គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
កិច្ចពិគ្រោះយោបល់ស្ដីពី “ ផលប្រយោជន៍នៃកន្លែងធ្វើការគ្មានផ្សែងបារី ”
2011-05-27 03:52:14

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១១ នៅវិមានព្រឹទ្ធសភា បានរៀបចំកិច្ចពិគ្រោះយោបល់ “​ ស្ដីពីផល​ប្រយោជន៍នៃកន្លែងធ្វើការគ្មានផ្សែងបារី ” ក្រោមកិច្ចសហប្រតិបត្ដិការរៀបចំរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​ ជាមួយនឹងអង្គការអាដ្រាកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដម ឡោក ឆាយ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលមានការចូលរួមពីសំណាក់មន្ដ្រីរាជការនៃអគ្គលេខាធិការ​-ដ្ឋាន​​ព្រឹទ្ធសភា និងមន្ដ្រីជំនាញនៃអង្គការអាដ្រាកម្ពុជា ។

ជាកិច្ចចាប់ផ្ដើមលោក ម៉ាក ស្វីសូ នាយកអង្គការអាដ្រាកម្ពុជា បានមានមតិចំណាប់អារម្មណ៍ ដើម្បីបញ្ជាក់អំពីគោលបំណងនៃកិច្ចពិភាក្សានាពេលនេះថា គឺដើម្បីលើកកម្ពស់ស្ថាប័នព្រឹទ្ធសភា ប្រែក្លាយជា​ទីកន្លែង​​ធ្វើការគ្មានផ្សែងបារី ស្របតាមមាត្រា៨នៃអនុសញ្ញាត្រួតពិនិត្យថ្នាំជក់របស់អង្គការសុខភាពពិភពលោក ដែលរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៥ ។

ថ្លែងក្នុងឱកាសបើកកិច្ចពិភាក្សាឯកឧត្ដម ឡោក ឆាយ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានមានប្រសាសន៍ថា អង្គសិក្ខាសាលានាពេលនេះពិតជាមានសារៈសំខាន់​ណាស់ ដើម្បីឲ្យយើងទាំងអស់គ្នាបានស្វែងយល់អំពីផលប្រយោជន៍នៃកន្លែងធ្វើការគ្មានផ្សែងបារី និងផល​ប៉ះ​ពាល់​ ក៏ដូចជាការចែកចាយបទពិសោធន៍ល្អៗពីសំណាក់បណ្ដាប្រទេសនានា។ ជាក់ស្ដែងរាជរដ្ឋាភិបាល​យើង​បានខ្នះខ្នែងយ៉ាងខ្លាំង នៅក្នុងការងារត្រួតពិនិត្យថ្នាំជក់កន្លងមកដូចជា បានបង្កើតគណៈកម្មាធិការអន្ដរក្រសួង ដើម្បីអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ដោយមានក្រសួងចំនួន១១ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជាសមាជិក និងការបង្កើតលេខាធិការដ្ឋានអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ ហើយក្រោមកិច្ច​ខិតខំ​ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋសភា ព្រឹទ្ធសភាក៏បានផ្ដល់សច្ចាប័ន លើអនុសញ្ញាត្រួតពិនិត្យ​ថ្នាំជក់ផងដែរ។

កិច្ចពិភាក្សា ត្រូវបានប្រព្រឹត្ដទៅរយៈពេលពេញ០១ថ្ងៃ ដោយមានការធ្វើបទបង្ហាញពីសំណាក់មន្ដ្រី​ជំនាញ​នៃអង្គការអាដ្រាកម្ពុជា និងមានការផ្ដល់សំណួរ-ចម្លើយមួយចំនួន លើប្រធានបទដូចជា ដោយលោក រស់ រ៉ាវ៉ាន់ ស្តីពីសារធាតុគីមីក្នុងផ្សែងបារី និងការធ្វើបទបង្ហាញសួតសប្បនិម្មិត លោក ឌី វ៉ាន់លី ស្តីពីផល​​ប៉ះពាល់សុខភាពដោយសារការជក់បារី និងលោក អូន យុវរ៉ា ស្ដីពីផលប្រយោជន៍នៃកន្លែងធ្វើការគ្មាន​  ផ្សែង​បារី ។

នាពេលបច្ចុប្បន្ននេះថ្នាំជក់សំលាប់មនុស្ស ៥,៤លាននាក់ទូទាំងពិភពលោកក្នុងមួយឆ្នាំ ពីជំងឺមហារីក​សួត ជំងឺបេះដូង និងជំងឺដទៃផ្សេងៗទៀត។ អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថានៅ ឆ្នាំ២០៣០ ថ្នាំជក់នឹងសំលាប់មនុស្សជាង៨លាននាក់ក្នុងមួយឆ្នាំៗ ពាក់កណ្ដាលនៃអ្នកប្រើប្រាស់ថ្នាំជក់រយៈពេលយូរនឹង​ស្លាប់មុនអាយុកាលដោយបាត់បង់អាយុពី២០ទៅ២៥ឆ្នាំ។ នៅឆ្នាំ១៩៥០ដល់ឆ្នាំ២០០០ ថ្នាំជក់បានសំលាប់​មនុស្ស​៦០លាននាក់នៅក្នុងបណ្ដាប្រទេសអភិវឌ្ឍន៍ច្រើនជាងការស្លាប់ នៅក្នុងអំឡុងសង្គ្រាមលោកលើក​ទី២ ថ្នាំជក់គឺជាមូលហេតុចម្បងនៃការស្លាប់ បង្ករឲ្យកើតជំងឺ និងពិការភាពនៅក្នុងពិភពលោកយើងសព្វថ្ងៃនេះ ដែលគួរតែការពារបាន ។

ថ្លែងក្នុងឱកាសបិទកិច្ចពិភាក្សាឯកឧត្ដម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានមានប្រសាសន៍ថា ដោយឆ្លងតាមស្មារតីសហការគ្នានេះ យើងឃើញថា កិច្ចពិគ្រោះយោបល់ស្ដីពីផលប្រយោជន៍នៃកន្លែងធ្វើការ​គ្មានផ្សែងបារី បានទទួលលទ្ធផលគួរជាទីពេញចិត្ដ ដោយមានការចូលរួមយកចិត្ដទុក្ខដាក់យ៉ាងផុសផុលពី​សំណាក់​សមាជិក សមាជិកានៃកិច្ចពិគ្រោះយោបល់នាពេលនេះ។ ឯកឧត្ដម បានបន្ដថាអគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​នឹងខិតខំចូលរួមចំណែកគាំទ្រដល់ការរៀបចំអនុក្រឹត្យបរិស្ថានគ្មានថ្នាំជក់ឲ្យមានលក្ខណៈទូលំទូលាយ និងច្បាស់លាស់ដែលអាចយកទៅអនុវត្ដបានជាប្រយោជន៍ក្នុងការការពារសុខភាពរបស់មន្ដ្រីរាជការ បុគ្គលិក ប្រជាពលរដ្ឋអំពីការស្រូបផ្សែងបារីដោយអចេតនា និងដាក់ជូនប្រមុខរដ្ឋាភិបាល ដើម្បីអនុម័តលើសេចក្ដីព្រាង​អនុក្រឹត្យនេះឲ្យបានឆាប់រហ័ស ។

ថ្នាំជក់គឺជាផលិតផលតែមួយគត់ដែលសំលាប់មនុស្សម្នាក់ ក្នុងចំណោមអ្នកប្រើប្រាស់ពីរនាក់តាមរយៈ​​ការបង្កឲ្យកើតជំងឺជាច្រើនមុខចំពោះអ្នកជក់ ក៏ដូចអ្នកដែលបានស្រូបផ្សែងបារីពីគេ។ តាមរយៈការសិក្សា​ស្រាវ​ជ្រាវ​បែបលក្ខណៈវិទ្យាសាស្ដ្រជាច្រើនបានបញ្ជាក់ថា គោលនយោបាយបរិស្ថានគ្មានផ្សែងបារីក្នុងការ​កាត់​​​បន្ថយអត្រាជក់បារីរហូតដល់៤% លើកម្ពស់សីលធម៌រស់នៅ និងអាចការពារសុខភាពចំពោះអ្នកដែល​ស្រូប​ផ្សែងបារីដោយអចេតនា ពិសេសស្ដ្រី និងកុមារ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០០៩ រាជរដ្ឋាភិបាលយើងបានអនុម័តនូវអនុក្រឹត្យ ស្ដីអំពី សារព្រមានសុខភាពលើកញ្ចប់បារី ដែលអនុក្រឹត្យនេះតម្រូវឲ្យគ្រប់ផលិតផលក្នុងស្រុក និងនាំចូលទាំង​អស់ដាក់សារព្រមានលើគ្រប់កញ្ចប់វេចខ្ចប់បារី។ ហើយជាពិសេសកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១១ រាជ​-រដ្ឋាភិបាលយើងបានអនុម័តនូវអនុក្រឹត្យ ស្ដីពី វិធានការហាមឃាត់ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំ​ជក់។ មកដល់ពេលបច្ចុប្បនេះ ក្រសួងស្ថាប័នជាតិចំនួន១៣ បានបង្កើតសារាចរ និងសេចក្ដីណែនាំឲ្យកន្លែង​ធ្វើការគ្មានផ្សែងបារីសំរាប់ ក្រសួង មន្ទីររបស់ខ្លួន ហើយសារាចរ និងសេចក្ដីណែនាំទាំងនេះត្រូវបាននឹងកំពុង​អនុវត្ដក្នុងក្រសួងស្ថាប័នទាំង១២រួមមាន ក្រសួងសុខាភិបាល ក្រសួងអប់រំយុវជន និងកីឡា ក្រសួង ធម្មការ និងសាសនា ក្រសួងកិច្ចការនារី អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ ក្រសួង​ឧស្សាហកម្ម រ៉ែ និងថាមពល ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦