គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ពិធីបិទអង្គវេទិការថ្នាក់ខេត្តស្តីពី "ព្រឹទ្ធសភា និងការលើកកម្ពស់ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រ" នៅខេត្តត្បូងឃ្មុំ
2014-09-12 09:24:16

នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ឈិត គឹមយាត អនុប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាអនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជីញជាអធិបតីក្នុង ពិធីបិទអង្គវេទិកាថ្នាក់ខេត្តស្តីពី "ព្រឹទ្ធសភា និងការលើកកម្ពស់ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រ"។
ថ្លែងក្នុងពិធីបិទអង្គវេទិកា ឯកឧត្តម ឈិត គឹមយាត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលជោគជ័យជាវិជ្ជមានយ៉ាងច្រើនរបស់អង្គវេទិកា ដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម ដើម្បីរួមគ្នាប្រមូលផ្តុំ គំនិតយោបល់បទពិសោធន៍ល្អៗដ៏មានតម្លៃនិងគុណប្រយោជន៍សម្រាប់ជាមូលដ្ឋានក្នុងការបំពេញការងាររបស់យើងឲ្យបានកាន់តែល្អប្រសើរ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា អង្គវេទិកានេះពិតមានជាមានសារសំខាន់ណាស់ ក្នុងការចែករំលែកមតិយោមតិអនុសាសន៍ តាមរយៈការធ្វើបទបង្ហាញពីសំណាក់វាគ្មិនជំនាញៗ ដែលផ្តោតសំខាន់លើការងារតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ការអនុវត្ត គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ ការបញ្ជ្រាបយេនឌ័រ។ ជាមួយគ្នានេះ ការធ្វើបទអន្តរាគមន៍ របស់តំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ បានផ្តល់លទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ក្នុងការប្រមូលផ្តុំបញ្ហាជាក់ស្តែងដែលជាកង្វល់ ឬជាសំណូមពរនានា ដើម្បីរួមគ្នាដោះស្រាយ ព្រមទាំងបានចែករំលែកបទពិសោធន៍ជាគ្នាទៅវិញទៅមក។
ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ថា នៅពេលដែលការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យត្រូវបានពង្រីក និងចាក់ឬសកាន់តែជ្រៅនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈក្របខណ្ឌអភិបាលកិច្ចល្អ ពេលនោះបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការកសាងផែនការ និងអភិវឌ្ឍន៍មូលដ្ឋានដូចដែលអង្គវេទិកាបានបង្ហាញកន្លងមកនេះនឹងត្រូវបាន ដោះស្រាយឬកាត់បន្ថយជាបណ្តើរៗពិសេសដើម្បីជំរុញល្បឿន អភិវឌ្ឍន៍មូលដ្ឋាននិងកាត់បន្ថយភាពក្រីក្រកាន់តែមានប្រសិទ្ធភាព។

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦