គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ធ្វើបទបង្ហាញស្តីពីតួនាទីភារកិច្ចរបស់ព្រឹទ្ធសភា ដល់ក្រុមអនាគតយុវជនកម្ពុជាអាស៊ាន
2014-07-17 17:00:00

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី(គណៈកម្មការទី៨ព្រឹទ្ធសភា) បាន អញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបង្ហាញស្តីពីតួនាទីភារកិច្ចរបស់ព្រឹទ្ធសភា ដល់ក្រុមអនាគត យុវជនកម្ពុជាអាស៊ានចំនួន១៣នាក់ ដែលអញ្ជើញមកទស្សនកិច្ចនៅវិមានព្រឹទ្ធសភា។
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍ថា ក្នុងនាមជាក្រុមអនាគតយុវជនកម្ពុជាអាស៊ាន ត្រូវធ្វើយ៉ាងណាខិតខំសិក្សាស្រាវជ្រាវពង្រឹង ចំណេះដឹងឲ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមជាមួយនឹងក្រុមយុវជនអាស៊ាននៃប្រទេសនានា ក្នុង ការប្រគួតប្រជែង ស្មើមុខ ស្មើមាត់ជាមួយនឹងបណ្តាប្រទេសដ៏ទៃទៀតជាសមាជិកអាស៊ាន។
ក្នុងឱកាសធ្វើបទបង្ហាញស្តីពីតួនាទីភារកិច្ចរបស់ព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានលើកឡើងថា ព្រឹទ្ធសភាមានតួនាទីធ្វើឲ្យអំណាចរដ្ឋ មានតុល្យភាព និងប្រព្រឹត្តទៅបានល្អប្រសើរ សំដៅការពារមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញ និង គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ព្រឹទ្ធសភាមានមុខងារចំនួនបីគឺទី១-មុខងារនីតិកម្ម ទី២-មុខងារត្រួតពិនិត្យ ទី៣-មុខងារជាតំណាង។ព្រឹទ្ធសភាមានមុខងារសំខាន់មួយទៀតគឺការរួមវិភាគទាននៅក្នុងដំ ណើរការស្ថិរភាពភាវូបនីយកម្ម ជីវភាពនយោបាយជាតិ ដែលជាស្នូលនៃការពង្រឹងពង្រីក នយោបាយបង្រួបបង្រួម ផ្សះផ្សារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន និង សម្បូណ៌សប្បាយ។
លោកជំទាវ ក៏បានផ្តាំផ្ញើដល់ក្រុមអនាគតយុវជនកម្ពុជាអាស៊ានទាំងអស់ឲ្យខិតខំសិក្សា ស្រាវជ្រាវ និងស្វែងយល់បន្ថែមពីស្ថាប័នព្រឹទ្ធសភា ដើម្បីឲ្យកាន់តែយល់ច្បាស់ពីតួនាទីភារ កិច្ចរបស់ព្រឹទ្ធសភា ជាមួយគ្នានោះលោកជំទាវ ក៏បានផ្តល់ថវិកាដល់ក្រុមអនាគតយុវជន កម្ពុជាអាស៊ានទាំង១៣នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា៥០.០០០រៀល៕


រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦