គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យ ឯកឧត្តម William (Bill) Jesse Longhurst ឯកអគ្គរាជទូត អង់គ្លេស ចូលជួសម្តែងការគួរសមនិងពិភាក្សាការងារ
2016-05-17 03:44:53

សម្តេចវិបុលសេនាភក្តី  សាយ ឈុំ ប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យ ឯកឧត្តម William (Bill) Jesse Longhurst  ឯកអគ្គរាជទូត អង់គ្លេស ជួបសវនា និងសម្តែងការគួរសម វេលាម៉ោង ០៩ ០០ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅវិមានរដ្ឋចំការមន។
ក្នុងឱកាសនៃការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា ឯកឧត្តម William (Bill) Jesse Longhurst ឯកអគ្គរាជទូតអង់គ្លេសបានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានចូលជួបពិភាក្សាការងារលើកទី១ សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា។
ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីអង់គ្លេស-កម្ពុជា ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ និងកាន់តែល្អប្រសើរឡើងជាលំដាប់។ ទោះបីស្ថានឯកអគ្គរាជទូតមានលក្ខណៈតូច ប៉ុន្តែបានខិតខំជម្រុញការងារ ដោយ សកម្ម ដើម្បីគ្របដណ្តប់លើច្រើនវិស័យ៖
-វិស័យដោះមីននៅខេត្តបាត់ដំបង
-វិស័យអបរំ ជាពិសេស ការបណ្តុះបណ្តាលជំនាញឯកទេសដល់និស្សិត
-វិស័យទេសចរណ៍ ដោយមានអ្នកទេសចរជនជាតិអង់គ្លេសច្រើនជាងគេក្នុងចំណោមអ្នកទេសចរមកពីសហគមន៍អឺរ៉ុប
-កិច្ចសហប្រតិបត្តិ្កការជាមួយក្រសួងមហាផ្ទៃ លើវិស័យអន្តោប្រវេសន៍ និងការប្រយុទ្ធប្រឆាំងសកម្មភាពខុសច្បាប់ផ្សេងៗ
-កិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន អំពីការប្រែប្រួលអាកាសធាតុ តាមស្មារតីនៃសន្ធិសញ្ញាអន្តរជាតិទីក្រុង ប៉ារីស CORP 21 ដោយអ្នកវិនិយោគិនអង់គ្លេសចាប់អារម្មណ៍លើវិស័យឋាមពលកកើតឡើងវិញ។
-បន្ថែមពីនោះក្នុងវិស័យសហប្រតិបត្តិការរវាងសភា នៃប្រទេសទាំងពីរកាលពីឆ្នាំទៅ ក្រុមសមាជិកាសភាអង់គ្លេសបានមកផ្លាស់ប្តូរបទពិសោធន៍អំពីតួនាទីរបស់សមាជិកាសភា
ស្ថានឯកអគ្គរាជទូតនឹងបន្តយកចិត្តទុកដាក់ខ្ពស់លើការ ការវិនិយោគទុន និងពាណិជ្ជកម្មជាមួយកម្ពុជា ពិសេសសភាពាណិជ្ជកម្មអង់គ្លេស នៃប្រទេសសមាជិកអាស៊ានទាំង១០ បានចាប់អារម្មណ៍ចំពោះការអភិវឌ្ឍដ៏លឿនរបស់កម្ពុជា។
ជាមួយនោះដែរ ស្ថានឯកអគ្គរាជទូតអង់គ្លេសបានបង្កើនទំនាក់ទំនងជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជម្រុញអ្នកវិនិយោគិនអង់គ្លេស អោយមកវិនិយោគទុននៅកម្ពុជា។
សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា បានសម្តែងសេចក្តីសោមនស្សរីករាយ ដែលបានជួបជាមួយ ឯកអគ្គរាជទូតអង់គ្លេស ហើយរីករាយចំពោះវឌ្ឍនភាព នៃទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសក្នុងវិស័យដោះមីន អប់រំ ពាណិជ្ជកម្ម បរិស្ថាន ទេសចរណ៍ និងការវិនិយោគទុន។ល។
ព្រឹទ្ធសភាកម្ពុជា រីករាយនឹងបន្តកិច្ចសហប្រតិបត្តិល្អជាមួយស្ថានឯកអគ្គរាជទូតអង់គ្លេសនៅកម្ពុជា ដើម្បីបន្តពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃលើគ្រប់វិស័យអោយ កាន់តែរីកចម្រើនឡើងថែមទៀត។
ក្នុងនោះសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភាបាន សម្តែងសេចក្តីសង្ឃឹមថា អង្គការនីតិបញ្ញត្តិ នៃប្រទេសទាំងពីរ នឹងបន្តពង្រឹងពង្រីក ទំនាក់ទំនងល្អរវាងគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេស និងប្រជាជនទាំងពីរ។
សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា បានជម្រាប ឯកឧត្តមឯកអគ្គរាជទូតថា ព្រះរាជាណាចក្រកម្ពុជា កំពុងបន្តធ្វើដំណើរទៅមុខលើមាគ៌ាសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ សេដ្ឋកិច្ចកម្ពុជា នៅតែបន្តរីកចម្រើនបន្តបន្ទាប់ ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៥ សម្រេចបានកំណើនជាមធ្យម ៧%។ សម្រាប់ឆ្នាំ២០១៦ ការព្យាករណ៍កំណើនសេដ្ឋកិច្ចរំពឹងថា កម្ពុជានឹងសម្រេចបានរង្វង់៧%។ ផសស សម្រាប់មនុស្សម្នាក់ រំពឹងនឹងទទួលបាន ១៣២៥ដុល្លាអាមេរិក។
ឆ្នាំ២០១៦ កម្ពុជានឹងចាកផុតពីចំណាត់ថ្នាក់ប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសមានចំណូល មធ្យមកម្រិតទាប។ កម្ពុជាខិតខំសម្រេចអោយបាននូវចក្ខុវិស័យ អភិវឌ្ឍរបស់ខ្លួនក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦