គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៧ព្រឹទ្ធសភា ចុះឈ្វេងយល់អំពី ការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៅខេត្តកំពង់ឆ្នាំង
2020-02-12 01:26:58

 

 

   នាថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧)​ ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរ ក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធ ដឹក​នាំដោយឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីឈ្វេងយល់ពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងវិស័យដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

             ក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃអភិបាលខេត្តកំពង់ឆ្នាំង បានជម្រាបជូនគណៈប្រតិភូ អំពី ស្ថានភាពភូមិសាស្ត្រទូទៅរបស់ខេត្ត សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងលទ្ធផលដែលសម្រេចបាននៅក្នុងខេត្ត។ ទន្ទឹមនឹងនេះ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ ក៏បានធ្វើសេចក្តីរាយការណ៍អំពី លទ្ធផលការងារដែលសម្រេចបាន និងការអនុវត្តការងារកន្លងទៅ អាជ្ញាធរខេត្ត និងមន្ទីរបានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ។

           បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានថ្លែងនូវការកោត​សរ​សើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ​ដែលបាន​ខិតខំ​ប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់​សេវាជូន​ប្រជា​ពល​រដ្ឋ​បានយ៉ាងល្អប្រសើរ ព្រមទាំងធ្វើ​ឲ្យ​ខេត្តមានការរីកចម្រើនឈានទៅមុខ និង​មានការអភិវឌ្ឍលើគ្រប់វិស័យ។ ចំពោះបញ្ហាប្រឈមដែលនៅមាន អាជ្ញាធរខេត្តគប្បីបន្តដោះស្រាយជាជំហានៗ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ក្នុងនោះត្រូវធានាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជំរុញកំណើនសេដ្ឋកិច្ចតាមតួនាទី ភារកិច្ច លើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សដែលជាបញ្ហាអាយុជីវិតជាតិ និងអនុវត្តន៍គោលនយោបាយកែទម្រង់ស៊ីជម្រៅ “ អភិបាលកិច្ចល្អ ” ជាមធ្យោបាយជំរុញឱ្យមានការជឿទុកចិត្ត សាមគ្គីភាពទូលំទូលាយ និងវឌ្ឍនភាពសង្គម។

           ក្នុងដំណើរបំពេញបេសកកម្មលើទឹកដីខេត្តកំពង់ឆ្នាំង គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់អំពីការបណ្តុះបណ្តាលរបស់សាលា ការលំបាក បញ្ហាប្រឈម  និងសំណូមពរនានារបស់សាលា៕

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦