គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរ ក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធ ដើម្បីឈ្វេងយល់ពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងវិស័យដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់
2020-02-13 00:39:35

 

នាថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរ ក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធ ដឹកនាំដោយឯកឧត្តម ម៉ៅ ធនិន អភិបាល នៃអភិបាលខេត្តពោធិ៍សាត់ ដើម្បីឈ្វេងយល់ពីការវិវត្តរីកចម្រើនថ្មី បញ្ហាប្រឈម និងវិស័យដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។

  ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនគណៈប្រតិភូអំពី ស្ថានភាពភូមិសាស្ត្រទូទៅរបស់ខេត្ត សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងលទ្ធផលដែលសម្រេចបាននៅក្នុងខេត្ត។ ទន្ទឹមនឹងនេះ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ ក៏បានធ្វើសេចក្តីរាយការណ៍អំពី លទ្ធផលការងារដែលសម្រេចបាន និងការអនុវត្តការងារកន្លងទៅ អាជ្ញាធរខេត្ត និងមន្ទីរបានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ព្រមទាំងធ្វើឲ្យខេត្តមានការរីកចម្រើនឈានទៅមុខ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ចំពោះបញ្ហាប្រឈមដែលនៅមាន អាជ្ញាធរខេត្តគប្បីបន្តដោះស្រាយជាជំហានៗ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ក្នុងនោះត្រូវធានាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជំរុញកំណើនសេដ្ឋកិច្ចតាមតួនាទី ភារកិច្ច លើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សដែលជាបញ្ហាអាយុជីវិតជាតិ និងអនុវត្តន៍គោលនយោបាយកែទម្រង់ស៊ីជម្រៅ “ អភិបាលកិច្ចល្អ ” ជាមធ្យោបាយជំរុញឱ្យមានការជឿទុកចិត្ត សាមគ្គីភាពទូលំទូលាយ និងវឌ្ឍន៍ភាពសង្គម។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦