គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតជគូបាចូលជួបសម្តែងការគួរសម និងជម្រាបលា
2019-10-31 02:43:55

នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Juan de Jesús Hidalgo-Gato Pérez ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគូបាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ។

នៅក្នុងឱកាសនោះ ឯកឧត្តម Juan de Jesús Hidalgo-Gato Pérez បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ក្នុងអំឡុងពេលបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានទទួលការគាំទ្រពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-គូបា មានការរីកចម្រើន។  ជាមួយគ្នានេះ ឯកឧត្ដមក៏បានវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋ ទូត ដែលបានរួមចំណែកពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឱ្យទទួលបានផលប្រយោជន៍ទៅវិញទៅមក។

សម្តេចប្រធានព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា ឯកឧត្តម និងស្ថានទូតគូបាប្រចាំព្រះរាជាណាចក្រកម្ពុជា បានបំពេញភារកិច្ចយ៉ាងល្អប្រសើរ និងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់  និងជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។

 សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះចំ​ណង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះស្ថានទូតគូបាប្រចាំព្រះរាជាណចក្រកម្ពុជា ដែលជួយសម្របសម្រួលឱ្យមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន៥រូប​ បានទៅសិក្សាភាសាអេស្បាញ នៅប្រទេសគូបា និងបានបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលបច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន១៧នាក់ កំពុងសិក្សានៅប្រទេសគូបា។ សម្តេចសង្ឃឹមថា ប្រទេស    គូបានឹងបន្តបង្កើនចំនួនអាហារូបករណ៍ដល់និស្សិ​ត​កម្ពុជាបន្ថែមទៀត។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា នឹងត្រៀមខ្លួនជានិច្ចបន្តធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទជាមួយនឹងជាមួយឯកអគ្គរដ្ឋទូតគូបាថ្មី និងស្ថានទូតគូបាប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផល ប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យថ្មីៗ ថែមទៀតនាពេលខាងមុខ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦