គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាត់ លឿម អញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីការស្វែងយល់អំពីការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រ
2014-09-08 01:17:11

នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តប៉ៃលិន ឯកឧត្តម ឆាត់ លឿម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីការស្វែងយល់អំពីការអនុវត្ត គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ តំណាងក្រសួង មន្ទីរជំនាញជុំវិញខេត្ត និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ខេត្តប៉ៃលិន។
ថ្លែងក្នុងឱកាសបិទវេទិកា ឯកឧត្តម ឆាត់ លឿម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានមានប្រសាសន៍ថា ឆ្លងតាមកិច្ចដំណើរការរយៈពេលមួយថ្ងៃ ដែលពោរពេញទៅដោយកម្មវិធីមមាញឹកនេះ សូមវាយតម្លៃខ្ពស់ចំពោះលទ្ធផល ជាវិជ្ជមានយ៉ាងច្រើនរបស់អង្គវេទិកា ដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមយ៉ាងសកម្មដោយគ្មានខ្លាចនឿយហត់ ដើម្បីរួមគ្នាប្រមូលផ្តុំគំនិតយោបល់ ចំណេះដឹង និងបទពិសោធន៍ល្អៗដ៏មានតម្លៃជាគុណប្រយោជន៍សម្រាប់ជាមូលដ្ឋានក្នុងការបំពេញ ការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យបានកាន់តែល្អប្រសើរឡើង។
ឯកឧត្តម បានបន្តមានប្រសាសន៍ទៀតថា តាមរយៈមតិយោបល់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងសមាជិក សមាជិកានៃអង្គវេទិកា បានផ្តល់លទ្ធផលល្អជាផ្លៃផ្កាយ៉ាងច្រើន ដោយបានប្រមូលផ្តុំបញ្ហាជាក់ស្តែងដែលជាកង្វល់ ឬសំណូមពរនានា ដើម្បីរួមគ្នាស្វែងយល់ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ជួយដល់កិច្ចអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យមានការរីកចម្រើនថែមទៀតស្រមតាមបរិបទកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៥រដ្ឋសភា។
ឯកឧត្តម បានមានប្រសាសន៍សំណូមពរដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ និងអាជ្ញាធរពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់ធ្វើការសម្របសម្រួលសហការគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីអនុវត្តន៍ការងារឲ្យបានកាន់តែល្អ ប្រសើរឡើង សម្រាប់ជាប្រយោជន៍ជាតិយើងទាំងអស់គ្នា ហើយជាពិសេសជាងនេះទៅទៀត កត្តាសាមគ្គី និងសេចក្តីព្យាយាមរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការគោរពច្បាប់បទដ្ឋានគតិយុត្ត និងគោលនយោបាយនានា ឲ្យមានការយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងការរៀនសូត្រដកបទពិសោធន៍ល្អពីគ្នាទៅវិញទៅមក គឺជាកត្តាគន្លឹះក្នុងការពង្រឹង និងពង្រីកកិច្ចអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន៕

អត្ថបទ និងរូបភាព នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦