គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តមជា ជេដ្ឋដឹកនាំគណៈប្រតិភូជួបសន្ទនាការងារ ជាមួយលោកអភិបាលស្រុក Bergstraße
2014-10-16 01:14:05

ក្នុងឱកាសបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់អំពី «ថវិកាឃុំ-សង្កាត់ និងសវនកម្មនៅឃុំ-សង្កាត់» នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីព្រឹកថ្ងៃទី ១៣ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង ១០:០០នៅសាលាស្រុកBergstraßeនៃរដ្ឋHessenឯកឧត្តម ជា ជេដ្ឋ សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូសមាជិកព្រឹទ្ធសភា និងអាជ្ញាធរសវនកម្ម ជាតិ ជួបសន្ទនាការងារជាមួយលោក Matthias Schimpf អភិបាលស្រុក Bergstraße និងសហការី។
ក្នុងឱកាសជួបសន្ទនាការងារ លោកអភិបាលស្រុក បានជម្រាបជូនគណៈប្រតិភូដោយសង្ខេបអំពីរចនាសម្ព័ន្ធរដ្ឋនៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ រួមមានថ្នាក់សហព័ន្ធ រដ្ឋសហព័ន្ធស្រុក-ក្រុង និងថ្នាក់ឃុំ-សង្កាត់ ព្រមទាំងស្ថានភាពសេដ្ឋកិច្ច និងសង្គមកិច្ច របស់ថ្នាក់នីមួយៗ ។ ជាបន្ត លោកបានជម្រាបជូនគណៈប្រតិភូអំពីការយកពន្ធ និងការបែងចែកចំណូលពន្ធ ព្រមទាំងដំណើរការនៃការរៀបចំកញ្ចប់ថវិកាប្រចាំ ឆ្នាំ និងគម្រោងថវិកាឆ្នាំ ២០១៥-២០១៨ របស់ស្រុក Bergstraßeហើយគម្រោងផែនការថវិកានេះ នឹងដាក់ជូនក្រុមប្រឹក្សាស្រុកពិនិត្យ និង ពិភាក្សាក្នុងពេលឆាប់ៗ ខាងមុខនេះ ។ ជាការឆ្លើយតប ឯកឧត្តម ជា ជេដ្ឋ បានជម្រាបជូនលោកអភិបាលស្រុកអំពីបរិបទនៃការយកពន្ធ និងបែងចែកចំណូលពន្ធនៅប្រទេសកម្ពុជា ជាពិសេសនៅថ្នាក់ក្រោមជាតិ ព្រមទាំងដំណើរការនៃការរៀបចំថវិកាជាតិប្រចាំឆ្នាំ ។ ក្នុងនាម គណៈប្រតិភូ ឯកឧត្តម ជា ជេដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការធ្វើបទបង្ហាញរបស់ ថ្នាក់ដឹកនាំស្រុក Bergstraßeជូនគណៈប្រតិភូសមាជិកព្រឹទ្ធសភា និងអាជ្ញាធរសវនកម្មជាតិ ។

លេខាធិការដ្ឋានអមគណៈកម្មការទី២

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦