គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹង អាជ្ញាធរខេត្តរតនគិរី
2014-04-24 01:20:47

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តរតនគិរី គណៈប្រតិភូគណៈកម្មការនីតិកម្ម  និងយុត្តិធម៌ (គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តរតនគិរី ដឹកនាំដោយឯកឧត្តម ណាប់ ប៊ុនហេង អភិបាលរងខេត្ត ក្នុងគោលបំណងសិក្សាស្វែងយល់អំពីការអនុវត្តច្បាប់របស់តុលាការអយ្យការខេត្ត និង មន្ត្រីនគរបាលយុត្តិធម៌ និងស្វែងយល់អំពីរបៀបដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅទូទាំងខេត្តរតនគិរី។
ឯកឧត្តម ណាប់ ប៊ុនហេង អភិបាលរងខេត្តរតនគិរី បានមានប្រសាសន៍ស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភាក្នុងការចុះតាមដានស្វែងយល់អំពីការអនុវត្តច្បាប់នានាដែលបាន
ចូលជាធរមាន ហើយក៏ដូចជាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅទូទាំងខេត្តរតនគិរី។
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមានប្រសាសន៍ថា វត្តមានរបស់ គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភានាពេលនេះមិនមែនជាការចុះតាមដានវែកញែកឬក៏សាកសួរដេញដោលដល់
អាជ្ញាធរខេត្តនោះទេ។ ប៉ុន្តែគឺដើម្បីស្វែង យល់ឲ្យកាន់តែស៊ីជម្រៅថែមទៀត អំពីបញ្ហាប្រឈម ការលំបាក និងការខ្វះខាតចំពោះការអនុវត្តច្បាប់នានាដែលបានចូលជាធរមានហើយ ដែលអាជ្ញាធរខេត្ត បានជួបប្រទះ ដើម្បីជាមូលដ្ឋានក្នុងការតាក់តែងច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព និង បម្រើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងថែមទៀត។
ជាមួយគ្នានោះ តាមរយៈជំនួបពិភាក្សានេះ ឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍មួយ ចំនួនដល់អាជ្ញាធរ ខេត្តដូចជា៖ សូមឲ្យអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំពង្រឹងការអនុវត្តនូវគោលការណ៍ ផែនការ ប្រតិភូកម្មឲ្យបានល្អប្រសើរ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីលុបបំបាត់នូវអំពើអសកម្មនានា និងត្រូវយកចិត្តទុកដាក់ចំពោះការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរជាងមុនថែមទៀត ត្រូវខិតខំសិក្សាស្រាវជ្រាវថែមទៀតអំពីច្បាប់នានាដែលបានចូលជា ធរមានហើយដើម្បី ឲ្យការអនុវត្តច្បាប់ក្នុង ខេត្តមានលក្ខណៈល្អប្រសើរ។
ឯកឧត្តម បានកោតសរសើរចំពោះសមត្ថភាពខាងផ្នែកច្បាប់របស់មន្រ្តីរាជការក្នុង ខេត្តរតនគិរី ដែលមាន ការរីកចម្រើនជាងមុន ហើយសូមឲ្យអាជ្ញាធរខេត្តបន្តខិតខំពង្រឹងពង្រីកនូវសមត្ថភាពមន្រ្តីរាជការឲ្យកាន់តែល្អ ថែមទៀត ដើម្បីក្លាយជាធនធានមនុស្សដ៏សំ ខាន់ក្នុងការអភិវឌ្ឍខេត្ត។
គណៈប្រតិភូក៏បានផ្តល់ជូនដល់សាលាខេត្ត នូវសៀវភៅច្បាប់ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ចំនួន០២ក្បាល ក្រមរដ្ឋប្បវេណី និងនីតិវិធីក្រមរដ្ឋប្បវេណីចំនួន០២ក្បាល ឯកសារស្តីពីព្រឹទ្ធសភាចំនួន១ ០ក្បាល និងព្រឹត្តិបត្រព្រឹទ្ធសភាចំនួន៣០ក្បាល៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦