គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
អង្គវេទិកាស្តីអំពី“ការអនុវត្តមុខងារ និងនីតិវិធីនៃការប្រើប្រាស់ថវិកាគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការនារី និងកុមារ” នៅសណ្ឋាគារខេមរា ខេត្តបាត់ដំបង
2016-03-11 02:24:56

នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារខេមរា ខេត្តបាត់ដំបង ក្រុមសមាជិកា ព្រឹទ្ធសភា សហការជាមួយនឹងវិទ្យាស្ថានសភាកម្ពុជា បានរៀបចំអង្គវេទិកាស្តីពី“ការអនុវត្តមុខងារ និង​នីតិវិធីនៃការប្រើប្រាស់ថវិកាគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ” ក្រោមអធិបតី​ភាព​លោកជំទាវ ទី បូរ៉ាស៊ី ប្រធានក្រុមសមា ជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការ​ទី៥ព្រឹទ្ធ​សភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង សមាជិក​សមាជិកាព្រឹទ្ធសភា ក្រុមសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តំណាងវិទ្យាស្ថានសភាកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធនានាជាច្រើនរូប។

ថ្លែងបើកអង្គវេទិកានាឱកាសនោះ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍ថា ក្រុមសមាជិកាព្រឹទ្ធសភា មានតួនា ទី​ជាសេនាធិការជូនថ្នាក់ដឹកនាំព្រឹទ្ធសភា ក្នុងការបំពេញមុខងារទាំងបី ជាពិសេសមុខងារជា​តំណាង​។ ហើយដើម្បីបំពេញមុខងារនេះឲ្យមានប្រសិទ្ធភាព ក្រុមសមាជិកាព្រឹទ្ធសភា ដើរតួនាទីជាអ្នកគាំទ្រ ការពារសិទ្ធិ និងផលប្រយោជន៍របស់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ​លើការ​ងារ​សង្គម និងការអភិវឌ្ឍក្នុងមូលដ្ឋាន ព្រមទាំងរួមចំណែកលើកស្ទួយសមភាពយេនឌ័រ សិទ្ធិស្រ្តី និង​កុមារ។ក្នុងនាមជាតំណាងក្រុមសមាជិកាព្រឹទ្ធសភា តែងតែមានសកម្មភាពជាប្រចាំ ក្នុងការចុះ​ជួប​ផ្ទាល់ជាមួយនឹងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាពិសេសសមាជិកាក្រុមបឹ្រក្សាឃុំ សង្កាត់ ដើម្បីសំ​ណេះសំណាល សាកសួរសុខទុក្ខអំពីស្ថានភាពទូទៅរបស់ស្រ្តី និងកុមារក្នុងមូលដ្ឋានផងដែរ។

លោកជំទាវ បានមានប្រសាសន៍បន្តថា អង្គវេទិកានាថ្ងៃនេះ មានគោលបំណងបង្កើនភាពជិត ស្និទ្ធរវាងសមាជិកាព្រឹទ្ធសភាជាមួយសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីរួមចំណែក ក្នុងការ​ពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រមូលព័ត៌មានដែលទាក់ទងរាល់បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំសង្កាត់ ពិសេសគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ដើម្បីស្វែងរកវិធីសាស្រ្តកែលម្អ និងដំណោះស្រាយ ផ្តល់ឱកាសដល់សមាជិកសមាជិកាក្រុមប្រឹក្សា​ឃុំ សង្កាត់បញ្ចេញមតិយោបល់ ចែករំលែកបទពិសោធន៍ការងារល្អៗ និងរាល់បញ្ហាប្រឈមនានា​ដែល​ជួបប្រទះក្នុងការបំពេញភារកិច្ច លើកកម្ពស់សមត្ថភាពក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកទទួល​បន្ទុក​កិច្ច​ការនារី និងកុមារ ក្នុងការធ្វើគម្រោងផែនការ និងអនុវត្តសកម្មភាព ដើម្បីផ្តល់សេវាសង្គមជូនប្រជា​ពល​រដ្ឋឲ្យបានល្អ ពាក់ព័ន្ធទៅនឹងសេវាសុខភាពមាតា និងទារក អនាម័យ សមភាព យេនឌ័រ មតេយ្យ​សិក្សា សហគមន៍ និងកិច្ចការពារកុមារនៅឃុំ សង្កាត់ បង្កើនចំណេះដឹង ចំណេះធ្វើ និង​បទពិសោធន៍ជូនសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ជាពិសេសអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ទាក់ទងទៅនឹងនីតិវិធីបែបបទក្នុងការប្រើប្រាស់ថវិកា គណៈកម្មាធិការទទួល​បន្ទុកកិច្ចការ​នារី និងកុមារ។

លោកជំទាវ បានមានប្រសាសន៍បន្តថា តាមរយៈសកម្មភាពជាច្រើននាពេលកន្លង ក្រុម​សមា​ជិកាព្រឹទ្ធសភាបាននិងកំពុងខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មដូចជា ចុះដល់មូលដ្ឋាន ផ្ទាល់ ដើម្បីស្វែងយល់ និងប្រមូលព័ត៌មានពិតប្រាកដជាក់ស្តែងក្នុងមូលដ្ឋាន សហការ និងរិះរកវិធី​ដោះ​ស្រាយបញ្ហាប្រឈម សំណូមពរទាំងឡាយ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ​ទាំង​មូល។

លោកជំទាវ បានមានប្រសាសន៍បន្តទៀតថា ក្រុមសមាជិកាព្រឹទ្ធសភាក៏មានភារកិច្ចចូល​រួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ឬបញ្ហាទាំងពួងដោយ ផ្អែក​លើទិដ្ឋភាពយេនឌ័រ និងតាមដានការអនុវត្តច្បាប់ កម្មវិធីនយោបាយ គោលនយោបាយជាតិ ព្រម​ទាំងលិខិតតុបករណ៍គតិយុត្តអន្តរជាតិនានា ដែលពាក់ព័ន្ធនឹងបញ្ហាស្រ្តី និងកុមារ ចូលរួមជំរុញ និង​លើកកម្ពស់ការចូលរួមរបស់ស្រ្តីលើគ្រប់វិស័យក្នុងសង្គមជាតិ និងអន្តរជាតិ បង្កើនទំនាក់ទំនង និង​សហការ​យ៉ាងជិតស្និទ្ធជាមួយនឹងសម្ព័ន្ធភាពជាតិ សមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងសមាគម​ក្រុម​ប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច សមាគមន៍ អង្គការស​ង្គម​ស៊ីវិលជាតិ អន្តរជាតិ ដើម្បីរួមចំណែកលើកស្ទួយសមភាពយេនឌ័រ សិទ្ធិស្រ្តី និងកុមារ។ ជាពិសេស​ក្រុមសមាជិកាព្រឹទ្ធសភា ជាអ្នកពាំនាំលទ្ធផលការងារ និងយោបល់ សំណូមពរ ឬបញ្ហា ប្រឈម​ជាក់ស្តែងនានារបស់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ និងស្រ្តីនៅមូលដ្ឋាន ដើម្បីរាយការណ៍ជូន​គណៈ​កម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា​។

ក្នុងអង្គសិក្ខាសាលាក៏មានការធ្វើបទបង្ហាញស្តីពី ការអនុវត្តមុខងារ និងប្រសិទ្ធភាពនៃ​ការ​ប្រើ​ប្រាស់ថវិការបស់ គ.ក.ន.កដោយលោកស្រី គា ថាវី អនុប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បទបង្ហាញស្តីពីការអនុវត្តយន្តការគាំទ្រ គ.ក.ន.ករបស់មន្ទីរកិច្ចការនារី  ដោយមន្ទីរកិច្ចការនារីខេត្ត បទបង្ហាញស្តីពីដំណើរការនៃការទម្លាក់មូលនិធិថវិកាអភិវឌ្ឍន៍របស់ឃុំ សង្កាត់ពីថ្នាក់ជាតិ​មកថ្នាក់​ក្រោម​ជាតិ ដោយតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បទបង្ហាញស្តីពីការទូទាត់ និងកិច្ចបញ្ជីការ​គណៈនេយ្យ ដោយតំណាងរតនាគារខេត្ត ការបង្ហាញបទពិសោធន៍អំពីការរៀបចំបែបបទឯកសារ និងការទូទាត់ថវិកា គ.ក.ន.ក ដោយលោក វ៉ា ម៉ុន្ថា ស្មៀនឃុំព្រៃតូច និងលោក កង លឹមប៉ូ ស្មៀនឃុំស្លាកែត ព្រមទាំងមានការបង្ហាញបទពិសោធន៍អំពីការអនុវត្តផែនការសកម្មភាពគ.ក.ន.ក ដោយលោកស្រី ឡា ផាត់ អ្នកទទួលបន្ទុកការងារស្ត្រី និងកុមារ ឃុំបួរ និងលោកស្រី មាស ផល្លី អ្នកទទួលបន្ទុកការងារស្ត្រី និងកុមារឃុំបឹងប្រាំ ការបង្ហាញបទពិសោធន៍អំពី ការធ្វើផែនការអភិវឌ្ឍន៍ និងផែនការថវិការបស់របស់ឃុំ ដោយលោក សេង យី ប្រធានក្រុមប្រឹក្សាឃុំព្រែកនរិន្ទ និងលោកស្រី ទួន សាវន ប្រធានក្រុមប្រឹក្សាឃុំកំពង់ព្រះ ៕

អត្ថបទ និងរូបភាពៈនាយកដ្ឋានព័ត៌មាន

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦