គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ នៅឃុំទ្រា
2013-06-16 05:44:53

កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣ ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា ប្រចាំភូមិភាគ៣ (ខេត្តកណ្តាល) និងជាអ្នកនាំពាក្យព្រឹទ្ធសភា ព្រមទាំងជាទីប្រឹក្សាផ្ទាល់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសំណេះសំណាល និងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពិនិត្យ និងព្យាបាលជម្ងឺជូនបងប្អូន ប្រជាពលរដ្ឋចំនួន ១.៧៧៥នាក់ ព្រមទាំងនាំយកសារុង និងថវិកាទៅចែកជូនសរុបចំនួន ៣៦.៩០០.០០០រៀល ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងពិធីនេះ ឯកឧត្តមបានណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់អំពីបញ្ហាសុខភាព ពីព្រោះសុខភាពជារឿងសំខាន់សម្រាប់មនុស្សម្នាក់ៗ និងប្រទេសជាតិ។ បើសិនមនុស្សម្នាក់ៗមានសមត្ថ- ភាព មានទ្រព្យសម្បត្តិ ប្រាក់កាក់ច្រើន ប៉ុន្តែសុខភាពមិនល្អ នោះក៏មិនអាចប្រើប្រាស់ធនធានដែលខ្លួន មាននោះបានដែរ។ ដូចច្នេះ ការវិនិយោគសុខភាព គឺជាកត្តាជម្រុញក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការ រីកចម្រើនយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានអំពាវនាវដល់យុវជន យុវតី ដែលជាទំពាំង ស្នងប្ញស្សី ត្រូវជ្រៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវខិតខំសិក្សារៀនសូត្រ ពង្រឹងពង្រីកចំណេះដឹង សមត្ថ- ភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍភូមិ ឃុំ សង្គម និងប្រទេសជាតិ។
ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំការនឹករលឹកសាកសួរសុខទុក្ខពីសំណាក់ សម្តេចទាំងបី ជាពិសេស សម្តេចតេជោ  ហ៊ុន សែន  និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ដល់សុខ ទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះលោកតា លោកយាយ អ៊ំ ពូ មីង បងៗ ដែលបានចូលរួមក្នុងការខិតខំកសាង ស្តា និងអភិវឌ្ឍន៍ប្រទេស តាំងពីបាតដៃទទេ រហូតដល់មានរីក ចម្រើនស្ទើរគ្រប់វិស័យ មានកំណើនសេដ្ឋកិច្ច សុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងមានការរីក ចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។
នៅពេលដែលថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ នឹងខិតជិតចូលមកដល់ ឯកឧត្តម ម៉ម ប៊ុននាង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងទទូចឲ្យបងប្អូនប្រជាពលរដ្ឋ កុំឲ្យស្តាប់ និងជឿតាមការញុះញង់ ឬការសន្យាខ្យល់ ត្រូវគិតពិចារណាឲ្យ បានត្រឹមត្រូវក្នុងការជ្រើសរើសមេដឹកនាំ តើមេដឹកនាំណាដែលល្អ ដែលខិតខំអភិវឌ្ឍន៍ប្រទេសឲ្យមាន សន្តិភាព ស្ថិរភាព និងរីកចម្រើន ដូចពេលបច្ចុប្បន្ន។
ឯកឧត្តម ម៉ម ប៊ុននាង បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុម ប្រឹក្សាឃុំ សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបម្រើជូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងឲ្យបាន ទាន់ពេលវេលា ត្រូវតែធ្វើសេចក្តីល្អ ហើយសេចក្តីល្អនេះ មិនត្រូវប្រកាន់និន្នការបក្សនយោបាយឡើយ ពោលគឺបម្រើប្រជាពលរដ្ឋគ្រប់រូប។ ទន្ទឹមគ្នានេះដែរ ឯកឧត្តម បានសង្កត់ធ្ងន់ឲ្យអាជ្ញាធរមូលដ្ឋាន រក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ គឺធ្វើយ៉ាងណាអនុវត្តឱ្យបាននូវគោលនយោ- បាយភូមិ ឃុំ មានសុវត្ថិភាព៕

អត្ថបទ និងរូបភាព៖ លេខាធិការដ្ឋានអ្នកនាំពាក្យព្រឹទ្ធសភា

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦