គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ចុះសិក្សាឈ្វេងយល់និងសម្រង់ព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តកែប
2014-03-28 09:00:09

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកែប គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ហៅកាត់គណៈកម្មការទី៣ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំគណៈប្រតិភូ គណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរ ខេត្តកែប ដឹកនាំដោយឯកឧត្តម កែន សេត្ថា អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីសិក្សាឈ្វេងយល់ និងសម្រង់ព័ត៌មានពាក់ព័ន្ធ ទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ។
ក្រោយពីបានស្តាប់ប្រសាសន៍រាយការណ៍របស់ឯកឧត្តម កែន សេត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងបញ្ហាប្រឈមនានារបស់ខេត្តកែបដែលអាជ្ញាធរខេត្តបានលើកឡើងរួចមក ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីសិក្សាឈ្វេងយល់ អំពីដំណើរការនៃការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្រុក ខណ្ឌមួយចំនួនក្នុងខេត្តកែប ដំណើរការក្នុងការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងដំណើរការវិស័យដែលពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់គណៈកម្មការទី៣ព្រឹទ្ធសភា ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្រោយពីទទួលបានទិន្នន័យអំពីភាពងាយស្រួលនិងភាពលំបាកនៃការ អភិវឌ្ឍលើវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ និងព័ត៌មានអំពីកម្រិតនៃការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍ មូលដ្ឋាន គោលនយោបាយបញ្ជ្រៀបយេនឌ័រ និងសមភាពយេនឌ័រគឺដើម្បីកសាងបាននូវទំនាក់ទំនង ភាពជិតស្និតរវាងស្ថាប័នព្រឹទ្ធសភា ជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិព្រមទាំងរៀបចំចងក្រងជាសៀវភៅរបាយការណ៍ ព័ត៌មានសម្រាប់សិក្សា ស្រាវជ្រាវអំពីការអភិវឌ្ឍការរីកចម្រើនបញ្ហាប្រឈមដែលទាក់ទងទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល និងដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាជ្រាប។ជាមួយគ្នានេះដែរគណៈប្រតិភូក៏ បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្តកែបដែលខិតខំប្រឹងប្រែងក្នុងដឹកនាំការអភិវឌ្ឍខេត្តទទួលបានជោគជ័យ ជាបន្តបន្ទាប់ ហើយគណៈប្រតិភូគណៈកម្មការទី៣ ព្រឹទ្ធសភា ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនជូន អាជ្ញាធរខេត្តកែប គប្បីគួពិនិត្យទៅលើការទាក់ទាញ វិនិយោគិន ដើម្បីវិនិយោគលើវិស័យនានាក្នុងខេត្ត ជាពិសេសវិស័យទេសចរណ៍ ដែលជាវិស័យមួយ អទិភាពក្នុងខេត្តកែប និងបន្តអនុវត្តគោលនយោបាយ ទីក្រុងស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមានការកើនឡើងបន្ថែមទៀត៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័តមាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦