គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ អនុញ្ញាតឲ្យអ្នកសារព័ត៌មាន វិទ្យុមិត្តភាពកម្ពុជា-ចិន ចូលជួបពិភាក្សាការងារ
2014-08-19 00:34:13

កាលពីព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៤ វេលាម៉ោង ៨:០០ នៅអគារ «E» វិមានព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានអនុញ្ញាតឲ្យ កញ្ញា Zhang Yan Ping (កញ្ញា សារាយ) អ្នកសារព័ត៌មាន នៃវិទ្យុមិត្តភាពកម្ពុជា-ចិន ចូលជួបសំណេះសំណាល និងពិភាក្សាការងារ ។
ឯកឧត្តមប្រធាន បានជម្រាបជូនអ្នកសារព័ត៌មានអំពីមុខងារសំខាន់ៗទាំងបី និងដំណើរ ការវិវឌ្ឍន៍របស់ព្រឹទ្ធសភា ជាពិសេសតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការទី២ ព្រមទាំងបានលើកឡើងអំពីសភាពការណ៍នយោបាយ នៃព្រះរាជាណាចក្រកម្ពុជា ។
បន្ថែមលើនេះ ឯកឧត្តមប្រធាន បានសំណូមពរឲ្យ កញ្ញា Zhang Yan Ping (កញ្ញា សារាយ) ជួយសម្របសម្រួលដល់គម្រោងនៃដំណើរទស្សនកិច្ចសិក្សារបស់គណៈកម្មការទី២នៃព្រឹទ្ធសភា ដើម្បីសិក្សាឈ្វេងយល់អំពីការប្រមូលចំណូលពន្ធ និងមិនមែនសារពើពន្ធ និងការបែងចែកថវិកាប្រកបដោយសមធម៌ នៅទីក្រុងក្វាំងចូវ ខេត្តក្វាំងដុង នៃប្រទេសចិន ដែលគ្រោងប្រព្រឹត្តទៅនាឆ្នាំ ២០១៥ ខាងមុខនេះ ។
កញ្ញា Zhang Yan Ping (កញ្ញា សារាយ) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធាន ដែលបានអនុញ្ញាតឲ្យតំណាងវិទ្យុមិត្តភាពកម្ពុជា-ចិន ចូលជួបពិភាក្សាការងារ និងសន្យាជួយពាំនាំនូវសំណើរបស់គណៈកម្មការទី២ នៃព្រឹទ្ធសភា ទៅចាត់ចែងបន្ត ។

(លេខាធិការដ្ឋានអមគណៈកម្មការទី២)

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦