គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ចុះសិក្សាស្វែងយល់អំពីបញ្ហាសុខភាពមាតា និងទារក នៅខេត្តមណ្ឌលគិរី
2014-04-10 00:22:04

នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរីគណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈនិងកិច្ចការនារី(គណៈកម្មការទី៨ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងមានការអញ្ជើញចូលរួមពីលោកជំទាវ លី នារី និងលោកជំទាវ ឡាយ បូនី សមាជិកាព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តមណ្ឌលគិរីដឹកនាំ ដោយលោកជំទាវ អាយស៊ី សុគន្ធារី អភិបាលរងខេត្ត ដើម្បីសិក្សាឈ្វេងយល់អំពីបញ្ហាសុខភាពមាតា និងទារក ដោយមានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធនានា និងអង្គការសង្គមស៊ីវិលជុំវិញខេត្ត។
ក្នុងជំនួបពិភាក្សានោះ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា បានស្តាប់សេចក្តី រាយការណ៍អំពីការអនុវត្ត សកម្មភាពប្រចាំឆ្នាំ២០១៣ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ ២០១៤ របស់មន្ទីរសុខាភិបាល មន្ទីរកិច្ចការនារី មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍ បញ្ជាក់អំពីគោលបំណងនៃដំណើរ បេសកកម្មនេះថា គឺដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តការងារបស់វិស័យទាំង៤ គឺវិស័យសុខាភិបាល វិស័យកិច្ចការនារី វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងស្វែងយល់អំពីការអនុវត្តសេវាសាធារណៈទូទាំងខេត្ត។
ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្ត និងតំណាងមន្ទីរទាំង៤ រួមមាន៖ មន្ទីរសុខាភិបាល មន្ទីរកិច្ចការនារី មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកជំទាវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការ រីកចម្រើនរបស់ខេត្តយ៉ាងឆាប់រហ័ស ដែលអ្វីទាំងនេះស្តែង ចេញពីការយកចិត្តទុកពីសំណាក់ ថ្នាក់ដឹកនាំនានាជុំវិញខេត្ត ក៏ដូចជាការសហការគ្នាយ៉ាងល្អរវាងអាជ្ញាធរ ខេត្ត ជាមួយនឹងអង្គការសង្គមស៊ីវិលនានា ក្នុងការបម្រើសេវាសាធារណៈ និងសេវាផ្សេងៗ ទៀតជូនដល់ប្រជាពលរដ្ឋទូទាំង​ខេត្ត។
លោកជំទាវ បានបន្តមានប្រសាសន៍ថា ខេត្តមណ្ឌលគិរីគឺជាខេត្តមួយដែលមាន     អត្រាមរណភាពរបស់មាតា និងទារកច្រើនជាងបីដង បើប្រៀបធៀបទៅនឹងបណ្តាខេត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា។ ​ប៉ុន្តែបញ្ហាទាំងនេះ​មិនមែនកើតចេញពីអាជ្ញាធរខេត្តមិនបានយកចិត្តទុក្ខដាក់នោះទេ ផ្ទុយទៅវិញគឺបណ្តាលមកពីការរស់នៅរបស់​ប្រជាពលរដ្ឋ នៅឆ្ងាយដាច់ស្រយ៉ាលជាពិសេសប្រជាពលរដ្ឋមួយចំនួននៅមានជំនឿ និងទម្លៀមទម្លាប់ប្រពៃណីចាស់​បុរាណ​នៅឡើយ។
ទន្ទឹមនឹងនោះ លោកជំទាវ បានសំណូមពរដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្លាំង​ផងដែរចំពោះបញ្ហាសុខភាពរបស់មាតា និងទារក ដោយផ្តោតទៅលើស្រ្តីដែលកំពង់មានផ្ទៃពោះ និងស្រ្តីដែលបានឆ្លង​ទន្លេរួច ត្រូវធ្វើយ៉ាងណែនាំ ដល់ពួកគាត់ឲ្យបានយល់ និងបានដឹងពីគ្រោះថ្នាក់ដែលបណ្តាលមកអំពីការឆ្លងទន្លេដោយ​គ្មាន​សុវត្ថិភាពហើយឲ្យងាកមករកការឆ្លង ទន្លេដោយមានសុវត្ថិភាពវិញ។
ដោយឡែកនារសៀលថ្ងៃដដែលនោះ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ លោកជំទាវ លី នារី និងលោកជំទាវ ឡាយ បូនី សមាជិកាព្រឹទ្ធសភា អមដំណើរដោយលោកជំទាវ អាយស៊ី សុគន្ធារី អភិបាលរងខេត្តមណ្ឌលគិរី បានចុះជួបសំណេះសំណាលជាមួយនឹង​ក្រុមប្រឹនិងប្រជាពលរដ្ឋ នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះ គណៈប្រតិភូ បានចែកជូនដល់ក្រុមប្រឹក្សាឃុំប៊ូស្រាចំនួន០៥នាក់ ក្នុង ម្នាក់ៗទទួលបានថវិកា​៥០.០០០រៀល សារុង០១ មី០១កេស ថ្នាំដុះធ្មេញ០១ ច្រាស់ដុះធ្មេញ ០១ និងប្រេងកូឡា០១ប្រអប់ ដោយឡែកប្រជាពលរដ្ឋចាស់ជរាចំនួន៥៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០.០០០រៀល សារុង០១ មី០១កេស ថ្នាំដុះធ្មេញ០១ ច្រាស់ដុះធ្មេញ០១ និងប្រេងកូឡា០១ប្រអប់។
តមកគណៈប្រតិភូ ក៏បានចុះពិនិត្យ និងសំណេះសំណាលជាមួយនឹងអ្នកជំងឺ និងបុគ្គលិកពេទ្យនៅមណ្ឌលសុខភាព​ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ព្រមទាំងបាន    ផ្តល់ជូនដល់មន្ទីរនូវថវិកាចំនួន៥០០.០០០រៀល និងស្រ្តីឆ្លងទន្លេចំនួន០៥នាក់ ក្នុងម្នាក់ៗថវិកា២០.០០០រៀល សារុង០១ មី០១កេស ថ្នាំដុះធ្មេញ០១ ច្រាស់ដុះធ្មេញ ០១ និងប្រេងកូឡា០១ប្រអប់ និងសម្លៀកបំពាក់កូនងារចំនួន០២ឈុតផងដែរ៕

រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦