គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះសព លោកជំទាវ ផ្លេក ភិរុណ អតីត ប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតអគ្គលេខាធិការរដ្ឋសភា
2019-06-11 03:06:33

នាព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះសព លោកជំទាវ ផ្លេក ភិរុណ អតីត ប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតអគ្គលេខាធិការរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៥:៣០នាទីរសៀល ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ។

សពរបស់លោកជំទាវ ត្រូវបានរៀបចំពិធីបញ្ចុះសព នៅវត្តព្រះសុគន្ធមានបុណ្យ ដែលស្ថិតនៅក្នុងភូមិម្លូរមឺុន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា-រដ្ឋសភារាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កាកបាទក្រហមកម្ពុជា ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកោះករផងដែរ។

ក្នុងឱកាសនោះដែល ក៏មានរៀបចំពិធីយាងនិមន្តព្រះសង្ឃស្វាធ្យាយព្រះសត្តប្បករណ៍ កង្ហែប្រទក្សិណសពបីជុំចេតិយជាឧត្តរាព័ត៌ ដោយគ្រួសារនៃសព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឡើងអានវិយោគកថា និងជីវប្រវត្តិ ពិធីគោរពវិញ្ញាណក្ខន្ធជាកិច្ចបច្ឆាមរណៈ ពីសម្ដេច ឯកឧត្ដម លោកជំទាវ និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ។

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្ត្រីរាជការ ញាតិមិត្ត នឹងគ្រួសារនៃសពបូជាផ្កាចំពោះសព ជាកិច្ចគោរពនាគ្រាមច្ឆាមរណៈ ព្រមទាំងផ្តល់កិត្តិយស ផ្តល់ព្រះធរណីចំពោះសពផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦