គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
2015-02-23 03:40:19

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ប៉ាល់ យឿន អភិបាលរង និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង លោក ផូល ផុលផឺលលៀរ នាយកក្រុមហ៊ុនកូកាកូឡាកម្ពុជា លោកស្រី ឈុំ ចាន់សុខ ប្រធានមន្ទីរ​កិច្ច​ការនារី ខេត្តកំពង់ឆ្នាំង និងតំណាងមន្ទីរនានានៅជុំវិញខេត្តកំពង់ឆ្នាំង។

លោក ផូល ផុលផឺលលៀរ នាយកក្រុមហ៊ុនកូកាកូឡាកម្ពុជា បានមានប្រសាសសន៍ថា​សមិទ្ធផលនេះ គឺជាការរួមរបស់ក្រុមហ៊ុនកូកាកូឡា ដើម្បីរួមចំណែកធ្វើឱ្យមាន​ការប្រសើរឡើ​ង​នូវស្ថានភាពសុខភាពនិងជីវ​ភាព​របស់ប្រជាពលរដ្ឋមួយភាគ។

លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមា​គម​នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែង ដោយ​បានអញ្ជើញចូលរួមក្នុងពិធីប្រគល់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋ នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលឧបត្ថម្ភដោយក្រុមហ៊ុនកូកាកូឡានាពេលនេះ។

លោកជំទាវ បានមានប្រសាសន៍បន្តថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិឌ្ឍន៍​គឺជា​អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើសកម្មភាពដើម្បីលើកកម្ពស់ស្ថានភាព ជីវភាព សុខ​ភាព​របស់ប្រជាពលរដ្ឋកម្ពុជា​ពិសេសស្ត្រី​និងកុមារ។ជាមួយគ្នានោះ​ទិសដៅរបស់សមាគមន៍​នារី​កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០១១-២០១៥ គឺកសាងគ្រួសារ និងស​ហគមន៍ឲ្យមានសុភមង្គលពិតប្រាកដ។

លោកជំទាវ បានមានប្រសាសន៍បន្តទៀតថាទឹកគឺជាជីវិត បើគ្មានទឹកទេមនុស្ស សត្វ និងរុក្ខជាតិមិនអាចរស់រានបានឡើយ។ ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលអត្រាប្រជាជន​ទទួល​បានសេវាទឹកស្អាតសម្រាប់ប្រើប្រាស់ទាប់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាមួយ គ្នានោះការប្រើ​ប្រាស់ទឹក​មិន​ស្អាតដូចជាទឹកបឹង ត្រពាំងដែលនៅក្នុងភូមិ ឃុំ វាអាចបណ្តាល​ឱ្យមនុស្សចាស់ ជាពិសេសកូនក្មេងកើតមានជំងឺផ្សេងៗដូចជារាគ គ្រុនពោះវៀន ឈឺក្រពះ រមាស់ និងជំងឺផ្សេងៗជាច្រើនទៀត។ កត្តានេះវាអាច​បណ្តាលឱ្យសុខភាព​របស់បង​ប្អូន​ទ្រុឌ​ទ្រោម ឫអាចបណ្តាលឱ្យស្លាប់បាន។

លោកជំទាវ បានមានប្រសាសន៍បន្តទៀតថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិ​បាល​កម្ពុជា និងក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិ​សម្រាប់​ការ​ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដោយសម្រេចឱ្យបានការផ្គត់ផ្គង់ទឹកស្អាត៥០% និងអនាម័យ៣០% នៅឆ្នាំ២០១៥។

លោកជំទាវ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានយ៉ាងច្រើន​សន្ធឹក​សន្ធាប់​របស់ក្រុមហ៊ុនកូកាកូឡា ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋក្រីក្រកន្លងមក គឺជារួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យសម្រេចជោគជ័យនូវផែនការយុទ្ធសាស្ត្រ​របស់រាជ​រដ្ឋា​ភិ​បាលកម្ពុជាហើយសង្ឃឹមថាក្រុមហ៊ុនកូកាកូឡានៅតែបន្តជួយឧបត្ថមបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យជោគជ័យផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋា ភិបាល។

ក្នុងឱកាសនោះលោកជំទាវ ក៏បានប្រគល់ទឹកក្រូចកូកាកូឡាជូនប្រជាពលរដ្ឋមកពី ភូមិកំពង់អូស ភូមិផ្សារឆ្នាំង ភូមិផ្សារលើ ភូមិចុងកោះ ភូមិសំរោង ភូមិកណ្តាល ភូមិត្រពាំងបី និងភូមិកោះក្របី សរុបទាំងអស់ចំនួន៨០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន​០២​ដប​(១ដប​=២​លីត្រ)៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦