គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៩ ព្រឹទ្ធសភា ចុះទស្សនកិច្ចការដ្ឋានវារីអគ្គិសនី ស្ទឹងឫស្សីជ្រុំក្រោម និងស្ទឹងតាតៃ ខេត្តកោះកុង
2014-07-23 01:40:03

នៅថៃ្ងទី២២ ខែកក្កដា ឆ្នាំ២០១៤ គណៈប្រតិភូ គណៈកម្មការទី៩ ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ បានរួមដំណើរជាមួយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល ព្រមទាំងអាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា រួមនឹងមន្រ្តីលេខា- ធិការដ្ឋានអមគណៈកម្មការទី៩ ព្រឹទ្ធសភា និងថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងរ៉ែ និងថាមពល ជាច្រើនរូបទៀត បានចុះទស្សនកិច្ចនៅការដ្ឋានវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម និងស្ទឹងអាតៃ នៅ ខេត្តកោះកុង។
ឯកឧត្តមបានមានប្រសាសន៍ថា គម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម គឺបានសាងសង់ ដោយក្រុមហ៊ុន ឆាយណាហ៊រទាន ឡូវើរស្ទឹងឫស្សីជ្រុំ ហាយដ្រូ អេឡិកទ្រីក ប្រជេក (ខេមបូឌា) ខមភេនី លីមីតធីត។ ទំនប់វារីអគ្គិសនីនេះ រួមមានស្ថានីយ៍ពីរ គឺស្ថានីយ៍លើ និងស្ថានីយ៍ក្រោម ហើយមានចង្ងាយ ៨គីឡូមែត្រ រវាងស្ថានីយ៍ទាំងពីរ។ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមនេះ គឺមាន សារៈសំខាន់ដើម្បីផលិតនូវថាមពល និងផ្តល់ថាមពលយ៉ាងច្រើនសន្ធឹកសន្ធាប់ និងថែមទាំង ពន្លឿននូវការអភិវឌ្ឍន៍ខាងផ្នែកសេដ្ឋកិច្ច ដល់ព្រះរាជាណាចក្រកម្ពុជា។ ស្ថានីយ៍លើបានផ្តល់ អានុភាពសរុបចំនួន ២០៦មេហ្គាវ៉ាត់ ជាមួយនឹងកម្រិតកម្ពស់ទឹកធម្មតាដែលមានចំណុះក្នុងអាង ស្តុកប្រមាណ ៤០១.៨ លានមែត្រគីប។ ស្ថានីយ៍លើនេះ ត្រូវបានចាត់ទុកជារោងចក្រអគ្គិសនី ខ្នាតធំទី២។ ចំណែកឯស្ថានីយ៍ក្រោមវិញមានអានុភាពសរុបចំនួន ១៣២ មេហ្គាវ៉ាត់ ជាមួយនឹង កម្រិតកម្ពស់ទឹកធម្មតាដែលមានចំណុះក្នុងអាងស្តុបទឹកប្រមាណ ១៦.៧លានមែត្រគីប ស្ថានីយ៍ ក្រោមនេះ ត្រូវបានចាត់ទុកជារោងចក្រអគ្គិសនីប្រភេទខ្នាតមធ្យមទី៣។ ទាំងស្ថានីយ៍លើ និង ស្ថានីយ៍ក្រោម គឺមានអានុភាពសរុបចំនួន ៣៣៨ មេហ្គាវ៉ាត់។
ចំណែកឯគម្រោងវារីអគ្គិសនីស្ទឹងតាតៃវិញ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន ខេម បូឌាន តាតៃ ហ៊ីដ្រូផៅវ័រ លីមីតធីត ទំនប់វារីអគ្គិសនីត្រូវបានសាងសង់ដោយប្រព័ន្ធផ្លូវរូងបង្វែរ ទឹក និងស្ថានីយ៍រោងចក្រ។ ទំនប់វារីអគ្គិសនីនេះ សាងសង់ដោយបន្ទះបេតុងទំនប់ថ្ម ទំនប់ធំ កម្ពស់ ១១០មែត្រ និងទំនប់តូចកម្ពស់ ៧៧មែត្រ ឯផ្លូវរូងបង្ហូរទឹកមានអង្កត់ផ្ចិត ៨មែត្រ ប្រវែង សរុប ១១.២ គីឡូមែត្រ។ អាងស្តុបទឹកបានបង្កើតឡើងដោយការតភ្ជាប់ដៃស្ទឹង២គឺ ស្ទឹងតាតៃ និងស្ទឹងកែប។ សមត្ថភាពអាងស្តុបទឹកសរុបចំនួន ៤០៤ លានមែត្រគីប ដែលមានសមត្ថភាព គ្រប់គ្រង ៣២២ លានមែត្រគីប និងមានសមត្ថភាពប្រចាំឆ្នាំ។ ទំនប់វារីអគ្គិសនីស្ទឹងតាតៃនេះ គឺមានអានុភាពសរុបចំនួន ២៤៦ មេហ្គាវ៉ាត់។
ជាទីបញ្ចប់ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ទំនប់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម និងទំនប់ វារីអគ្គិសនីស្ទឹងតាតៃ គឺត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ។

អត្ថបទ និងរូបភាព ៖ លេខាធិការដ្ឋានអមគណៈកម្មការទី៩


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦