គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ចុះសិក្សាស្វែងយល់អំពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅខេត្តព្រះវិហារ
2015-04-29 00:28:54

នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ នៅសាលាខេត្តព្រះវិហារ គណៈប្រតិភូ     គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធ សភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តព្រះវិហារ។
ឯកឧត្តម អ៊ុំ មា៉រ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ឧទ្ទេសនាមសមាសភាពអាជ្ញាធរខេត្ត និងបានធ្វើសេចក្តីរាយការណ៍សង្ខេបអំពី លក្ខណភូមិសាស្រ្ត, សភាព ការណ៍ទូទៅ ,វិស័យជាសក្តានុពលរបស់ខេត្ត និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខេត្តនៅជាប់ព្រំដែននៃប្រទេសថៃ និងប្រទេសឡាវ។
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ចាក់ អំពីគោលបំណងនៃការចុះបំពេញបេសកកម្មនៅខេត្តព្រះវិហារ ដើម្បីស្វែងយល់អំពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍,ការគ្រប់គ្រងជនបរទេស,ការអនុវត្តន៍ច្បាប់ស្តីពីរបបសារព័ត៌មាន ,ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន,ការផ្តល់ប័ណ្ណការងារ ឬសៀវភៅការងារជូនជនបរទេសដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា និងស្វែងយល់អំពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរច្រកទ្វាព្រំដែននៃខេត្តព្រះវិហារជាមួយនឹងអាជ្ញាធរច្រកទ្វារព្រំដែននៃប្រទេសថៃ និងប្រទេសឡាវ។
ក្នុងជំនួបពិភាក្សា ក៏មានការធ្វើសេចក្តីរាយការណ៍ពីអាជ្ញាធរពាក់ព័ន្ធក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍ ,ការគ្រប់គ្រងជនបរទេស ,ការផ្តល់ប័ណ្ណការងារជូនជនបរទេស និងការត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្តរួចមក លោកជំទាវ ទី បូរ៉ា ស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍លើកទឹកចិត្តដល់អាជ្ញាធរខេត្តឲ្យមានការខិតខំអនុវត្តការងារ។ លោកជំទាវ បានបន្តមានប្រសាសន៍ថា សូមឲ្យអាជ្ញាធរ  យកចិត្តទុកដាក់អនុវត្តការងារនេះបន្ថែមទៀត ដើម្បីទទួលបានជោគជ័យក្នុងការបំពេញការងារជូនជាតិមាតុភូមិ។
ចំពោះបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរខេត្ត គណៈកម្មការទី៥ នឹងធ្វើរបាយការណ៍ជម្រាបជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងផ្តល់ព័ត៌មានដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦