គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ដល់យុវជនឆ្នើម ជ័យលាភីការប្រកួតប្រជែងពាក់ព័ន្ធអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់
2014-09-02 01:20:02

នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលសហប្រតិបតិ្តការកម្ពុជា-កូរ៉េ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់រង្វាន់ដល់យុវជនឆ្នើម Time’s Up ដែលទទួលជ័យលាភីការប្រកួតប្រជែងពាក់ព័ន្ធអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ អ៊ុំ សាមល អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងនិស្សិតចំនួន២០៩នាក់មកពីសកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ។
ក្រោយពីបានស្តាប់របាយការណ៍របស់តំណាងយុវជនស្ម័គ្រចិត្ត លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ សុខភាពពិភពលោក សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការចលនាដើម្បីសុខភាពកម្ពុជា ដែលបានផ្តួចផ្តើមគំនិតគាំទ្រ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការរៀបចំនូវកម្មវិធីដ៏មានសារសំខាន់នេះឡើង។
លោកជំទាវ បានមានប្រសាសន៍កោតសរសើរ និងមានមោទនភាពចំពោះស្នារដៃដ៏ប៉ិនប្រសព្វនិងពោពេញដោយអត្ថន័យចំពោះជ័យលាភីទាំងផ្នែកគំនូរ និងផ្នែកអត្ថបទ។ ការប្រកួតប្រជែងនេះ បានធ្វើឡើងប្រកបដោយសុក្រឹតភាព និងតម្លាភាព ទាំងការផ្សព្វផ្សាយលក្ខខ័ណ្ឌនៃការចូលរួម និងការដាក់ពិន្ទុលើវិញ្ញាសារ ហើយស្នារដៃគំនូរ និងស្នារដៃអត្ថបទ។
លោកជំទាវ បានមានប្រសាសន៍បន្តទៀតថា កម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការត្រួតពិនិត្យ ថ្នាំជក់ ដែលបានផ្តល់សច្ចារប័នចូលជាសមាជិកកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៥កន្លងមក ដូច្នេះកម្ពុជា ត្រូវមានកាព្វកិច្ចអនុវត្តតាមមាត្រានានា ដែលមានចែងក្នុងអនុសញ្ញានេះរួមមានមាត្រា៥ និងមាត្រា៣ ស្តីពីការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ទៅក្នុងការបង្កើតច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការត្រួតពិនិត្យថ្នាំជក់។
ជាមួយគ្នានេះដែរ លោកជំទាវ បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភានៃព្រះរាជានាចក្រកម្ពុជា ជាស្ថាប័ននីតិប្បញ្ញត្តិ ហើយបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងច្បាប់នានាជាធរមាន។ មុខងារសំខាន់ៗរបស់ព្រឹទ្ធសភាមាន៣គឺ មុខងារតំណាង មុខងារនីតិកម្ម និងមុខងារត្រួតពិនិត្យ។
លោកជំទាវ ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ថា គណៈកម្មការទី៨ព្រឹទ្ធសភា រីករាយទទួលនូវកិច្ចសហការក្នុងន័យស្ថាបនាជាមួយនឹងដៃគូជាតិ និងអន្តរជាតិខិតខំជំរុញប្រសិទ្ធភាព និងគុណភាព ក្នុងការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួង ជាពិសេសច្បាប់ស្តីពី(ការគ្រប់គ្រងថ្នាំជក់) នាពេលអនាគត និងបន្តតាមដានរាល់ការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦