាធារណរដ្ឋសហពន្ធ័ឆែក និងនៅភូមិអូរ៉ាឌូប្រទេសបារាំង ក្នុងអំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២។ វិនាសកម្មនេះ បានធ្វើឱ្យកម្លាំងស្នេហាសន្តិភាពគ្រប់ពណ៌សម្បុរ ជាតិសាសន៍ ក្រោកឈរឡើងធ្វើការតស៊ូប្រឆាំងនឹងពួកហ្វាស៊ីស ដើ​ម្បីការពារអាយុជីវិត ការពារសេរីភាព ទ្រព្យសម្បត្តិ និងគាំពារបីបាច់ថែរក្សាកុមារលើពិភពលោកយើង ហើយចុងបញ្ចប់ពួកឧក្រិដ្ឋកម្មហ្វាស៊ីសនេះត្រូវបានផ្តួលរំលំដោយកងទ័ពអតីតសហភាពសូវៀត។ ពិភពលោកទាំងមូលក៏បានកំណត់យក ថ្ងៃទី០១ ខែមិថុនា ជាទិវាចងកំហឹងឈឺចាប់ពុះពារ ហើយក៏ជាទិវាមួយដែលបំផុសស្មារតីដល់មនុស្សជាតិទាំងមូល ឱ្យយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់កុមារទាំង​ឡាយ បំណងក្រើនរំលឹក និងបង្កើនការយកចិត្តទុកដាក់ជាពិសេសចំពោះកុមារ ។

ឯកឧត្តម ទេព ងន បានកត់សម្គាល់ឃើញថា ព្រះរាជាណាចក្រកម្ពុជាក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោកបានកំណត់យកថ្ងៃទី០១ ខែមិថុនា ជាទិវាកុមារអន្តរជាតិ ក្នុងនោះដែររាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់គិតគូអំពីបញ្ហា និងសិទ្ធិរបស់កុមារ ដើម្បីឱ្យស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ និងអនុសញ្ញាលេខ១៨២របស់អង្គការពលកម្មអន្តរជាតិ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់លុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងបទដ្ឋានជាតិ អន្តរជាតិស្តីពីសិទ្ធិកុមារផ្សេង​ៗទៀត ។

ជារៀងរាល់ឆ្នាំ សភា និងរាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធទិវាកុមារ អន្តរជាតិ និងទិវាកុមារកម្ពុជា០១មិថុនា ដើម្បីសម្តែងនូវការអបអរសាទរដែលកុមាររំលឹកការចងចាំ គាំពារដល់សិទ្ធិកុមារ និងផ្សព្វផ្សាយ និងលើកកំពស់ការគោរពសិទ្ធិកុមារផងដែរ។ ក្រៅពីនេះ ក៏មានគោលនយោបាយ ជាច្រើនរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយសិទ្ធិកុមារ ជាពិសេសគឺការបង្កើនមណ្ឌលសុខភាព និងសាលារៀនបន្ថែមទៀតដល់តំបន់ដាច់ស្រយាលនៅទីជនបទ ដើម្បីឲ្យកុមារបានទទួលសេវាសុខាភិបាល និងការអប់រំ។ រដ្ឋាភិបាលបាននិងកំពុងធ្វើ និងត្រូវបន្តធ្វើនៅក្នុងអាណត្តិក្រោយៗទៀត នូវការលើកកម្ពស់​អត្រាចូលរៀនរបស់កុមារ ជំរុញការអប់រំក្រៅប្រព័ន្ធ ការធ្វើសមាហរណកម្មកុមារពិការ បញ្ឈប់និងប្រឆាំងដាច់ខាតការរំលោភបំពាន ការជួញដូរ ការកេងប្រវ័ញ្ច ការប្រើអំពើហឹង្សាគ្រប់រូបភាព ធានានិងការពារកុមារឱ្យផុតពីគ្រឿងញៀនជាដើម ។

ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា ការលើកកម្ពស់សិទ្ធិកុមារ តាមរយៈការរួមគ្នា "បញ្ចប់ពលកម្មកុមារក្នុងចង្វាក់ផលិតកម្ម" ដែលបញ្ហានេះ កន្លងទៅរាជរដ្ឋាភិបាលបាន បានចូលរួមចំណែកយ៉ាងសកម្មជួយគាំពារដល់កុមារ។ ជាពិសេសកុមារពិកា កុមារកំព្រា កុមារគ្មានទីពឹង និងកុមារដែលងាយរងគ្រោះត្រូវបានគិតគូតាមរយៈការបង្កើតឱ្យមានមណ្ឌលកុមារជាច្រើនសម្រាប់កុមារទាំងនោះបានរស់នៅ និងទទួលបាន ការមើលថែ ធានាបាននូវសុវត្ថិភាព ផ្តល់ការអប់រំចំណេះដឹង សំដៅធ្វើយ៉ាងណាឱ្យកុមារទាំងនោះមានអនាគតល្អ។ ដើម្បីធ្វើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំពោះកុមារ យើងបានបង្កើនឱ្យមានរបាំងការពារសម្រាប់កុមារពេលឆ្លងថ្នល់ មានភ្នាក់ងារជូនឆ្លងថ្នល់ ដើម្បីជួយសម្រួលអាទិភាពសម្រាប់កុមារនៅតាមដងផ្លូវនានា មានចែកមួកសុវត្ថិភាព និងបានបញ្ចូលច្បាប់ចរាចរណ៍ផ្លូវគោកក្នុងកម្មវិធីសិក្សាដល់សិស្សានុសិស្សគ្រប់ថ្នាក់ ព្រមទាំងរៀបចំយុទ្ធនាការផ្សព្វផ្សាយនានា  ពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍។ ជាមួយគ្នានេះ ឯកឧត្តម ទេព ងន ស​ង្ឃឹមយ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងបន្តជំរុញការងារយ៉ាងខ្លាំងក្លា លើកកម្ពស់សុខុមាលភាពកុមារ និងលើកកម្ពស់មនសិការ ឤណិតស្រឡាញ់កុមារគ្រប់រូប ទាំងនៅតាមសហគមន៍ សាលារៀន និងនៅតាមគ្រួសារ។

ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បាននាំយកនូវអំណោយមួយចំនួនសម្រាប់ជូនដល់លោកគ្រូ អ្នកគ្រូចំនួន៤៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀល ប្រជាពលរដ្ឋចំនួន៣៥០នាក់ ក្នុងម្នាក់ៗទទួលបាន   អង្ករ២៥គីឡូ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មី១កេស ទឹកប្រាក់ចំនួន២ម៉ឺនរៀល និងកុមារកំព្រាខេត្ត និង កុមារគ ថ្លង់ និងពិការ ចំនួន ២៤៤នាក់ ក្នុងម្នាក់ៗទទួលបានកាបូប១ សៀវភៅ ប៊ិច ខ្មៅដៃ សាប៊ូអនាម័យ ១ឈុត និងថវិកាចំនួន១ម៉ឺនរៀល ឧបត្ថម្ភនូវអង្ករចំនួន ២តោន ដល់មណ្ឌលកុមារកំព្រាខេត្ត ឧបត្ថម្ភនូវអង្ករចំនួន ៣តោនដល់វិទ្យាល័យអប់រំពិសេស(កុមារគ ថ្លង់ និងពិការ)៕        

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦