គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ ធ្វើបទបង្ហាញដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងសហគមន៍មកពីខេត្តកំពង់ឆ្នាំង ក្នុងដំណើរទស្សនកិច្ចសិក្សានៅវិមានព្រឹទ្ធសភា
2014-08-15 08:37:52

នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ នៅសាលសិក្ខាសាលាបណ្ណាល័យ​ព្រឹទ្ធសភា ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិក​ព្រឹទ្ធ​សភា​ ​ប្រចាំភូមិភាគទី៧ បានអញ្ជើញធ្វើបទបង្ហាញ​​ស្តីពីរចនា​សម្ព័​ន្ធ​​ និងតួនាទីភារកិច្ចរបស់ព្រឹទ្ធសភា ជូនក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និងតំណាងសហគមន៍មកពីខេត្តកំពង់ឆ្នាំងចំនួន៥៦នាក់ ក្នុងឱកាស អញ្ជើញមក​ទស្សនកិច្ចសិក្សាស្វែងយល់ នៅវិមានព្រឹទ្ធសភា។
ក្នុងឱកាសធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ព្រឹទ្ធសភា ឯកឧត្តម គង់ សារាជ បានលើកឡើងថា ព្រឹទ្ធសភាមានតួនាទីធ្វើឲ្យ​អំណាច​រដ្ឋមានតុល្យភាព និងប្រ​ព្រឹត្ត​ទៅ​បានល្អប្រសើរសំដៅការការពារមូលដ្ឋានគ្រឹះ​នៃរដ្ឋ​ធម្មនុញ្ញ និងគោលការណ៍នៃ​លទ្ធិ​ប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងសិទ្ធិសេរីភាពរបស់​ប្រជាពល​រដ្ឋគ្រប់មជ្ឈដ្ឋាន។ ព្រឹទ្ធ​សភា​មានមុខងារបី គឺទី១-មុខងារនីតិកម្ម​ ទី២-មុខងារ​ត្រួតពិនិត្យ ទី៣-មុខងារជាតំណាង។
ឯកឧត្តម បានលើកឡើងបន្តថា សមាជិកព្រឹទ្ធសភាមានចំនួន៦១រូប ក្នុងនោះ០២​រូប​តែងតាំងដោយព្រះមហាក្សត្រ ០២រូបជ្រើសតាំងដោយរដ្ឋសភា និង៥៧រូបទៀត ជ្រើសរើស ដោយការបោះឆ្នោតជាអសកល គឺមានន័យថាបោះឆ្នោត​ដោយក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំ ណាងរាស្រ្តក្នុងតំណែង។
ឯកឧត្តម បានលើកឡើងបន្តទៀតថា ឆ្លងតាមរយៈការ​សហការ​ជាមួយ​នឹង​សម្ព័ន្ធ​ភាព​​ជាតិឃុំ-សង្កាត់ ព្រឹទ្ធសភាបានរៀបចំ​វេទិកាតាមបណ្តាភូមិភាគទាំង៨ ដែលនាំឲ្យ​ព្រឹទ្ធសភាមាន​​​អត្ត​​សញ្ញាណច្បាស់លាស់ មានភាពចាស់ទុំ និងមាន​បទពិសោធន៍ច្រើនជាងមុន ហើយ​​បាន​​បង្ហាញពីតួនាទី និងមុខងាររបស់ខ្លួនជូនដល់​ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជា​ម្ចាស់​ឆ្នោតកាន់​តែច្បាស់លាស់ជាងមុន​​ថែម​ទៀត។ ហើយតាម​រយៈ​​ការរៀបចំវេទិកានានា ជាមួយ​នឹង​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ក៏បានរកឃើញនូវការលំបាក​ និងបញ្ហាប្រឈម ជាមួយនឹង​ដំណោះ​ស្រាយ​ផង​ដែរ​៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦