គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការ អញ្ជើញសិក្សាឈ្វេងយល់អំពីលទ្ធផលការងារដែលសំរេចបានរបស់ក្រសួងទេសចរណ៍
2015-12-25 01:57:08

នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្តីការក្រសួងទេចរណ៍ គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ថោង ខុង រដ្ឋមន្រ្តីក្រសួងទេចរណ៍ ដើម្បីសិក្សាឈ្វេងយល់អំពីលទ្ធផលការងារសម្រេចបានរបស់ក្រសួងទេចរណ៍សម្រេចបាន និងឈ្វេងយល់អំពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍនវិស័យទេចរណ៍២០១២-២០២០ ព្រមទាំងឈ្វេងយល់អំពីការរីកចម្រើនវិស័យទេសចរណ៍ក្នុងប្រទេស (តំ​បន់ និងពិភពលោក)។

ថ្លែងក្នុងជំនួបនេះ ឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ពីគោលបំណងនៃជំនួបនេះ គឺសំដៅពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហការរវាងគណៈកម្មការទី៧ព្រឹទ្ធសភា ​ជាមួយនឹងក្រសួងទេចរណ៍ ដើម្បីចែករំលែកនូវព័ត៌មាន និងបទពិសោធន៍ល្អៗជូនគ្នាទៅវិញទៅមក ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភាជាស្ថាប័ននីតិប្បញ្ញត្តិ មានមុខងារសំខាន់បី ទី១មុខងារនីតិកម្ម ទី២មុខងារត្រួតពិនិត្យ និងទី៣មុខងារតំណាង។ ដោយឡែកដើម្បីបំពេញមុខងារទាំងបី ឲ្យមានប្រសិទ្ធភាព ក្នុងនាមជាសេនាធិការជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងអង្គព្រឹទ្ធសភា គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេចរណ៍នៃព្រឹទ្ធសភា មានតួនាទីនិងភារកិច្ច ចុះឈ្វេងយល់អំពីការអនុវត្តច្បាប់ វឌ្ឍនភាពសំខាន់ៗ ដែលពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ជាពិសេសប្រមូលផ្តុំនូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗរបស់ក្រសួង ឬអាជ្ញាធរនានា និងរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា។

ឯកឧត្តម ថោង ខុង រដ្ឋមន្រ្តីក្រសួងទេចរណ៍ បានមានប្រសាសន៍ថា វិស័យទេចរណ៍ជាវិស័យដែលមានលក្ខណៈជាប្រព័ន្ធ និងជាវិស័យអាទិភាពមួយ ដែលត្រូវបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ហេតុដូចនេះ ក្រសួងបានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេចរណ៍កម្ពុជាឆ្នាំ២០១២-២០២០ ដើម្បីអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ និងនិរន្តភាព ចូលរួមកាត់បន្ថយភាពក្រីក្រ រួមចំណែកកាត់បន្ថយបំរែបម្រួលអាកាសធាតុ ជាមាសបៃតងនឹងរួមចំណែកការអភិវឌ្ឍនសេដ្ឋកិច្ចបៃតងនៅកម្ពុជា។

ឯកឧត្តម បានមានប្រសាសន៍បន្តថា នៅក្នុងនោះដែរប្រសួងទេសចរណ៍កម្ពុជា ក៏បានរៀបចំផែនការកំណែទម្រង់វិស័យទេចរណ៍កម្ពុជាឆ្នាំ២០១៥-២០១៨ ដោយផ្តោតសំខាន់លើមុំបួន រួមមាន៖ មុំទី១ សេវាមួយ​ ស្តង់ដាមួយ មុំទី២ បុគ្គលិកម្នាក់ ជំនាញមួយ មុំទី៣ផលិតផលទេសចរណ៍(ភាពច្នៃប្រឌិត និងនិរន្តរភាព)​ មុំទី៤ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យាក្នុងវិស័យទេចរណ៍។ ជាមួយគ្នានេះដែរ នៅឆ្នាំ២០១៦ ក្រសួងទេសចរណ៍ក៏បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងឆ្នេរសមុទ្រ ហើយក៏សូមសំណូមពរឲ្យសមាជិកសមាជិការព្រឹទ្ធសភាទាំងអស់ជួយគាំទ្រអនុម័តលើសេចក្តីព្រាងច្បាប់នេះផងដែរ ។

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦