គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប៊ូ ថង ធ្វើបទបង្ហាញដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងសហគមន៍ ក្នុងដំណើរទស្សនកិច្ចសិក្សា នៅវិមានព្រឹទ្ធសភា
2014-06-16 00:52:32

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ នៅសាលសិក្ខាសាលាបណ្ណាល័យ ​ព្រឹទ្ធសភា ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញ​ស្តីពីរចនា​សម្ព័​ន្ធ​​ តួនាទី ភារកិច្ច ជូនក្រុម​ប្រឹក្សាឃុំ សង្កាត់ និងតំណាងសហគមន៍ ចំនួន២៨នាក់ មកពីខេត្ត​កំពង់ធំ ដែលបាន​ អញ្ជើញមកទស្សនកិច្ចសិក្សា នៅវិមានព្រឹទ្ធសភា។
ក្នុងឳកាសធ្វើបទបង្ហាញ ស្តីពីសមិទ្ធផលការងាររបស់សម័្ពន្ធភាពជាតិឃុំ សង្កាត់ ឯក​ឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិ ឃុំ សង្កាត់ បានលើកឡើងថា សម្ព័ន្ធភាពជាតិឃុំ សង្កាត់ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និង​សម្រេចបាននូវរដ្ឋបាលប្រជាធិបតេយ្យ និងតាមបែបវិមជ្ឈការ ដែលមានប្រសិទ្ធភាព មាន​និរន្តរ​​ភាព មានតម្លាភាព មានគណនេយ្យភាព និងមានការពឹងផ្អែកលើខ្លួនឯង។
ដោយឆ្លងតាមការអនុវត្តការងារនាពេលកន្លងមក​ សម្ព័ន្ធភាពជាតិឃុំ សង្កាត់ សម្រេច បាន​​សមិទ្ធផលមួយ​ចំនួន​ដូច​ជា​ ៖ ទី១-ការប្រមូលផ្តុំសម្លេងឯកភាពជាយន្តការ​តំណាងឲ្យក្រុម​ប្រឹក្សាឃុំ សង្កាត់ នៅទូទាំង​​​ប្រទេស ដែលជាសមាជិករបស់សម្ព័ន្ធភាពជាតិ ទី២-ការរក​ឃើញ​បញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងការអនុវត្តគោល​នយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល​​ ទី៣-ការចូលរួមជាសម្លេងរបស់​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងយន្តការផ្សេងៗរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ទី៤-​វត្តមាន​របស់​តំណាងសម្ព័ន្ធភាពជាតិ ឃុំ សង្កាត់ នៅក្នុងគណៈកម្មាធិការកំណែទម្រង់នានា​របស់រាជ​រដ្ឋា​ភិបាល ទី៥-ការចូលរួមចំណែក នៅក្នុងការរៀបចំកម្មវិធីជាតិរយៈពេល១០ឆ្នាំ​​​​​ ទី៦-ការដោះ​ស្រាយសំណូមពរ និងតម្រួវការរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ជាសមាជិក ទី៧-ការចូលរួមនៅ​ក្នុងយន្តការអន្តរជាតិ ទី៨-កិច្ចសហប្រតិបត្តិការល្អជាមួយនឹងក្រសួង ស្ថាប័នផ្សេងៗ របស់រាជ​រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ទី៩-ការដាក់ចេញផែនការយុទ្ធសាស្ត្រថ្មីរយៈពេល៥ឆ្នាំ (២០១១-២០១៥)​​ ទី១០-ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលក្នុងការអនុវត្តអនុកម្មវិធីមួយ នៅ​​ក្នុងផែនការអនុវត្តបីឆ្នាំដំបូងនៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ​​ សម្រាប់ការអភិវឌ្ឍ​តាមបែប​ប្រជា​ធិបតេយ្យ នៅថ្នាក់​ក្រោមជាតិ។
ក្នុងឱកាសធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា ឯកឧត្តម ប៊ូ ថង ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានលើកឡើងថា ព្រឹទ្ធសភាមានតួនាទីធ្វើឲ្យ​អំណាច​រដ្ឋមានតុល្យភាព និងប្រព្រឹត្តទៅបានល្អប្រសើរសំដៅការការពារមូលដ្ឋានគ្រឹះ​នៃរដ្ឋ​ធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងសិទ្ធិសេរីភាពរបស់​ប្រជាពល​រដ្ឋគ្រប់មជ្ឈដ្ឋាន។ ព្រឹទ្ធសភាមានមុខងារចំនួនបី គឺទី១-មុខងារនីតិកម្ម​ ទី២-មុខងារ​ត្រួតពិនិត្យ ទី៣-មុខងារជាតំណាង ជាមួយគ្នានោះ ព្រឹទ្ធសភាមានមុខងារសំខាន់មួយទៀត គឺ​ការ​​រួមវិភាគ ទាន​​នៅក្នុងដំណើរការស្ថិរភាពភាវូបនីយកម្ម ជីវភាពនយោបាយរបស់ជាតិ ដែល​ជា​​ស្នូលនៃ​ការពង្រឹងពង្រីកនយោបាយបង្រួបបង្រួម ផ្សះផ្សារជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិ​ឲ្យមានការ​រីក​​ចម្រើន និងសម្បូណ៌សប្បាយ។ លើកឡើងបន្តថា បានឆ្លងតាមរយៈការ​សហការ​ជាមួយ​នឹង​សម្ព័ន្ធភាពជាតិឃុំ សង្កាត់  ឆ្លងតាមការរៀបចំ​វេទិកា តាមបណ្តាភូមិភាគទាំង៨​ព្រឹទ្ធ​សភា មាន​​​អត្ត​​សញ្ញាណច្បាស់លាស់ មានភាពចាស់ទុំ និងមាន​បទពិសោធន៍ច្រើនជាងមុន ហើយ​​បាន​​បង្ហាញពីតួនាទី និងមុខងាររបស់ខ្លួនជូនដល់​ក្រុម ប្រឹក្សាឃុំ សង្កាត់ ដែលជា​ម្ចាស់​ឆ្នោតកាន់​តែច្បាស់លាស់ជាងមុន​​ថែម​ទៀត។ ហើយតាម​រយៈ​​ការរៀបចំវេទិកានានា ជាមួយ​នឹង​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ក៏បានរកឃើញ នូវការលំបាក​និងបញ្ហាប្រឈម ជាមួយនឹង​ដំណោះ​ស្រាយ​ផង​ដែរ​។
បន្តទៀតថា តាមរយៈសមិទ្ធផលទាំងនេះ បានស្តែងចេញអំពីការចូលរួមយ៉ាងសកម្ម​របស់​​​​​ព្រឹទ្ធសភា ក្នុងការរួមចំណែកក្នុងការជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហ​មជ្ឈការ នៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕


រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន


 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦