គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក គង់ ដឹកនាំគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម គុយ ប៊ុនសន អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ
2014-07-16 07:59:05

នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានពន្ធនាគារ ទីស្តីការក្រ សួងមហាផ្ទៃ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក គង់ អនុប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម គុយ ប៊ុនសន អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដើម្បីសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងពន្ធនាគារ និងស្ថានភាពអ្នកជាប់ឃុំឃាំងក្នុងពន្ធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម គុយ ប៊ុនសន អគ្គនាយកពន្ធនាគារ បានមានប្រសាសន៍ថា ផ្អែកលើច្បាប់ស្តីពីពន្ធនាគារ អគ្គនាយកដ្ឋានបានខិតខំអនុវត្តការងារគ្រប់គ្រងជនជាប់ឃុំឲ្យធានាបានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌ស្របតាមគោលការណ៍អន្តរជាតិ និងវិធានការណ៍សហប្រជាជាតិដោយផ្តោតលើចំណុចសំខាន់ៗដូចជា ការរៀបចំអ្នកទោសដោយអនុវត្តតាមនីតិវិធីពន្ធនាគារយ៉ាងខ្ជាប់ខ្ជួន រក្សាសិទ្ធិ និងផលប្រយោជន៍របស់ជនជាប់ឃុំ ធានា និងការពារស្មើគ្នាចំពោះមុខច្បាប់។
ឯកឧត្តម បានមានប្រសាសន៍បន្តថា បច្ចុប្បន្ននៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធធនាគារ បាននឹងកំពុងធ្វើការបណ្តុះបណ្តាលយ៉ាងសកម្មនូវមុខជំនាញវិជ្ជាជីវៈផ្សេងៗដល់ទណ្ឌិត ឲ្យមានជំនាញវិជ្ជាជីវៈសម្រាប់ចិញ្ជឹមជីវិតនៅពេលពួកគេវិលត្រលប់ទៅរស់ក្នុងសហគមន៍វិញ។ ជំនាញទាំងនោះរួមមាន៖ ជំនាញអេឡិចត្រូនិច ជួសជុលម៉ូតូ កាត់ដេរ គូរគំនូរ ភាសាអង់គ្លេស កុំព្យូទ័រ សិប្បកម្ម ចម្លាក់ឈើ ចំណេះដឹងទូទៅ ភ្លេងប្រពៃណី តម្បាញផាមួង បំណិនជីវិត និងការអប់រំផ្លួវ ចិត្ត ជាមួយគ្នានោះ អគ្គនាយកដ្ឋាន បានរៀបចំឲ្យមានបណ្ណាល័យនៅក្នុងពន្ធនាគារ ដើម្បីផ្តល់ឱកាសឲ្យពួកគេបានសិក្សាស្រាវជ្រាវបង្កើនចំណេះដឹង និងកែប្រែខ្លួនក្លាយជាពលរដ្ឋល្អ ដើម្បីរួមចំណែកកាត់បន្ថយបទលើ្មសនៅក្នុសហគមន៍ផងដែរ។
ឯកឧត្តម អ៊ុក គង់ អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម អគ្គនាយកពន្ធនាគារ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ។ ដោយឡែកគោលបំណងនៃជំនួបពិភាក្សាការងារនាពេលនេះ គឺដើម្បីសិក្សាឈ្វេងយល់ពីការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងពន្ធនាគារ និងស្ថានភាពអ្នកជាប់ឃុំឃាំងក្នុងពន្ធនាគារ ដែលជាវិស័យជំនាញរបស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃ ព្រឹទ្ធសភា។
ឯកឧត្តម បានមានប្រសាសន៍បន្តថា គោលបំណងក្នុងការដាក់ទោស គឺដើម្បីអប់រំកែប្រែនូវអំពើដែលបានប្រព្រឹត្តខុសនឹងច្បាប់ និងណែនាំឲ្យប្រព្រឹត្តិអំពើល្អក្នុងសង្គមជាតិវិញ ហេតុនេះនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធធនាគារ ត្រូវមានចក្ខុវិស័យខ្ពស់ក្នុងការអប់រំ និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់ពួកគេ ដើម្បីប្រកបវិជ្ជាជីវៈចិញ្ចឹមជីវិត ក្រោយពេលដែលចេញពីពន្ធនាគារ ។
ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលបានខិតខំយកចិត្តប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការអភិវឌ្ឍពន្ធនាគារឲ្យកាន់តែមានកម្រិតស្តង់ដារ និងស្របតាមគោលការណ៍អន្តរជាតិ៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦