គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចប្រមុខរដ្ឋស្តីទី ទទួលជួបសវនាការជាមួយនាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី
2019-09-03 07:06:07

 

នាព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩ វេលា​ម៉ោង១១:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី  សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ (Dr. Mahathir Mohamad) នាយក​រដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមបណ្ឌិតដឹកនាំ គណៈប្រតិភូមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រ​កម្ពុជា។​

ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះម​ហាក្សត្រ នៃព្រះ​រាជា- ណា​ចក្រកម្ពុជា និងក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា សម្តេច​វិបុល​សេនាភក្តី សាយ ឈុំ បានសម្តែង​នូវ​សេចក្តីរីករាយ និងស្វាគមន៍ដ៏កក់ក្តៅចំពោះ​ឯកឧត្តមនាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រម​ទាំង​គណៈ​ប្រតិភូ ដែល បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សម្តេចប្រមុខ​រដ្ឋស្តីទី បានពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ ដោយសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតពី ព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តមនាយករដ្ឋមន្រ្តី និងលោកជំទាវ។

          នាឱកាសនោះ ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបសវនាការជាមួយនឹងគណៈប្រតិភូ នាពេល នេះ។ ឆ្លៀតក្នុង​ឱ​កាស​នោះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកា​រ​អភិវឌ្ឍដ៏ខ្លាំងក្លា និងវិបុល​ភាពរបស់​ប្រទេសកម្ពជា ជាពិសេស ប្រទេសម៉ាឡេស៊ីមានសេចក្តីសោមនស្សរីករាយដែលមានទំនា​ក់ទំ​នង​ល្អ​ប្រពៃជា​​មួយនឹង ប្រទេសកម្ពុជា។

ឯកឧត្តមនាយករដ្ឋមន្រ្តី មានសេចក្តី​សង្ឃឹម​យ៉ាងមុត​​មាំថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេល នេះ នឹងអាចត្រួសត្រាយផ្លូវដើម្បីឱ្យប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី រួមគ្នាធ្វើការអភិវឌ្ឍ និងមានកិច្ច​សហប្រ​តិបត្តិកា​រ លើ​គ្រប់វិស័យ ដើម្បីវិបុលភាពនៃប្រទេសទាំងពីរ។

ឯកឧត្តមនាយករដ្ឋមន្រ្តី បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា តាមរយៈដំណើរទស្សនកិច្ចនេះ មានការ​ចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នា​​ស្តីពី កិច្ចសហប្រតិបត្តិការវិស័យ​ទេស​ចរណ៍ និងកិច្ចព្រមព្រៀងស្តីពី ការ ជៀសវៀងយកពន្ធត្រួតគ្នា និងការទប់ស្កាត់ការគេចវេសពន្ធលើប្រាក់ចំណូល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល ម៉ាឡេស៊ី។ ក្រៅពីនេះ ក៏​នឹងមានអនុស្សរណយោគយល់​គ្នាជា​ច្រើនទៀត ដែលកំពុងរៀងចំ និងត្រៀមចុះហត្ថ​លេខា រវាងថ្នាក់​ដឹក​នាំ​នៃ​ប្រទេសទាំង​ពីរនាពេលខាងមុខ។ តាមរយៈនៃការចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នានេះ ទំនាក់ទំនង និងកិច្ច​សហប្រតិបត្តការ​នៃ ប្រទេសទាំង​ពីរ នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀត ជាពិសេសការវិនិយោគ រវាងប្រទេសទាំងពីរ។

          ឯកឧត្តមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ ក៏អាចត្រួសត្រាយផ្លូវដើម្បីបង្កើន សក្តានុពលបន្ថែមទៀត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ ឱ្យកាន់​តែខ្លាំងក្លាថែម​ទៀត។ ចំពោះវិស័យទេសចរណ៍ គឺជាវិស័យដ៏មានសារសំខាន់ និងប្រកបដោយសក្តានុពលច្រើន ហើយវិ​ស័យ​នេះ ចាត់ទុកថា ជាវិ​ស័យ​អាទិភាព​ដែលប្រទេសទាំងពីរ អាចទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក តាមរយៈការ ផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងប្រជាជននៃប្រទេសទាំងពីរ។ ប្រការនេះ នឹងអាចរួមចំណែកបង្កើន​នូវការយល់ដឹងពីគ្នា ទៅវិញទៅមក និងអាចរួមចំណែកដល់ការពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អប្រពៃ រវាងប្រទេសទាំងពីរឱ្យ កាន់តែរឹងមាំថែមទៀត។

ឯកឧត្តមនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកនេះ ហើយជឿជាក់ថា នឹងរួមចំណែក ដ៏សំខាន់ ក្នុងការពង្រឹងពង្រីក​បន្ថែមទៀត នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី និងប្រទេស កម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លា​របស់ឯកឧត្តមបណ្ឌិត មហា​ធា មហាម៉ាត់  ដែលបាន​ថ្លែងសរ​សើរអំពី ទំនាក់ទំនងមិត្ត​ភាព សាមគ្គីភាព និងកិច្ចសហ​ប្រតិបត្តិការដ៏ល្អប្រពៃរ​វាង​ប្រ​ជាជន នៃប្រទេសទាំងពីរ ក៏ដូចជាការរីក​ចម្រើន​របស់ប្រទេស​កម្ពុជា​នា​ពេល​បច្ចុ​ប្បន្ន។ សម្តេច​ប្រមុខរដ្ឋស្តីទី មាន​ជំនឿថា តាមរយៈដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាការ​បន្ត​ខិត​​ខំថែរក្សា​ប្រ​ពៃ​ណីដ៏ល្អនៃចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេស​ទាំងពីរ​ឱ្យកាន់​តែល្អ ប្រសើរឡើង និង​រឹងមាំថែមទៀត។ ទំនាក់ទំនងដ៏ល្អនេះ បានចាប់ផ្តើមស្ថាប​នាឡើងរវាង​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សី​ហនុ «ព្រះបរមរតនកោដ្ឋ» និងថ្នាក់ដឹកនាំម៉ាឡេស៊ីជំនាន់មុន។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហ​ប្រតិបត្តិ​ដ៏ល្អ​រវាង​ប្រទេសទាំងពីរ ដែលបាននាំមកនូវផលប្រយោជន៍ដ៏​ធំធេងទៅវិញទៅមក​សម្រាប់ប្រ​ជាជន និង​ប្រទេស​ទំាងពីរ ទាំងក្នុង ពេលបច្ចុប្បន្ន និងតទៅអនាគត។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល និង​មន្រ្តីថ្នាក់ដឹក​នាំ​ជាន់​ខ្ពស់គ្រប់លំដាប់ថ្នាក់នៃ ប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ហើយទំហំពាណិជ្ជកម្មរវាង​ប្រទេស​ទាំង​ពីរបានកើន ឡើងជាបន្តបន្ទាប់ ដែលបានរួមចំណែកដ៏​ធំធេងដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម នៃប្រទេស​ទាំងពីរ។ ប្រទេសទាំងពីរ ក៏បានគាំទ្រគ្នាទៅវិញទៅមក​ និងមាន​កិច្ចសហ​ប្រតិបត្តិការល្អ ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរ​ជាតិ ជាពិសេសក្នុងក្រប ខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បាន​ថ្លែងអំ​ណរគុណចំពោះ​រដ្ឋាភិ​បាលម៉ាឡេស៊ី ដែលបានជួយ​អភិវឌ្ឍ​ធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់អាហារូបក​រណ៍រ​យៈ​ពេលវែង និង​ខ្លីជាច្រើននាក់ដល់មន្រ្តី និងនិស្សិត កម្ពុជា បានទៅសិក្សានៅប្រទេសម៉ាឡេស៊ី។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា  ក្រោមព្រះរាជកិច្ចដឹក​នាំរបស់ព្រះករុណាជាអម្ចាស់​ជីវិតលើ​ត្បូង ព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រកម្ពុជា និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច​អគ្គ មហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបាននឹង​កំពុង​ទទួលបាន នូវសន្តិភាព ស្ថិរភាពនយោបាយ និងសង្គមល្អប្រសើរ។ ប្រជាជនកម្ពុជាកំពុងរស់​នៅក្នុងភាពសុខដុមរមនា គ្មាន​ការរើស អើងអំពីនិន្នាការនយោបាយ អតីតកាល ជាតិសាសន៍ ជំនឿសាសនា ក្នុងសង្គមឡើយ។ ប្រទេសកម្ពុជា កំពុង​មាន ការអភិវឌ្ឍន៍លើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចនៅតែបន្តរីកចម្រើនជាលំដាប់។ ក្នុងឆ្នាំ២០១៨កន្លងទៅនេះ ប្រទេស កម្ពុជា​សម្រេចបានកំ​ណើនសេដ្ឋកិច្ច ៧,៥% ហើយបើតាមការព្យាករណ៍ក្នុងឆ្នាំ២០១៩ កំណើនសេដ្ឋកិច្ច​អាច​នឹង​សម្រេចក្នុងរង្វង់ ៧,៤%។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីសប្បាយរីករាយដោយមើលឃើញ​អំពី ការរីក​ចម្រើន ផ្នែក​សេដ្ឋកិច្ច សង្គមរបស់ប្រជាជន និងប្រទេសម៉ាឡេស៊ីជាបងប្អូនរួមគ្រួសារអាស៊ាន ហើយសូមប្រសិទ្ធពរ​ឱ្យប្រជាជន និង​ប្រទេសម៉ាឡេស៊ី បន្តរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត រួមចំណែកដល់វឌ្ឍនភាព វិបុលភាព និង​ការអភិវឌ្ឍនៅ ក្នុងតំបន់។

ឆ្លៀតក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តាំផ្ញើនូវព្រះរាជបណ្តាំសួរសុខ​ទុក្ខដោយ​​សេចក្តីគោរព សេចក្តីនឹករលឹក សេចក្តីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់ និងជ្រាលជ្រៅពីព្រះករុណាព្រះ​បាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ថ្វាយចំពោះព្រះមហាក្សត្រ និងជូនថ្នាក់ដឹកនាំកំពូល​ប្រទេសម៉ាឡេស៊ី។

សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូនឯកឧត្តមនាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ សូម​មានសុខភាពល្អ និងសូមទទួលបាននូវជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជា៕

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦