គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៦ គណៈកម្មការទី៤ ព្រឹទ្ធសភា រៀបចំពិធីអបអរសាទរ
2016-03-07 08:02:23

កាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ០៩:០០នាទី នៅសាលប្រជុំគណៈ-កម្មការទី៤ ព្រឹទ្ធសភា មានរៀបចំពិធីសំណេះសំណាលអបអរសាទរខួបលើកទី១០៥ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០១៦  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អន ស៊ុំ លេខាធិការ និងឯកឧត្តម ស៊ើយ កែវ សមាជិកគណៈកម្មការ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការ ។

មុនចាប់ផ្តើមពិធីសំណេះសំណាល សមាជិកនៃអង្គពិធី បានសង្រួមចិត្តគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៉េង ប៉ាត់ សមាជិកគណៈកម្មការ ។ ឯកឧត្តមប្រធានមានប្រសាសន៍ថា រូបកាយឯកឧត្តមនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ បានបាត់បង់ទៅពិតមែន តែគំរូវីរៈភាពដ៏ថ្លៃថ្លា ក្នុងការបូរជាជីវិត បម្រើជាតិមាតុភូមិ ក្រុមគ្រួសារ និងអង្គភាព បានស្ថិតនៅដកក្នុងសន្តានចិត្តទាំងអស់គ្នារៀងរហូត ។

មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមប្រធាន បានរំលឹកឡើងវិញនូវប្រវត្តិនៃការតស៊ូរបស់នារីក្នុងការទាមទារសិទិ្ធ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពគ្នារវាងបុរស និងស្រី្ត ។ ឯកឧត្តមបានបន្តថា ប្រធានបទ ០៨ មីនា ឆ្នាំ២០១៦ នេះ គឺ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព» សំដៅបង្កើន និងពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី និងការយល់ដឹងអំពីសិទ្ធិមនុស្សរបស់ស្រ្តី ក្នុងគោលបំណងសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងកិច្ចអភិវឌ្ឍប្រកបដោយចីរភាព ។

          ឯកឧត្តមបានផ្តាំផ្ញើដល់ស្រ្តី និងក្មេងស្រី ជារួម និងដោយឡែកចំពោះមន្រ្តីលេខាធិការដ្ឋានអមគណៈកម្មការទី៤ ត្រូវ ៖

          -ខិតខំលើកកម្ពស់សមត្ថភាព លទ្ធផលភាព

          -ត្រូវស្មោះត្រង់ យកចិត្តទុកដាក់ថែរក្សាខ្លួនឯង ក្រុមគ្រួសារ ញាតិមិត្ត និងសង្គមជាតិ

          -ចូលរួមលើកកម្ពស់សេដ្ឋកិច្ចសង្គម និងនយោបាយ

          -ធានាឲ្យបាននូវសុវត្ថិភាពចំណីអាហារ ការធ្វើដំណើរ ការស្នាក់នៅ និងការបំពេញការ​ងារ។

          ជាទីបញ្ចប់ ឯកឧត្តមប្រធាន ក្នុងនាមគណៈកម្មការទី៤ ព្រឹទ្ធសភា បានជូនបាច់ផ្កាដល់មន្ត្រី បុគ្គលិកជានារី និងបានឧបត្ថម្ភម្នាក់ៗថវិកា ១៥០,០០០រៀល ។

                                                                   ខ្លឹមសារ និងរូបភាព ៖ លេខាធិការដ្ឋានអមគណៈកម្មការទី៤

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦