គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញចូលរួមពិសាអាហារការងារថ្ងៃត្រង់ដែលរៀបចំជូនដោយ ឯកឧត្តម Arnaud BAZIN សមាជិកព្រឹទ្ធសភាតំបន់ Val-d'Oise ជាប្រធានគណៈកម្មាធិការក្រមសីលធម៌សភា នៃព្រឹទ្ធសភាបារាំង
2019-07-15 00:14:43

នាថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១២:០០នាទី នៅវិមានព្រឹទ្ធសភាបារាំង លុចហ្សំបួ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈប្រតិភូសមាជិកព្រឹទ្ធសភាកម្ពុជា អមដំណើរដោយ ឯកឧត្តម ម៉ែន-ស៊ីផាន់ បានអញ្ជើញចូលរួមពិសាអាហារការងារថ្ងៃត្រង់ដែលរៀបចំជូនដោយ ឯកឧត្តម Arnaud BAZIN សមាជិកព្រឹទ្ធសភាតំបន់ Val-d'Oise ជាប្រធានគណៈកម្មាធិការក្រមសីលធម៌សភា នៃព្រឹទ្ធសភាបារាំង និងអមដំណើរដោយ លោកស្រី Christine ALLAIS ទីប្រឹក្សាពិសេស, លោក Jérémy ROUBIN ទទួលបន្ទុកផ្នែករដ្ឋបាលនៃអគ្គលេខាធិការដ្ឋានប្រធានព្រឹទ្ធសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍ និងលោក Philippe DELIVIER នាយកកិច្ចការទំនាក់ទំនងអន្តរជាតិនៃព្រឹទ្ធសភាបារាំង។

ក្នុងជំនួបពិភាក្សា ឯកឧត្តម Arnaud BAZIN បានជម្រាបជូនគណៈប្រតិភូអំពីតួនាទី មុខងារ និងរចនាសម្ព័ន្ធរបស់គណៈកម្មាធិការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភាបារាំង ក្នុងនោះមានសមាសភាពដឹកនាំ៧រូប និងបានពន្យល់លម្អិតអំពីការអនុវត្តការងាររដ្ឋបាល។ ព្រឹទ្ធសភាត្រូវទទួលបន្ទុកលើវត្តមាននិយម (យ៉ាងហោចណាស់សមាជិកព្រឹទ្ធសភាម្នាក់ៗត្រូវតែមានវត្តមានចំនួនពាក់កណ្ដាលនៃចំនួនពេលប្រជុំ ក្នុងនោះមាន ប្រជុំអចិន្ត្រៃយ៍, ប្រជុំគណៈកម្មការ, ប្រជុំពេញអង្គ និងប្រជុំជាមួយរដ្ឋាភិបាល) ល្គឹកណាកង្វះការចូលរួមប្រជុំត្រូវប្រឈមនឹងការកាត់ប្រាក់បៀវត្ស។

ចំពោះគោលការណ៍ប្រកាសទ្រព្យសម្បត្តិ គឺត្រូវប្រកាសពេលមុនចូលកាន់មុខតំណែង និងមុនពេលបញ្ចប់តំណែង ហើយត្រូវស្ថិតនៅក្រោមអាជ្ញាធរជាន់ខ្ពស់សាធារណៈ។ ទំនាស់ផលប្រយោជន៍ គឺសមាជិកព្រឹទ្ធសភាពុំមានសិទ្ធិលើកដៃអនុម័តគាំទ្រច្បាប់ណាដែលពាក់ព័ន្ធទៅនឹងផលប្រយោជន៍ផ្ទាល់ខ្លួនបានទេ។ ថវិកាសម្រាប់ចំណាយក្នុងអាណត្តិរបស់សមាជិកព្រឹទ្ធសភាត្រូវអនុម័តមួយឆ្នាំម្តងៗ ពីព្រោះមានពាក់ព័ន្ធដល់គោលការណ៍បី គឺ ១-ចំណាយផ្ទាល់ក្នុងការបំពេញភារកិច្ច ២-ចំណាយតាមផែនការកំណត់ ហើយទូទាត់តាមកិច្ចបញ្ជីកាគណនេយ្យ និង ៣-ត្រូវចំណាយឱ្យចំគោលដៅនិងក្នុងប្រយោជន៍សមូហភាព។ នីតិវិធីក្នុងការអនុម័តថវិកា គឺគណៈកម្មាធិការក្រមសីលធម៌ត្រូវគ្រោងធ្វើការងារជាមួយអ្នកឯកទេស២នាក់ ដែលមកពីរដ្ឋាភិបាល មុននឹងបញ្ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍អនុម័ត។ អ្នកដែលត្រូវចូលមកប្រឹក្សាការងារជាមួយសមាជិកព្រឹទ្ធសភា អំពីសេចក្តីព្រាងច្បាប់ត្រូវស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ពីគណៈកម្មាធិការក្រមសីលធម៌សភា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦