គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ប្រជុំការងារជាមួយ អគ្គលេខាធិការអាជ្ញាធរសវនកម្មជាតិ និងប្រធានគម្រោង GIZ-NAA
2014-05-08 01:36:52

កាលពីព្រឹកថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៤ វេលាម៉ោង ៨:៣០នាទី នៅបន្ទប់ប្រជុំគណៈកម្មការទី២ អគារ«E» វិមានព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធាន គណៈកម្មការទី២នៃព្រឹទ្ធសភា បានប្រជុំការងារជាមួយ ឯកឧត្តម បណ្ឌិត អ៊ុក សារាវុធ អគ្គលេខាធិការ អាជ្ញាធរសវនកម្មជាតិ, លោក យួរហ្គិន ឡេមបែក (Juergen Lehmberg) ប្រធានគម្រោង GIZ គាំទ្រអាជ្ញាធរសវនកម្មជាតិ (GIZ-NAA) និង លោក បណ្ឌិត សុខ ស៊ីណា ទីប្រឹក្សាហិរញ្ញវត្ថុសាធារណៈ នៃគម្រោង GIZ-NAA ។
ក្រោយពីបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំព្រឹទ្ធសភានិងការឯកភាពពីលោកជំទាវអគ្គសវនករនៃអាជ្ញាធរ សវនកម្មជាតិ អនុញ្ញាតឲ្យ ឯកឧត្តម បណ្ឌិត អ៊ុក សារាវុធ ចូលរួមធ្វើបទបង្ហាញ ក្នុងសិក្ខាសាលាស្តីពី «ទ្រឹស្តីនៃពន្ធ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៤ នៅខេត្តសៀមរាប កិច្ចប្រជុំបានពិនិត្យ និងពិភាក្សា បន្តរៀបចំរបៀបវារៈនៃអង្គសិក្ខាសាលា ការអញ្ជើញសមាសភាពចូលរួមនិងការត្រៀម ចាត់ចែងទីកន្លែងរៀបចំសិក្ខាសាលា ការស្នាក់នៅ និងហូបចុកសម្រាប់ អ្នកចូលរួម ។ ក្នុងសិក្ខាសាលានេះ ក៏អញ្ជើញតំណាងវិទ្យាស្ថានសភាកម្ពុជា (PIC) និងទីប្រឹក្សាជាន់ខ្ពស់អាល្លឺម៉ង់ អមព្រឹទ្ធសភាចូលរួមផងដែរ ។
លើសពីនេះកិច្ចប្រជុំបានពិនិត្យពិចារណាអំពីការបន្តនិរន្តរភាពនៃសេចក្តីប្រកាសរួមស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងអាជ្ញាធរសវនកម្មជាតិ ចុះថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៣ ព្រោះថា គម្រោង GIZ គាំទ្រអាជ្ញាធរសវនកម្មជាតិ (GIZ-NAA) នឹងបញ្ចប់បេសកកម្ម របស់ខ្លួននៅដំណាច់ឆ្នាំ ២០១៤ ខាងមុខនេះ ។

(លេខាធិការដ្ឋានអមគណៈកម្មការទី២)

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦