គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២រៀបចំវេទិកាថ្នាក់ស្រុកនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ
2020-08-04 03:14:03

ដើម្បីឈ្វេងយល់អំពី ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២បានរៀបចំវេទិកាថ្នាក់ស្រុកនៅសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។
វេទិកាថ្នាក់ស្រុកនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដោយមានការចូលរួមពីប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ប្រធានក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមន្ទីរពាក់ព័ន្ធជំវិញខេត្តត្បូងឃ្មុំ សរុបចំនួន៤៩នាក់។
អង្គវេទិកានេះរៀបចំឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីបញ្ហាមួយចំនួនដូចជា៖ ទី១-ស្ថានភាពជំងឺកូវីដ១៩ (Covid-19) ក្នុងពេលបច្ចុប្បន្ន វិធានការបង្ការ ការពារ ទប់ស្កាត់ អប់រំប្រជាពលរដ្ឋ។ ទី២-ការកំណត់អត្តសញ្ញាណកម្មជនក្រីក្រ១ ជនក្រីក្រ២ និងការបែងចែកកញ្ចប់ថវិកាជូនប្រជាពលរដ្ឋ។ ទី៣- តើមានគោលការអ្វីខ្លះសម្រាប់ដោះស្រាយជីវភាពប្រជាពលរដ្ឋ និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងវិស័អប់រំក្នុងពេលមានជំងឺកូវីដ១៩នេះ។ ទី៤-ការអនុវត្តគោលនយោយបាយភូមិ ឃុំ មានសុវត្ថភាពទាំង៩ចំណុចនៅមូលដ្ឋាន។ ទី៥-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនាពេលកន្លងមកដូចជា៖ អត្រានុ កូលដ្ឋាន ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការផ្តល់សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ទី៦- ការដកថវិកាសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់ នៅមូលដ្ឋាននាពេលកន្លងមក និងទី៧-បញ្ហាពាក់ព័ន្ធនឹងការងារគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ។
អង្គវេទិកាប្រព្រឹត្តទៅរយៈពេល០១ព្រឹក ដោយមានការធ្វើសេចក្តីរាយការណ៍អំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំនីមួយៗ និងការពិភាក្សាគ្នាអំពីបញ្ហាប្រឈម សំណូមពរ និងការបកស្រាយបំភ្លឺ និងរកដំណោះស្រាយពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦