គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យ៉ង់ សែម ធ្វើបទបង្ហាញជូនលោកគ្រូអ្នកគ្រូ ដែលមកពីវិទ្យាល័យនានា ក្នុងខេត្តសៀមរាប ដែលមកទស្សនកិច្ចសិក្សានៅវិមានព្រឹទ្ធសភា
2014-07-24 09:51:34

នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភាឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធ សភា(គណៈកម្មការទី១ព្រឹទ្ធសភា) និងឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បាន អញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបង្ហាញជូនដល់លោកគ្រូអ្នកគ្រូ ដែលមកពីវិទ្យាល័យនានា ក្នុង ខេត្តសៀមរាប ដែលអញ្ជើញមកទស្សនកិច្ចសិក្សានៅវិមានព្រឹទ្ធសភា។
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្កៅចំពោះដំណើរទស្សនកិច្ចសិក្សារបស់លោកគ្រូអ្នកគ្រូ នៃវិទ្យាល័យនានា ក្នុងខេត្តសៀមរាប នៅវិមានព្រឹទ្ធសភានាពេលនេះ ពិតជាមានសារសំខាន់ណាស់ក្នុងការផ្សព្វផ្សាយអំពីព្រឹទ្ធសភា ជូនដល់សាធារណជនឲ្យស្គាល់កាន់តែច្បាស់អំពីស្ថាប័នព្រឹទ្ធសភា។
ឯកឧត្តម អគ្គលេខាធិការព្រឹទ្ធសភា បានលើកឡើងថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជា សេនាធិការដែលធ្វើឲ្យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ធានារ៉ាប់រងកំណត់ហេតុប្រជុំព្រឹទ្ធសភា គណៈកម្មការជំនាញ គណៈកម្មាធិការអចិន្ត្រៃយ៍ និងគ្រប់សវនាការនានារបស់ថ្នាក់ដឹកនាំព្រឹទ្ធ សភា រ៉ាប់រងកិច្ចការរដ្ឋបាល សន្តិសុខ និងផ្តល់សេវាទាំងឡាយជូនដល់សមាជិក សមាជិកា ព្រឹទ្ធសភា ទំនាក់ទំនងជាមួយនឹងប្រទេសនានាជាមិត្ត ដើម្បីស្វែងរកជំនួយសម្រាប់អភិវឌ្ឍន៍ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អភិវឌ្ឍន៍ចំណេះដឹង និងជំនាញដល់មន្ត្រីរាជការនៃអគ្គលេខា ធិការដ្ឋានព្រឹទ្ធសភា។
ក្នុងឱកាសធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានលើកឡើងថា បច្ចុប្បន្ននេះព្រឹទ្ធសភាបានដើរ ដល់ ព្រឹទ្ធសភា នីតិកាលទី៣ មានសមាជិកចំនួន៦១រូប ០២រូបតែងតាំងដោយព្រះមហាក្សត្រ ០២រូបជ្រើសតាំងដោយរដ្ឋសភា និង៥៧រូបទៀតជ្រើសរើសដោយការបោះឆ្នោតអសកល គឺមាន ន័យថាបោះឆ្នោតដោយតំណាងរាស្ត្រក្នុងមុខតំណែង និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង០៨ភូមិភាគ។
ឯកឧត្តម បានលើកឡើងបន្តទៀតថា ព្រឹទ្ធសភាមានមុខងារសំខាន់ៗចំនួន០៣ គឺទី១-មុខងារនីតិកម្ម ទី២-មុខងារត្រួតពិនិត្យ ទី៣-មុខងារជាតំណាង ហើយមុខងារទាំងបីនេះមាន សារសំខាន់ណាស់ក្នុងការជួយជំរុញឲ្យសេចក្តីព្រាងច្បាប់ ដែលរាជរដ្ឋាភិបាលបាននឹងកំពុង តាក់តែងឡើងកាន់តែមានប្រសិទ្ធភាពជាងមុនថែមទៀត ដើម្បីបម្រើផលប្រយោជន៍ជូនសង្គម ជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេសឲ្យកាន់តែមានតម្លាភាព និងសុក្រឹតយុត្តិធម៌។
ឯកឧត្តម បានលើកឡើងទៀតថា គណៈកម្មការទី១ព្រឹទ្ធសភា មានតួនាទីភារកិច្ច ជាសេ នាធិការការឲ្យគណៈកម្មាធិកាអចិន្រ្តៃយ៍ព្រឹទ្ធសភា និងមានមុខងារតំណាង មុខងារនីតិកម្ម មុខ ងារត្រួតពិនិត្យ និងធានាប្រមូលព័ត៌មាន ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការជូន គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងការពារសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង ហើយចុះ អង្កេតតាមដានរាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានបញ្ជូនមកគណៈកម្មការ៕


រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦