គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ចុះសិក្សាឈ្វេងយល់និងសម្រង់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តកំពត
2014-03-28 09:20:30

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកំពត ដឹកនាំដោយឯកឧត្តម ខូយ ឃុនហួរ អភិបាលនៃគណៈអភិបាលខេត្ត ស្តីពីការអនុវត្តគោលនយោបាយ របស់រដ្ឋាភិបាល ការវិនិយោគវិស័យកសិកម្ម ការចិញ្ជឹមសត្វ និងការវិវឌ្ឍប្រព័ន្ធវិមជ្ឈការវិសហមជ្ឈការ។
ឯកឧត្តម ខូយ ឃុនហួរ អភិបាលនៃគណៈអភិបាលខេត្តកំពត បានសម្តែងការស្វាគមន៍យ៉ាងកក់ ក្តៅសម្រាប់ការអញ្ជើញមកដល់នៃគណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភានិងក្រុមលេខាអមដំណើរដែល
ដឹកនាំដោយឯកឧត្តមម៉ុងឬទ្ធីប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ខេត្តកំពតនាពេលបច្ចុប្បន្នវិស័យទេសចរណ៍មាន ការរីកចម្រើនគួរឲ្យកត់សំគាល់ ជាពិសេសលំហូរចូលនៃភ្ញៀវបរទេសមកកំសាន្ត និងស្នាក់ នៅក្នុងខេត្ត មានជាហូរហែរ មិនតែប៉ុណ្ណោះក៏មានក្រុមហ៊ុនមួយចំនួនមកធ្វើការវិនិយោគ នៅទី នេះផងដែរ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ខេត្តកំពតក៏មានបញ្ហាប្រឈមមួយចំនួនដូចជា៖ បញ្ហាកសិកម្ម បញ្ហាប្រព័ន្ធធារាសាស្រ្ត បញ្ហាបរិស្ថាន និងបញ្ហាអំពើហិង្សាក្នុងគ្រួសារ ទាំងនេះ គឺបញ្ហាដែលខេត្តកំពត បានជួបប្រទះនាពេលកន្លងមក។
ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានពាំនាំមកនូវការផ្តាំផ្ញើរ សាកសួរសុខទុក ពីសំណាក់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដែលជានិច្ចការតែងតែយកចិត្ត ទុកដាក់អំពីសុខទុក្ខរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេសប្រជាពលរដ្ឋដែលរស់នៅទូទាំងខេត្តកំពត។
ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា គោលបំណងរបស់គណៈប្រតិភូគណៈកម្ម ការទី៣ព្រឹទ្ធសភា ដែលអញ្ជើញមកបំពេញបេសកកម្មនៅលើទឹកដីនៃ ខេត្តកំពតក្នុងថ្ងៃនេះគឺ សិក្សាឈ្វេងយល់ និងសម្រង់ព័ត៌មាន គឺគណៈកម្មការចង់ដឹងនិងយល់ច្បាស់ អំពីកិច្ចការមួយ ចំនួនដែលពាក់ព័ន្ធទៅនឹង វិស័យសមត្ថកិច្ចរបស់គណៈកម្មការដូចជា៖ ទី១-លទ្ធផលនៃការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្រុក ខណ្ឌ និងខេត្ត ទី២-ការងារតាមវិស័យ ដែលពាក់ព័ន្ធ និង សមត្ថកិច្ចរបស់គណៈកម្មការ ទី៣-ការផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តដែលពាក់ទៅនឹងវិស័យជាសមត្ថកិច្ច ដើម្បីបំពេញមុខងារ សំខាន់ៗទាំង៣របស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារតំណាង។
ឯកឧត្តម  បានមានប្រសាសន៍បន្តថា មុខងារព័ត៌មានដែលគណៈកម្មការទាំង៩ ទទួលរ៉ាប់រង គឺជាវិធីសាស្ត្រដ៏មានប្រយោជន៍បំផុតដែលនឹងឆ្លើយតបបានយ៉ាងត្រឹមត្រូវទៅ នឹងមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារតំណាងរបស់ព្រឹទ្ធសភា ហើយមុខងារ តំណាងឲ្យប្រជាជាតិទាំងមូលក៏អាច អនុវត្តតាមរយៈគណៈកម្មការទាំង៩បានដែរ ពីព្រោះគណៈកម្មការទាំង៩ដើរតួនាទីតំណាងឲ្យស្ថាប័ន ព្រឹទ្ធសភា តាមវិស័យដែលសមត្ថកិច្ចក្នុង     ការអនុវត្តមុខងាររបស់ខ្លួន ហើយនឹងពាំនាំនូវសំណូមពរក៏ ដូចជាបញ្ហាប្រឈមនានា ដែល កើតមានក្នុងខេត្តកំពតជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាពិនិត្យ និងដោះស្រាយ ៕

អត្ថបទនិងរូបភាព នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦