គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា បានផ្តួចផ្តើមអង្គកឋិនទានមហាសាមគ្គីដើម្បីដវង្ហែរទៅកាន់វត្តកំពង់ស្វាយ
2020-10-26 01:12:27

នារសៀលថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកាព្រឹទ្ធសភា រួមជាមួយឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា សប្បុរសជន ញាតិមិត្តជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា បានផ្តួចផ្តើមអង្គកឋិនទានមហាសាមគ្គីដើម្បីដវង្ហែរទៅកាន់វត្តកំពង់ស្វាយ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីប្រមូលបច្ច័យកសាងស្ពានបេតុងឆ្លងស្ទឹងសែន ឆ្ពោះទៅកាន់ទីវត្ត ដែលកំពុងសាងសង់សព្វថ្ងៃបាន៧៥% ត្រូវបង្ហើយនៅរដូវប្រាំងខាងមុខនេះ។
ក្នុងឱកាសនោះ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកា សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា សប្បុរសជន និងញាតិមិត្តជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីថ្វាយបង្គំព្រះរតនត្រៃ សមាទានសីល ព្រះសង្ឃសំដែងព្រះបរិត ជយន្តោ ប្រោះព្រហ្មដល់ពុទ្ធបរិស័ទនាំមកនូវសេចក្តីសុខចំរើន និងមានការសំដែងធម៌ទេសនាអប់រំទូន្មានដល់ពុទ្ធបរិស័ទជិតឆ្ងាយដោយព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណថ្នាក់ចត្វា និងជាព្រះមេគណខេត្តកំពង់ធំ។
សូមបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ ហើយបើទីអារាមណាមិនមានកឋិនណាមួយ ហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦